ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ដាយ​រវល់​ដកស្មៅ​បន្លែ អគ្គិភ័យ​ឆេះ​តូប​លក់ដូរ ស្លា​.​ប់​​កូន២​នាក់

10 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កុមា​រ​ប្រុសស្រី​០២​នាក់​បងប្អូន​ ត្រូវ​បាន​អគ្គិភ័យ​ឆក់​យក​ជីវិត​យ៉ាង​អាណោចអាធ័ម​​បំផុត ជាមួយនឹង​អីវ៉ាន់​ចាប់ហួយ​នៅ​ក្នុង​តូប​លក់ដូរ ពេល​ពួក​គេ​កំពុង​ដេក​លក់ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣០ មក​រា ស្ថិត​នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន…

ខេត្តបាត់ដំបង ៖ កុមា​រ​ប្រុសស្រី​០២​នាក់​បងប្អូន​ ត្រូវ​បាន​អគ្គិភ័យ​ឆក់​យក​ជីវិត​យ៉ាង​អាណោចអាធ័ម​​បំផុត ជាមួយនឹង​អីវ៉ាន់​ចាប់ហួយ​នៅ​ក្នុង​តូប​លក់ដូរ ពេល​ពួក​គេ​កំពុង​ដេក​លក់ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣០ មក​រា ស្ថិត​នៅ​ភូមិ​អង់​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខណៈ​ដែល​ម្ដាយ​កំពុង​ជាប់ដៃ​រវល់​ធ្វើ​ស្មៅ​ដំណាំ តាម​ទម្លាប់​ដែល​គាត់​ធ្វើ​នៅ​ពេល​រាត្រី ។

តាម​រយៈ​របាយការណ៍​ការិយាល័យ​ពន្លត់​អគ្គិភ័យ​បានឱ្យ​ដឹង​ថា ក្មេង​​​ដែល​ស្លាប់​ក្នុង​អណ្ដាតភ្លើង​ក្នុង​តូប​លក់ដូរ​នោះ ម្នាក់​ឈ្មោះ ស៊ី​ថា សាវ​ឌី ភេទស្រី អាយុ​១២​ឆ្នាំ (​បង​) និង​ម្នាក់​ទៀត​ឈ្មោះ ស៊ី​ថា សុវណ្ណ​ដា ភេទប្រុស អាយុ​០៥​ឆ្នាំ (​ប្អូន​) រីឯ​ម្ដាយ​ឈ្មោះ ហ៊ុន សុ​គ​ន្ធី អាយុ​៤០​ឆ្នាំ តែ​ស្វាមី​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ។

​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ប្រាប់​ថា អគ្គិភ័យ​ដ៏​កាច​សាហាវ​នោះ បាន​ឆេះ​តូប​លក់​ចាប់ហួយ​របស់​ជន​រង​គ្រោះ ដែល​ធ្វើ​អំពី​ឈើ​ប្រក់ និង​ជញ្ជាំង​ស័ង្កសី មាន​ទំហំ០៥​ម៉​x១២​ម៉ បាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ។ លោក​បាន​និយាយ​ថា នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង កូនប្រុស​ស្រី​ទាំង​០២​នាក់ បាន​ដេក​ក្នុង​តូប​លក់ដូរ ដែល​មាន​ទំនិញ​ជា​ច្រើន​មុខ ថែម​ទាំង​មាន​ប៊ីដុង​សាំង និង​ហ្គា​ស​ផង ។

លោក​ថា ក្រោម​រៀបចំ​ឲ្យ​កូន​ៗ​ចូល​ដេក​ក្នុង​តូប គាត់​បាន​ចាក់សោ​ពី​ខាងក្រៅ រួច​ហើយ​គាត់​ចេញ​ទៅ​ធ្វើ​ស្មៅ​ដំណាំ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​១៥០​ម៉ែត្រ ដែល​ជា​ទម្លាប់​របស់​គាត់​ធ្វើ​ពេល​យប់ ។ លុះ​មាន​អគ្គិភ័យ​កើតឡើង ទើប​គាត់​រត់​មក​ផ្ទះ ខណៈ​កូនទាំង​០២​នាក់ កំពុង​ត្រូវ​អគ្គិភ័យ​ប្រឹង​លេប​
យក​ជីវិត​ពួក​គេ​យ៉ាង​រន្ធត់​ជាមួយនឹង​អីវ៉ាន់​ចាប់ហួយ ។

អ្នក​ភូមិ​បាន​ព្យាយាម​ចេញ​ជួយ​អន្តរាគមន៍ រីឯ​រថយន្ត​ពន្លត់​អគ្គិភ័យ មិន​អាច​ចេញ​ទៅ​ជួយ​សង្គ្រោះ ឬ ទប់ស្កាត់​បាន​ទាន់​ពេល​ទេ ព្រោះ​វា​ឆេះ​លឿន​ពេក ។ បើ​តាម​ការ​ស្រង់​សម្ដី​ពី​ម្ដាយ​ជន​រង​គ្រោះ អ្នកស្រី ហ៊ុន សុ​គ​ន្ធី បាន​ផ្ដល់​ព័ត៌មាន​បឋម​ជូន​សមត្ថកិច្ច​ថា ជា​រៀង​រាល់​យប់ ក្រោយ​ពី​រៀបចំ​ឲ្យ​កូន​​ទាំង​០២​នាក់​ចូល​ដេក​ក្នុង​តូប​លក់ដូរ គាត់​តែង​ចេញ​ទៅ​ធ្វើ​ស្មៅ​ដំណាំ​ខាងក្រោយ​ផ្ទះ ព្រោះ​ធ្វើ​ពេល​យប់​ត្រជាក់​ស្រួល ម្យ៉ាង​ពេល​ថ្ងៃ​ជាប់​លក់ដូរ​គ្មាន​ពេល​ធ្វើ​ស្មៅ​ទេ ។

សមត្ថកិច្ច​បាន​ស្រង់​សម្ដី​ជន​រង​គ្រោះ​ទៀត​ថា នៅ​ម៉ោង​កើតហេតុ គាត់​គ្រាន់តែ​បានឮ​សម្លេង​ផ្ទុះ​នៅ​ឯក​ផ្ទះ​គាត់ លុះ​គាត់​ងាក​មើល ស្រាប់តែ​មាន​ភ្លើង​ឆេះ​តូប​លក់​អីវ៉ាន់ ឃើញ​តែ​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​។ គាត់​បានរ​ត់ទៅ​មើល និង​ព្យាយាម​ចូល​ជួយ​កូន​ៗ​របស់​គាត់ ដែល​កំពុង​ស្ថិត​ក្នុង​អណ្ដាតភ្លើង​យ៉ាង​ខ្លោចផ្សា ។ ប៉ុន្តែ​មិន​អាច​ចូល​ទៅ​កៀក ឬ​មាន​មធ្យោបាយ​ចូល​ជួយ​កូន​ៗ​ឡើយ បាន​ត្រឹម​ឈរ​ស្រែកយំ​ផង ស្រែកហៅ​ឲ្យ​គេ​ជួយ​ផង ។ ទីបំផុត ជីវិត​កូន​ទាំង​០២​នាក់ ត្រូវ​ស្លាប់​យ៉ាង​រន្ធត់​ក្នុង​អណ្ដាតភ្លើង ជាមួយនឹង​អីវ៉ាន់​គ្រប់មុខ​នៅ​ក្នុង​តូប ។

បើ​តាម​របាយការណ៍​អធិការ​ស្រុក​ថ្មគោល ដែល​បាន​សួរនាំ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​តូប​លក់អីវ៉ាន ក្រៅពី​អីវ៉ាន់​ចាប់ហួយ​គ្រប់មុខ មាន​ម៉ូតូ​០១​គ្រឿង ម៉ាស៊ីនបូមទឹក​០១​គ្រឿង សាំង​០២​ប៊ីដុង កំប៉ុង​ហ្គា​ស​ជា​ច្រើន​ទៀត ដែល​គាត់​ដាក់​លក់​ក្នុង​តូប ។ ជា​រៀង​រាល់​យប់ កូន​​គាត់​ទាំង​០២​ដេក​នៅ​ក្នុង​តូប​នោះ ហើយ​គាត់​ចាក់សោ​ទ្វារ​ខាងក្រៅ មុន​ពេល​គាត់​ចេញ​ទៅ​ធ្វើ​ស្មៅ​ដំណាំ ខណៈ​ស្វាមី​គាត់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ យូរ​ៗ​ទើប​មក​ស្រុក​ម្ដង ។

ជុំវិញ​អគ្គិភ័យ ដែល​បាន​ផ្ដាច់ផ្ដិល​ជីវិត​មនុស្ស​០២​នាក់ យ៉ាង​កាច​សាហាវ​នេះ លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោល​បាន​ប្រាប់​ថា ពេល​យប់​កូន​ៗ​ចូល​ដេក ម្ដាយ​បាន​បើកភ្លើង​បំភ្លឺ តែ​មិន​បើក​កង្ហា​ទេ​។ លោក​បាន​សួរនាំ​ជន​រង​គ្រោះ​យ៉ាង​ល្អិតល្អន់​អំពី​ចំណុច​នេះ ហើយ​ជន​រង​គ្រោះ ក៏​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អគ្គិភ័យ​នេះ ទំនង​អាច​បង្ក​ឡើយ​ដោយ​ការ «​ទុ​ស្សេ​ខ្សែភ្លើង​»​។ ហើយ​ពេល​អគ្គិភ័យ​ឆេះ​ពេញបន្ទុក ហើយ​ឆេះ​កាន់តែ​ខ្លាំង​នៅ​ពេល​ឆេះ​ប៊ីដុង​សាំង និង​ផ្ទុះ​កំប៉ុង​ហ្គា​ស ។ សូ​ម្បី​តែ​រថយន្ត​ពន្លត់អគ្គីភ័យ ក៏​មិន​អាច​ជួយ​ទាន់​ពេល​ដែរ ព្រោះ​ភ្លើង​ឆេះ​លឿន ហើយ​ការ​ផ្ដល់​ព័ត៌មាន​មានការ​យឺតយ៉ាវ​។ ពេល​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ បាន​និង​កំពុង​ចុះ​ពិនិត្យ​ចំណុច​កើតហេតុ និង​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​ជន​រង​គ្រោះ ។

សូម​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​០១ មក​រា រហូត​ដល់​ថ្ងៃ​ទី​៣០ មក​រា ដើមឆ្នាំ​២០២៥ នេះ នៅ​ក្នុង​ខេត្តបាត់ដំបង អគ្គិភ័យ​បាន​កើតឡើង​ចំនួន​១២​លើក​ជា​បន្តបន្ទាប់ ។ អគ្គិភ័យ​ដែល​បាន​កើតឡើង​នេះ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ ឆេះ​ចម្ការ​ស្វាយ​រាប់​សិប​ហិ​កតា ឆេះ​តូប​លក់ទំនិញ ។​ល​។ ក្រៅពី​ខូចខាត​ផ្ទះសម្បែង​ជា​ច្រើន​ខ្នង តូប​លក់​អីវ៉ាន់​ប៉ុន្មាន​តូប និង​ដំណាំ​ស្វាយ​រាប់​ម៉ឺន​ដើម អគ្គិភ័យ​ដ៏​កាច​សាហាវ​នា​ខែមករា ដើមឆ្នាំ​នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​០៣​នាក់​ហើយ ។

ដូច្នេះ ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​អគ្គិភ័យ «​ភ្លើង​ធូប ភ្លើងទៀន ភ្លើង​ច​ង្គ្រា​ន និង ខ្សែភ្លើង​ដែល​ត​រញ៉េរញ៉ៃ​នៅ​ក្នុងផ្ទះ​» គូរ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ មុន​ពេល​ចាក​ចេញពីផ្ទះ ព្រោះ​នេះ​ជា​រដូវក្ដៅ ដែល​អគ្គិភ័យ ងាយ​នឹង​កើតឡើង​ដោយ​យថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ