រាជធានីភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៥តទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋ
មន្ត្រីក្រសួងមហាផ្ទៃបានកំណត់គោលការណ៍ក្របខណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃដោយទុកសម្រាប់ថ្នាក់ជាតិតែ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ គឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈស៊ីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត គឺដោយយោងទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទីភារកិច្ចបម្រើសេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ។
សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា លោកបណ្ឌិតអ្នកនាំពាក្យរងបានបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងផ្ដោតលើការពង្រឹងគុណភាពមន្ត្រីដែលមានស្រាប់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយជំរុញទាំងការបណ្ដុះបណ្ដាលផ្ទៃក្នុងតាមអង្គភាពនីមួយៗ និងកម្មវិធីអប់រំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទនៃការងារឌីជីថល ។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៥ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសអំពីលទ្ធផលនៃការប្រឡងក្របខណ្ឌនគរបាលជាតិបំពេញជួសដោយក្នុងចំណោមបេក្ខជនសរុបមានបេក្ខជនប្រឡងជាប់ប្រមាណ៧០០ នាក់ សម្រាប់ក្របខណ្ឌនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ដែលស្ថិតក្នុងមូលដ្ឋានកំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀតនៅតាមអធិការដ្ឋាន និងស្នងការដ្ឋាននគរបាល ។
នេះជាសមិទ្ធផលថ្មីមួយនៃការពង្រាយធនធានមនុស្សដែលជាកូនចៅប្រជាពលរដ្ឋទៅដល់មូល ដ្ឋានប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕
ចែករំលែកព័តមាននេះ