ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​កម្ពុជា​ដែល​កាលពី​ឆ្នាំ​២០២៤ អាច​នាំ​ចេញ​បាន​កំណើន​ដល់​ទៅ​ជាង​១៣១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣ ហើយ​នៅ​ឆ្នាំ​នេះ​អាច​នឹង​បន្ត​មាន​កំណើន​បន្ថែម​ទៀត ខណៈ​ដែល​មាន​សេចក្តីរាយការណ៍​ថា ទិន្នផល​ម្រេច​ពិភពលោក ឆ្នាំ​២០២៥ អាច​នឹង​មានការ​ថយ​ចុះ ដោយ​ធ្វើ​អោយ​ម្រេច​ឡើងថ្លៃ​នៅ​លើ​ទីផ្សារ​ពិភពលោក ។ ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​គយ…

ម្រេច​កម្ពុជា​ដែល​កាលពី​ឆ្នាំ​២០២៤ អាច​នាំ​ចេញ​បាន​កំណើន​ដល់​ទៅ​ជាង​១៣១​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣ ហើយ​នៅ​ឆ្នាំ​នេះ​អាច​នឹង​បន្ត​មាន​កំណើន​បន្ថែម​ទៀត ខណៈ​ដែល​មាន​សេចក្តីរាយការណ៍​ថា ទិន្នផល​ម្រេច​ពិភពលោក ឆ្នាំ​២០២៥ អាច​នឹង​មានការ​ថយ​ចុះ ដោយ​ធ្វើ​អោយ​ម្រេច​ឡើងថ្លៃ​នៅ​លើ​ទីផ្សារ​ពិភពលោក ។

ស្ថិតិ​នៃ​ការ​នាំ​ចេញ​ដែល​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បាន​ឲ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ​កម្ពុជា​អាច​នាំ​ចេញ​ម្រេច​ទៅ​កាន់​ប្រទេស​ទីផ្សារ​អន្តរជាតិ​នៅ​ក្នុង​តម្លៃ​សរុប​៣៥,២៧​លាន​ដុល្លារ​កើនឡើង​ជាង​១៣១​ភាគរយ ធៀប​នឹង​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​២០២៣ ដែល​ការ​នាំ​ចេញ​បាន​តម្លៃ​ត្រឹមតែ​១៥,២៣ លាន​ដុល្លារ​ប៉ុណ្ណោះ ។

តាម​ស្ថិតិ​ដែល​បាន​ទទួល​មិន​បាន​បញ្ជាក់​អំពី​បរិមាណ​នៃ​ផលិតផល​ម្រេច​ដែល​កម្ពុជា​អាច​នាំ​ចេញ​បាន​នោះ​ទេ ។ មក​ដល់​ពេល​នេះ​ទីផ្សារ​ម្រេច​កម្ពុជា​នៅ​តូច​ណាស់ បើ​ធៀប​នឹង​ប្រទេស​ជិតខាង ជា​ពិសេស គឺ​ប្រទេស​វៀតណាម​តែ​ម្តង ទោះបីជា​កម្ពុជា​មាន​សក្តានុពល​នៅ​ក្នុង​ការ​ដាំ​ម្រេច​ក៏​ដោយ ។

ម្រេច​កម្ពុជា​មាន​ទីផ្សារ​ទូលំទូលាយ គឺ​មាន​តែ​ម្រេច​កំពត​ដែល​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​នៅ​ក្រៅប្រទេស​ដូច​ជា កូរ៉េ ចិន ជប៉ុន អឺរ៉ុប អា​មេ​រិ​ក ប៉ុន្តែ​ភាគច្រើន​នៃ​ផលិតផល​ម្រេច​នៅ​ខេត្ត​ផ្សេង​ៗ​ដូច​ជា កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​ភូមិភាគ​ឥ​សាន្ត​វិញ គឺ​ភាគច្រើន នាំ​ចេញ​ទៅ​តែ​វៀតណាម​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​ទីផ្សារ​ម្រេច នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ តាម​ការ​ផ្សាយ​របស់​កាសែត Vietnam News បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ម្រេច​នៅ​លើ​ពិភពលោក​នៅ​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ​ជា ៥,៥​ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​ប្រទេស​ដែល​នាំ​ចេញ​ច្រើន​ជាងគេ គឺ​វៀតណាម ប្រេ​ស៊ី​ល ឥណ្ឌូ​នេ​ស៊ី បូ​គី​ណា​ហ្វា​សូ ។​ល​។

ទិន្នផល​ម្រេច​ទូ​ទាំង​ពិភពលោក នា​ឆ្នាំ​២០២៥ ត្រូវ​បាន​សហគមន៍​ម្រេច​អន្តរជាតិ​ប៉ាន់​ប្រមាណ​ថា វា​អាច​ធ្លាក់​ចុះ​៤% ឬ​២២.០០០​តោន ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ម្រេច​នៅ​ក្នុង​ប្រទេស​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ពិភពលោក គឺ​ប្រទេស​វៀតណាម និង​ប្រេ​ស៊ី​ល ។

សារព័ត៌មាន​នេះ មិន​បាន​លម្អិត​ថា ផលិតផល​ម្រេច​របស់​ប្រទេស​ទាំង​ពីរ​នឹង​ធ្លាក់​ចុះ​ប៉ុន្មាន​ច្បាស់លាស់​នៅទេ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ​នេះ ការ​នាំ​ចេញ​ម្រេច​របស់​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​នាំ​ចេញ​ម្រេច​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​នោះ គឺ​បាន​២៥​ម៉ឺន​តោន​ថយ​ចុះ​៥,១​ភាគរយ បើ​ធៀប​នឹង​បរិមាណ​ម្រេច​ដែល​បាន​នាំ​ចេញ​នៅ​ក្នុង​ឆ្នាំ​២០២៣ ។

ប្រភព​ដដែល​បាន​បន្ត​ថា បរិមាណ​នាំ​ចេញ​ម្រេច​វៀតណាម​ថយ​មែន ប៉ុន្តែ​ការ​ថយ​ចុះ​នេះ បែ​ជា​បង្កើន​នូវ​តម្លៃ​នៃ​ការ​នាំ​ចេញ ។ សព្វ​ថ្ងៃនេះ​ទីផ្សារ​នាំ​ចេញ​ម្រេច​ធំ​បំផុត​របស់​វៀតណាម គឺ​សហរដ្ឋអាមេរិក​ដែល​មាន​បរិមាណ​សរុប​៧២.០០០ តោន ស្មើនឹង​ប្រមាណ​ជា​២៩​ភាគរយ​នៃ​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ​ដូច​ជា ប្រទេស​សហភាព​អា​រ៉ាប់​រួម អា​ល្លឺ​ម៉​ង់ ហូ​ឡង់ និង​ឥណ្ឌា​ជាដើម ។

ពេញ​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ​វៀតណាម​នាំ​ចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​តម្លៃ​ដល់​ទៅ​១,៣​ពាន់​លាន​ដុល្លារ កើនឡើង​ដល់​ទៅ​៤៥,៤ ភាគរយ ហើយ​បើ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ប្រសិនបើ​ទិន្នផល​ម្រេច​នៅ​វៀតណាម​បន្ត​ធ្លាក់​ចុះ​ដូច​ការ​ប៉ាន់​ប្រមាណ​មែន​នោះ តម្លៃ​ម្រេច​នឹង​កាន់តែ​ប្រសើរ ។

ដូច្នេះ កសិករ​ដាំ​ម្រេច នៅ​កម្ពុជា​នឹង​អាច​មាន​ទឹកមាត់​លេប ដោយសារ​តែ​ការ​ឡើងថ្លៃ​ម្រេច​នេះ ។ សង្ឃឹមថា កម្ពុជា​នឹង​កាន់តែ​ផលិត​ម្រេច​បាន​ច្រើន ហើយ​នាំ​ចេញ​ក៏​ច្រើន​សម្រាប់​ប្រយោជន៍​ជាតិ និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ