ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើ​ដំណើរ​មក​លេង​កម្សាន្តផ្លូវ​ថ្មើរជើង Walk Street គួរតែ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ ក៏​ដូច​ជា​ស្នើ​ដល់​សាធារណជន ជា​ពិសេស ភ្ញៀវ​ទេសចរ​ជាតិ…

រាជធានី​ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ ក៏​ដូច​ជា​ស្នើ​ដល់​សាធារណជន ជា​ពិសេស ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សូម​ងាក​មក​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ចំពោះ​ការ​ដែល​អញ្ជើញ​មក​លេង​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង ឬ​Walk Street ដែល​នឹង​បើក​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ​តទៅ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ (​ចាប់ពី​ផ្លូវ​លេខ​៩៤ រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង​) ។

ការ​អំពាវនាវ​របស់​អ្នកនាំពាក្យ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បើក​ដំណើរការ​សាកល្បង នូវ​ទីតាំង​កម្សាន្ត ដែល​ហៅ​ថា ផ្លូវ​ថ្មើ​ជើង ឬ Walk Street ដែល​ជា​ការ​រៀបចំ​ឱ្យ​មានការ​លក់ដូរ ចំណីអាហារ និង​លេង​កម្សាន្ត​ជាមួយ​ការ​រៀបចំ​ប្លែក​ៗ​ជា​ច្រើន​ទៀត សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នឹង​ចាប់ផ្តើម​នៅ​រៀង​រាល់​ម៉ោ​៦​ល្ងាច ដល់​ម៉ោង​១១​យប់ រាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ តទៅ ។

លោកស្រី ដោ សម្ផស្ស បាន​លើក​ឡើង​ថា កំណាត់​ផ្លូវ ដែល​ត្រូវ​បិទ គឺ​មាន​ចាប់ពី​កំណាត់​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​កែង​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​កែង​វិ​ថី ឧកញ៉ា ឈុ​ន (​ផ្លូវ​លេខ​២៤០) ប្រវែង ១.៩៣៥​ម៉ែត្រ និង​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង ១១​យប់ ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ទាំងអស់ ។

លោកស្រី​បន្ត​ថា នៅ​ជុំវិញ​បរិវេណ​នេះ គឺ​យើង​នឹង​រៀបចំ​ឱ្យ​មានការ​លក់ដូរ ឱ្យ​មាន​សណ្តាប់ធ្នាប់​រៀបរយ​ល្អ មិន​ឱ្យ​មានការ​លក់​រញ៉េរញ៉ៃ​លើ​ដងផ្លូវ​នេះ​ទេ ។ រដ្ឋបាល​រាជធានី​ភ្នំពេញ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​សហការ និង​យោគយល់ អធ្យាស្រ័យ បើសិនជា​មានការ​រំខាន​ដោយ​ការ​បិទផ្លូវ​ណាមួយ ដែល​កើតឡើង​នៅ​ចន្លោះ​ម៉ោង​នេះ ។

លោកស្រី បញ្ជាក់​ថា “​រដ្ឋបាល​រាជធានី​ភ្នំពេញ សំណូមពរ​ជូន​ចំពោះ​ប្រជាពលរដ្ឋ មាន​បំណង​មក​ដើរ​លេង​ក​ម្សា​ន្ត្រ នៅ​តាម​ដង​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ នៅ​ថ្ងៃ ដែល​យើង​បើក​ដំណើរការ​នេះ គឺ​សុំ​សំណូមពរ​ឱ្យ​គាត់​ប្រើប្រាស់​មធ្យោបាយ ដឹក​ជញ្ជូន​សាធារណៈ តាម​មធ្យោបាយ​ណា​ក៏​បាន ដោយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​មធ្យោបាយ​ឯកជន​” ។

សូម​បញ្ជាក់​តម្រាយ​ផ្លូវ ដែល​ត្រូវ​បិទ​ចរាច ឬ​ពង្វាង​សម្រាប់​បើក​ដំណើរការ ផ្លូវ​ថ្មើរជើង ឬ​Walk Street នេះ មាន​ដូច​ជា ៖
១-​បិទ​កំណាត់​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​កែង​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​កែង​វិ​ថី ឧកញ៉ា​ឈុ​ន​(​ផ្លូវ​លេខ​២៤០) ប្រវែង​១.៩៣៥​ម៉ែត្រ
២-​បិទ​កំណាត់​វិ​ថី​កាត់​ទទឹង ចាប់ពី​កែង​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ដល់​កែង​មហាវិថី​ព្រះ​នរោត្តម រួម​មាន​៖
វិ​ថី​ព្រះ​អង្គ​ន​ន្ទ (​ផ្លូវ​លេខ​១០២), រុក្ខវិថី​ព្រះ​មហាក្សត្រី​យា​នី​កុសុមៈ (​ផ្លូវ​លេខ​១០៦), រុក្ខវិថី ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហូ​វ (​ផ្លូវ​លេខ​១០៨), វិ​ថី​ព្រះ​អង្គឌួង (​ផ្លូវ​លេខ​១១០), វិ​ថី​ក្រឡាហោមគង់ (​ផ្លូវ​លេខ​១១៨), រុក្ខវិថី​ខេមរៈភូមិន្ទ (​ផ្លូវ​លេខ​១៣០), វិ​ថី​ឧកញ៉ា អ៊ុ​ន (​ផ្លូវ​លេខ​១៣៦), វិ​ថី ព្រះ​អង្គ​ហស្ស​កណ្ឌ (​ផ្លូវ​លេខ​១៤៤), កំណាត់​វិ​ថី​ឧកញ៉ា​អ៊ុ​ក លន់ (​ផ្លូវ​លេខ​១៤៨) និង​វិ​ថី តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ​១៥៤)
៣-​បិទ​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤), វិ​ថី​ឧកញ៉ា សន្ធរ​ម៉ុ​ក​(​ផ្លូវ​លេខ​៩៨)​ចាប់ពី​កែង​តីរវិថី ព្រះ​ស៊ី​សុវត្ថិ ដល់​កែង​វិ​ថី​ព្រះ​អង្គ​យុគន្ធរ (​ផ្លូវ​លេខ​១៩)
៤-​បិទ​វិ​ថី​ព្រះ​អង្គ​មគ្គ​វណ្ណ (​ផ្លូវ​លេខ​១៧៨) ចាប់ពី​ផ្នែក​ខាងកើត​នៃ​វិ​ថី​ព្រះ​អង្គអេង (​ផ្លូវ​លេខ​១៣) រហូត​ដល់​កែង​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ
៥-​មហាវិថី​សម្តេច​សុធារស បិទ​ចាប់ពី​កែង​វិ​ថី​តេ​ជោ​ដំ​ឌិន (​ផ្លូវ​លេខ​១៥៤) ដល់​កែង​វិ​ថី​ឧកញ៉ា ឈុ​ន (​ផ្លូវ​លេខ​២៤០) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ