រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើង (Walk Street) នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោង ដូចបានជម្រាបជូនខាងលើ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង ៖
១-បិទកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថី ឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ប្រវែង ១.៩៣៥ម៉ែត្រ ។
២-បិទកំណាត់វិថីកាត់ទទឹង ចាប់ពីកែងតីរវិថីព្រះស៊ីសុវត្ថិ ដល់កែងមហាវិថីព្រះនរោត្តម រួមមាន ៖
វិថីព្រះអង្គនន្ទ (ផ្លូវលេខ១០២), រុក្ខវិថីព្រះមហាក្សត្រីយានីកុសុមៈ (ផ្លូវលេខ១០៦), រុក្ខវិថី ឧកញ៉ា អ៊ឹង ប៊ុនហូវ (ផ្លូវលេខ១០៨), វិថីព្រះអង្គឌួង (ផ្លូវលេខ១១០), វិថីក្រឡាហោមគង់ (ផ្លូវលេខ១១៨), រុក្ខវិថីខេមរៈភូមិន្ទ (ផ្លូវលេខ១៣០), វិថីឧកញ៉ា អ៊ុន (ផ្លូវលេខ១៣៦), វិថី ព្រះអង្គហស្សកណ្ឌ (ផ្លូវលេខ១៤៤), កំណាត់វិថីឧកញ៉ាអ៊ុក លន់ (ផ្លូវលេខ១៤៨) និងវិថី តេជោដំឌិន (ផ្លូវលេខ១៥៤) ។
៣-បិទវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤), វិថីឧកញ៉ា សន្ធរម៉ុក (ផ្លូវលេខ៩៨) ចាប់ពីកែងតីរវិថី ព្រះស៊ីសុវត្ថិ ដល់កែងវិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) ។
៤-បិទវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ចាប់ពីផ្នែកខាងកើតនៃវិថីព្រះអង្គអេង (ផ្លូវលេខ១៣) រហូតដល់កែងតីរវិថីព្រះស៊ីសុវត្ថិ ។
៥-មហាវិថីសម្តេចសុធារស បិទចាប់ពីកែងវិថីតេជោដំឌិន (ផ្លូវលេខ១៥៤) ដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) ។
ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយកំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីកែងវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់កែងវិថីឧកញ៉ា ឈុន (ផ្លូវលេខ២៤០) និងនៅតាមបណ្តោយវិថីព្រះអង្គអេង (ផ្លូវ លេខ១៣) ដល់កែងវិថីព្រះអង្គមគ្គវណ្ណ (ផ្លូវលេខ១៧៨) ត្រូវយកយានជំនិះរបស់បងប្អូនចេញពីតំបន់ថ្មើរជើង ឱ្យបានមុនពេលដែលបានកំណត់ខាងលើ ដើម្បីសម្រួលដល់ការដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ ។
ជាមួយគ្នានេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងមកដើរកម្សាន្ត សូមមេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ ជំនួសឱ្យការប្រើប្រាស់មធ្យោបាយ ផ្ទាល់ខ្លួន ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តតាម ខ្លឹមសារខាងលើនេះ ដើម្បីញ៉ាំងឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើងអាចប្រព្រឹត្តទៅបានរលូន និងជោគជ័យ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌចំការមន មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ចែករំលែកព័តមាននេះ