ទីក្រុងរ៉ង់ហ្គូន៖ របបសឹកភូមាប្រកាសថាខ្លួនបានចាប់បញ្ជូនត្រឡប់ទៅប្រទេសចិនវិញនូវបុគ្គលិកជាង៥ម៉ឺននាក់ដែលបម្រើការងារពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ ការចាប់បញ្ជូននេះធ្វើឡើងដូចភ្លៀងរលឹមចាប់ពីខែតុលា ឆ្នាំ២០២៣រហូតមកដល់ពេលបច្ចុប្បន្ន។ របបសឹកក៏កំពុងចេញសេចក្ដីអំពាវនាវដ៏កម្ររបស់ខ្លួនដើម្បីស្នើសុំឱ្យប្រទេសដទៃទៀតនៅក្នុងតំបន់ចូលរួមសហការគ្នានៅក្នុងរឿងនេះ។
ប្រទេសភូមាឥឡូវនេះកំពុងតែស្អុយឈ្មោះខ្លាំង ហើយត្រូវគេប្រៀបប្រដូចទៅនឹងសម្បុកក្រុមឧក្រិដ្ឋជនឆបោក។ ប្រភពខ្លះបង្ហើបឱ្យដឹងថាអគារខ្ពស់ៗរីកដុះដាលដូចផ្សិតនៅតាមព្រំដែនថៃ និងភូមាជាទីជម្រកនៃពួកឆបោកតាមអនឡាញ។ បុគ្គលិកដែលបម្រើការឱ្យមេៗធំៗខាងឆបោកនោះជាជនជាតិបរទេសដែលត្រូវគេអូសទាញទៅបម្រើការនៅទីនោះ។
ថ្ងៃនេះ សារព័ត៌មានជាផ្លូវការរបស់រដ្ឋ កាសែតក្លូបលញូឡាយ (Global New Light) បានបកអាក្រាតលម្អិតខ្ទេចខ្ទីអស់នូវល្បិចកល យុទ្ធសាស្ត្រ និងសកម្មភាពឆបោករបស់ក្រុមឧក្រិដ្ឋជន។ កាសែតនេះចុះផ្សាយថាអាជ្ញាធរភូមាបណ្ដេញជនបរទេសជាង៥៥០០០នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញនៅតាមព្រំដែន។ ក្នុងនោះជនជាតិចិនច្រើនជាងគេរហូតដល់ជាង៥៣០០០នាក់, ជនជាតិវៀតណាមឈរលំដាប់ទី២មានជាងមួយពាន់នាក់, ជនជាតិថៃមានជាង៦០០នាក់។
ក្រៅពីនេះមានជនជាតិបរទេសមកពី២៥ប្រទេស។ កាសែតនេះអះអាងថាអ្នកពាក់ព័ន្ធនឹងអំពើឆបោកនោះគ្មានជនជាតិភូមា ឬជាជនជាតិបរទេសទូទៅទេ ប៉ុន្តែជាអ្នកដែលចូលទៅភូមាដោយខុសច្បាប់ និងលួចលាក់។ របបសឹកក៏ឆ្លៀតឱកាសនេះអំពាវនាវទៅប្រទេសជិតខាងចូលរួមសហការគ្នាជាប្រព័ន្ធដើម្បីចាត់ការអំពើឆបោក និងល្បែងស៊ីសងតាមអនឡាញ។
ប្រភពខ្លះបង្ហើបឱ្យដឹងថាសម្បុកក្រុមឆបោកអនឡាញដែលសម្ងំលាក់ខ្លួននៅព្រំដែនថៃ-ភូមានោះបើគ្មានខ្នងធំទេមិនអាចនៅសុខដល់សព្វថ្ងៃនេះឡើយ។ ពួកគេរកស៊ីឃុបឃិត ចែកភាគហ៊ុនគ្នា ឬគ្រប់គ្រងដោយមេទាហានធំៗដែលមានទំនាក់ទំនងជាមួយរបបសឹក។ ប៉ុន្តែពួកគេកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារសង្គ្រាមប្រដាប់អាវុធនៅតាមព្រំដែន។
ពួកចលនាតស៊ូដែលប្រឆាំងនឹងរបបសឹកបានវាយប្រហារ និងចូលកាន់កាប់តំបន់នោះ។ ម៉្លោះហើយ ពួកនោះនៅអត់សុខទេ។ មេម៉ាស់ផ្ចាធំៗបន្ទាប់ពីបាត់បង់ទីតាំងឈរជើងរបស់ខ្លួន ពួកគេក៏ជម្រុលដំណើរកាន់តែកៀកនឹងព្រំដែនថៃ។ ពួកគេបើកមុខរបររកស៊ី បើកហាង ឬក្រុមហ៊ុនផ្សេងៗដើម្បីរកប្រាក់ចំណូលជាបន្តទៀត។ កាសែតភូមាផ្សាយថាថៃ និងភូមាបានដាក់ផែនការដើម្បីធ្វើយ៉ាងណាត្រូវតែបោសសម្អាតឱ្យដល់ឫសគល់នូវល្បែងអនឡាញ និងការឆបោកតាមអនឡាញ៕
ចែករំលែកព័តមាននេះ