ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិននិងវៀតណាមនឹងមកដល់ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដូច្នេះសហគមន៍ជនជាតិចិននិងវៀតណាមនៅកម្ពុជានឹងប្រារព្ធពិធីនេះយ៉ាងឧឡារឹក។ ប៉ុន្តែទាំងអស់គ្នាគួរចាំបាច់គោរពច្បាប់និងបម្រាមផ្សេង”របស់អាជ្ញាធរ ហើយគួរកំណត់អាទិភាពសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះហានិភ័យដែលអាចកើតមាន ដើម្បីធានាថាការប្រារព្ធពិធីនេះនៅតែរីករាយសម្រាប់មនុស្សគ្រប់គ្នា។
តាមជំនឿនិងជាលក្ខណប្រពៃណីពិធីនេះនឹងរៀបចំអមដោយការដុតក្រដាសសែន ការលួចលេងផាវ និង ការអុជកាំជ្រួចពេលរាត្រីដើម្បីជម្រះឧបទ្រុបចង្រៃនៅក្នុងឆ្នាំចាស់ និងបើកផ្លូវនាំសំណាងនៅឆ្នាំថ្មី។ ដូច្នេះសកម្មភាពទាំងនោះហើយគឺជាហានិភ័យនៃគ្រោះអគ្គីភ័យដែលជាមហន្តរាយមួយដែលឧស្សាហ៍កើតឡើង ញឹកញាប់ ។
មកដល់ពេលនេះ ការដុតផាវនិងកាំជ្រួចគឺត្រូវបានហាមឃាត់ តែការដុតក្រដាសសែន គឺទំនងជានឹងនៅតែបើកទូលាយ ប៉ុន្តែដើម្បីសុវត្ថិភាពសូមបងប្អូនរៀបចំនិងចូលរួមពិធីទាំងនេះដោយទំនួលខុសត្រូវ ជាមួយនឹងឧបករណ៍ការពារនិងបង្កាអគ្គីភ័យ ហើយនិងសម្ភារៈដុតដែលមានសុវត្ថិភាពបំផុត ។
រាល់ការលេងនិងដុតកាំជ្រួចឫការលេងផាវគួរតែប្រុងប្រយ័ត្ន ពីព្រោះក្រៅពីអាចបង្ករអគ្គីភ័យ វាអាចបង្កជាសំឡេងងរំខាន ហើយ បើខ្វះការប្រុងប្រយ័ត្ន វាអាចនឹង មានគ្រោះថ្នាក់ជាយថាហេតុ ។ ម្យ៉ាងវិញទៀតវាក៏ជាសកម្មភាពខុសច្បាប់ ពីព្រោះអាជ្ញាធរចេញបម្រាមហើយ ។
បន្ទាប់ពីការសែនព្រេនហើយនោះ នៅក្នុងអំឡុងពេលនៃពិធីនេះ បងប្អូនសហគមន៍ជនជាតិចិននិងវៀតណាមអាចនឹងធ្វើដំណើរទៅនេះទៅ ដូច្នេះចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗអាចនឹងមានកំណើនបណ្តាលឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ ប្រសិនបើមិនមានការប្រុងប្រយ័ត្ន។
ដើម្បីសុវត្ថិភាពបងប្អូនគួរ បើកបរដោយ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការបើកបរហួសល្បឿនកំណត់ និងហាមប្រើទូរសព្ទដៃពេលបើកបរ។ សំខាន់ជាងនេះទៅទៀតនោះ សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ការប្រើប្រាស់គ្រឿងស្រវឹងក៏ជាផ្នែកមួយដែលគួរតែយកចិត្តទុកដាក់នៅក្នុងការប្រុងប្រយ័ត្ននិងគ្រប់គ្រងការទទួលទានឲ្យបានសមស្របជាមួយនឹងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពរបស់បងប្អូនម្នាក់ៗ។ រាល់ការជួបជុំគ្នាហូបចុកក៏គួរតែដំណើរដោយសប្បាយ ហើយបង្ការកុំអោយស្រវឹងចេញទៅជាអំពើហិង្សា ដោយសារតែការប្រើប្រាស់ហួសពីកម្រិតដែលអាចគ្រប់គ្រងខ្លួនឯងលែងបាន ។ រាល់ការហូបចុកនិងជួបជុំដែល មានការទទួលខុសត្រូវចេះគោរពអ្នកជិតខាង វានឹងអាចនាំមកនៅទិដ្ឋភាពដ៏គួរឲ្យរីករាយនិងបង្ហាញពីស្មារតីសាមគី្គភាពប្រកបដោយភាតរភាពនៅក្នុងសហគមន៍ទាំងមូល ។
ពាក់ព័ន្ធនឹងសុវត្ថិភាពផ្ទះសម្បែងក៏ជារឿងមួយដែលមិនអាចព្រងើយកន្តើយបានដែរ ពីព្រោះមកដល់ពេលនេះ បញ្ហាភូមិឃុំមានសុវត្ថិភាពនៅមិនទាន់អាចធានាបានទាំងស្រុងនៅឡើយទេ ទោះបីជាវាមានការ កែលំអរប្រសើរក៏ដោយចុះ ។
នៅរៀងរាល់ពេលធ្វើដំណើរទៅទីណាឆ្ងាយពីផ្ទះសម្បែង គួរតែផ្តាំផ្ញើអ្នកជីតខាង បន្ថែមលើការពង្រឹងការចាក់សោរ បិទទ្វារបង្អួច និង បំពាក់កាមេរា ដើម្បីជាផ្នែកមួយដើម្បីបង្ការរាល់ការប៉ុនប៉ងឆ្លៀតឱកាសរបស់ ជនខិលខូច ។
យើងដឹងថា ជារៀងរាល់ឆ្នាំនៅក្នុងឱកាសសំខាន់ៗបែបនេះ ខាងអាជ្ញាធរនិងសមត្ថកិច្ចក៏បានរៀបចំនិងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបនឹងបញ្ហា។ ប៉ុន្តែការការពារខ្លួនយើងផ្ទាល់ដើម្បីកុំអោយដូចជាពាក្យចាស់ពោលថា “ ដល់គោបាត់ហើយបានធ្វើរបង “ នោះ ។ ការបុ្រងប្រយ័ត្នក៏ជាការបន្លាចនិងបង្អាក់ ការប៉ុនប៉ងអាក្រក់របស់ក្រុមជនខិលខូចដែលតែងតែឆ្លៀតឱកាសបែបនេះដើម្បីធ្វើសកម្មភាព។
សរុបទៅព្រឹត្តិការណ៍ទំនៀមទម្លាប់នៅចុងខែមករា ខាងមុខនេះ គឺជាពេលវេលាឆ្លុះបញ្ចាំងអំពីតថភាពជាក់ស្តែងនៃសង្គមកម្ពុជាដែលជាសង្គមបើកទូលាយ និងសន្តិសហវិជ្ជមាននៃគ្រប់ជំនឿ។ ដូច្នេះយើងទាំងអស់គ្នាគួរតែរួមគ្នាការពារនិងថៃរក្សាចម្រុះភាពនៃវប្បធម៌ ដើម្បីឲ្យកម្ពុជានៅតែបន្តរក្សាបាននូវសុខដុមរមនីយកម្មនៃជំនឿនិងសាសនាមួយនៅក្នុងតំបន់ ។
ជាចុងក្រោយសូមបងប្អូនបន្តអំណរសប្បាយនឹងព្រឹត្តិការណ៍ចម្រុះវប្បធម៌នៅកម្ពុជាបន្តទៀត ហើយនៅក្នុងឱកាសនោះ ក៏ឆ្លៀតពេលជូនពរឆ្នាំថ្មីដល់ បងប្អូនជនរួមជាតិទាំងអស់ ។ សូមអោយបុណ្យចូលឆ្នាំចិនខាងមុខនេះនេះ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន និងសេចក្តីសុខគ្រប់ៗគ្នា កុងស៊ី ហ្វាឆាយ ! ជូនពរឆ្នាំថ្មី ។
ចែករំលែកព័តមាននេះ