កម្ពុជានៅពេលនេះបានកំពុងតែគិតគូរនៅក្នុងការអភិវឌ្ឍនូវផែនទីបង្ហាញផ្លូវមួយសម្រាប់កំណត់នូវស្តង់ដាពាណិជ្ជកម្មបៃតង ដើម្បីជំរុញ និងទាញយកចំណែកពាណិជ្ជកម្ម និងវិនិយោគទុនបៃតង ។ ការវិនិយោគបៃតងចង់សំដៅលើការវិនិយោគលើថាមពលកកើតឡើងវិញ កសិកម្មប្រកបដោយនិរន្តភាព ឬបច្ចេកវិទ្យាដែលជួលការពារបរិស្ថាន ខណ:ដែលពាណិជ្ជកម្មបៃតង គឺសំដៅលើការធ្វើពាណិជ្ជកម្មលើផលិតផល…
កម្ពុជានៅពេលនេះបានកំពុងតែគិតគូរនៅក្នុងការអភិវឌ្ឍនូវផែនទីបង្ហាញផ្លូវមួយសម្រាប់កំណត់នូវស្តង់ដាពាណិជ្ជកម្មបៃតង ដើម្បីជំរុញ និងទាញយកចំណែកពាណិជ្ជកម្ម និងវិនិយោគទុនបៃតង ។
ការវិនិយោគបៃតងចង់សំដៅលើការវិនិយោគលើថាមពលកកើតឡើងវិញ កសិកម្មប្រកបដោយនិរន្តភាព ឬបច្ចេកវិទ្យាដែលជួលការពារបរិស្ថាន ខណ:ដែលពាណិជ្ជកម្មបៃតង គឺសំដៅលើការធ្វើពាណិជ្ជកម្មលើផលិតផល និងបច្ចេកវិទ្យាដែលជួយការពារដល់បរិស្ថានជាដើម ។
ផែនការនេះបានត្រូវបង្ហាញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅក្នុងកម្មវិធីសិក្ខាសាលាមួយដែលរៀបចំឡើងស្ថាប័នពាក់ព័ន្ធជាច្រើន ជាពិសេស គឺក្រសួងពាណិជ្ជកម្ម និង អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ផែនទីបង្ហាញផ្លូវនេះនឹងក្លាយជាមគ្គុទ្ទេសក៍ប្រកបដោយភាពជាក់ស្តែង សម្រាប់ការពង្រឹងការត្រៀមខ្លួនលើវិស័យពាណិជ្ជកម្ម និងវិនិយោគដែលផ្តោតលើការលើកកម្ពស់ ការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគស្អាតប្រកបដោយចីរភាព ហើយការដំឡើងកម្រិតខ្សែច្រវាក់តម្លៃ និងការធានាបាននូវច្រកចូលទីផ្សារសម្រាប់ការនាំចេញផលិតផលកម្ពុជា ។
ជាការពិត ការលើកឡើងរបស់លោកស្រី រដ្ឋមន្ត្រី គឺជាសេណារីយ៉ូមួយ ដើម្បីធានានិរន្តភាពនៃទីផ្សារកម្ពុជានៅសហភាពអឺរ៉ុបដែលទំនិញកម្ពុជានឹងអាចអស់ការអនុគ្រោះពន្ធ នៅពេលដែលកម្ពុជារំដោះខ្លួនចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅក្នុងឆ្នាំ២០២៩ ហើយក៏ស្របនឹងចក្ខុវិស័យដែលកម្ពុជាចង់ប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
តើហេតុអ្វីបានជាកម្ពុជាត្រូវការរៀបចំការអភិវឌ្ឍនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅរកស្តង់ដាពាណិជ្ជកម្មបៃតង0x017d7 ចម្លើយ គឺដោយសារតែពាណិជ្ជកម្ម និងការវិនិយោគបៃតង ឬស្អាតនេះវាមានសក្តានុពលធំ ។
តាមអ្វីដែលលើកឡើងនៅក្នុងកិច្ចព្រមព្រៀងបៃតងរបស់សហគមន៍អឺរ៉ុបបានឲ្យដឹងថា គ្រាន់តែកញ្ចប់មូលនិធិ NextGenerationEU និង REPowerEU គេដឹងថា វាមានទំហំដល់ទៅ២៧៥ពាន់លានអឺរ៉ូ ឬជាង២៨៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការវិនិយោគបៃតង ហើយទឹកប្រាក់ប្រមាណជា១១៨ពាន់លានអឺរ៉ូ ឬជាង១២០ពាន់លានដុល្លារ គឺសម្រាប់គាំទ្រគោលនយោបាយពាក់ព័ន្ធនឹងគម្រោងបៃតង ។
សក្តានុពលនេះធំណាស់ ប៉ុន្តែវាមិនមែនចេះតែអាចទទួលបាននោះទេ ។ សម្រាប់កម្ពុជា ការប្រឈមនឹងការបាត់បង់ភាពអនុគ្រោះច្រកចូលទីផ្សារ ដោយសារតែអនុលោមតាមច្បាប់ពាណិជ្ជកម្មដ៏តឹងរ៉ឹង និងភាពផុយស្រួយនៃប្រព័ន្ធពាណិជ្ជកម្មសកលតម្រូវឱ្យកម្ពុជារៀបចំអភិក្រមប្រកបដោយយុទ្ធសាស្ត្រ នវានុវត្តន៍ និងការសំឡឹងឆ្ពោះទៅមុខ ជាពិសេសស្របពេលដែលពិភពលោកកំពុងឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាផងដែរ ។
ការចាកចេញរបស់កម្ពុជាពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងការកើនឡើងនៃលក្ខខណ្ឌតម្រូវនៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ជាងមុន ដែលនឹងធានាបានថា កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់សម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាជំហដ៏ប្រសើរក្នុងការរីកលូតលាស់ក្នុងសេដ្ឋកិច្ចសកលប្រកបដោយថាមវន្ត និងវិវត្តទៅមុខជាប់ជានិច្ច ដោយឈរលើស្មារតីការប្រែក្លាយ បញ្ហាប្រឈមឱ្យទៅជាឱកាស ។
នៅក្នុងយុគសម័យដែលការព្រួយបារម្ភអំពីបរិស្ថាន គឺស្ថិតនៅក្នុងបញ្ជីអាទិភាព «ផែនទីផ្លូវសម្រាប់ស្តង់ដារពាណិជ្ជកម្មបៃតង» គឺជាឧបករណ៍ដ៏សំខាន់សម្រាប់បង្កើតអនាគតនៃពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ។ គំនិតផ្តួចផ្តើមនេះគឺជាច្រកពង្រឹងការត្រៀមខ្លួន ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាមួយនឹងនិរន្តរភាពបរិស្ថានដែលជាតុល្យភាពដែលមិនត្រឹមតែជាការចង់បានប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់សុខភាពនៃភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ ។
តាមរយៈការបង្កើតគោលការណ៍ណែនាំដែលផ្តល់អាទិភាពដល់ផលិតកម្មការដឹកជញ្ជូន និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវផ្នែកបរិស្ថាន ស្តង់ដារទាំងនេះ គឺជាមាគ៌ាដោះស្រាយបញ្ហាប្រឈមសំខាន់ៗដូចជា ការបំភាយកាបូន ការថយចុះធនធាន និងការរិចរិលបរិស្ថាន ។ ផែនទីបង្ហាញផ្លូវនេះក៏ដើរតួនាទីជាមគ្គុទ្ទេសក៍ និងការប្តេជ្ញាចិត្ត ដោយកំណត់ដំណាក់កាលសម្រាប់យុទ្ធសាស្ត្រស្អិតរមួត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឲ្យប្រាកដថា វិស័យពាណិជ្ជកម្មកម្ពុជានៅតែជាកត្តាជំរុញនៃភាពរុងរឿងសេដ្ឋកិច្ច ។
តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ផែនទីបង្ហាញផ្លូវនេះក៏អាចជួយស្វែងរកការបង្កើតក្របខ័ណ្ឌបង្រួបបង្រួមដែលប្រទេសនានាអាចធ្វើការជាមួយគ្នា ដើម្បីសម្រេចបាននូវគោលដៅនិរន្តរភាពរួមគ្នា ។ នេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មកាន់តែរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ការពិចារណាអំពីបរិស្ថានត្រូវបានបង្កប់នៅក្នុងគ្រប់ទិដ្ឋភាពនៃសង្វាក់ផ្គត់ផ្គង់ ។
សរុបមក ផែនទីបង្ហាញផ្លូវតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកក្របខ័ណ្ឌពាណិជ្ជកម្មសកលដែលកាន់តែបៃតង ប៉ុន្តែវាមិនមែនជារឿងដែលងាយស្រួលដូចជា ការនិយាយនោះទេ ។ ទំហំពាណិជ្ជកម្ម និងវិយោគទុនស្អាតនេះមានវិសាលភាពធំមែន ប៉ុន្តែក៏មិនមែនមានតែកម្ពុជានោះទេ ដែលចង់បាន ប្រទេសនានា គឺសុទ្ធតែចង់បានដូចគ្នា រួមទាំងវៀតណាម និងថៃ ដែលជាដៃគូពាណិជ្ជកម្មជាមួយនឹងសហគមន៍អឺរ៉ុបធំរួចស្រេចទៅហើយ ។
ដើម្បីសម្រេចបានគោលដៅនេះ យើងសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងអាចដាក់ចេញនូវផែនទីមួយដែលទាក់ទាញ ដើម្បីធានារនិរន្តភាពនៃទីផ្សារទំនិញកម្ពុជានៅលើទីផ្សារអន្តរជាតិ ជាពិសេស គឺអឺរ៉ុប ៕
ចែករំលែកព័តមាននេះ