រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បដិវត្តន៍ពណ៌ នៅតែមានដោយក្រុមប្រឆាំង បានបង្កើត និងផ្លាស់ប្តូរវិធីសាស្ត្ររបស់ខ្លួន ។
ការថ្លែងបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ដែលកិច្ចការងារនេះ គឺកាន់តែស្រួចស្រាល់ ហើយកាលណាយើងគ្រប់គ្រងសាធារណៈមតិបាន គឺយើងឈ្នះ ក្នុងនេះបើផ្អែកតាមទ្រឹស្តីព័ត៌មានបានលើកឡើងថា «កាលណាគ្រប់គ្រងព័ត៌មានបានល្អ គឺបានទទួលបានជ័យជម្នះ ៥០ភាគរយ ជាស្រេចទៅហើយ ប៉ុន្តែបើយើងចាញ់ព័ត៌មាន ក្នុងសមរភូមិព័ត៌មាន គឺយើងចាញ់ ៥០ភាគរយរួចស្រេចទៅហើយ» ។
ឯកឧត្តម បានបញ្ជាក់ថា ចំណុចនេះហើយ ដែលយើងត្រូវយកចិត្តតុកដាក់ឱ្យច្បាស់អំពីការគ្រប់គ្រងសាធារណៈមតិ ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងទាក់ទិនក្នុងរឿងនេះដែរថា ការគ្រប់គ្រងសាធារណៈមតិនេះ ដូចជា បើពលរដ្ឋទៅបោះឆ្នោតហើយ បើកាលណាគាត់មិនរឹងមាំក្នុងអារម្មណ៍ទេ នឹងនាំឱ្យប្រែប្រួលទៅតាមប្រធានបទ និងបរិបទនោះ មានន័យថា អារម្មណ៍របស់គាត់នឹងប្រែប្រួល។
ឯកឧត្តម បានលើកឡើងថា ស្ថានភាពក្នុងក្របខ័ណ្ឌនេះ កន្លងមកក្រុមអគតិ ព្យាយាមបំភ្លៃការពិត ហើយសម្រាប់បដិវត្តន៍ពណ៌ យើងឃើញហើយថា នៅតែមាន គ្រាន់តែគេមានវិធីសាស្ត្រក្នុងការធ្វើ ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សម្រាប់វិធីសាស្ត្ររបស់គេ គឺរឿងអ្វីក៏ដោយ មិនសំខាន់ទេ តួអង្គនយោបាអ្វី ក៏ដោយ មិនសំខាន់ដែរ អ្វីដែលសំខាន់ គឺបញ្ហាអ្វីមួយ ដែលធ្វើហើយអាចបញ្ឆេះកំហឹងបាន ។
ឯកឧត្តម បន្តទៀតថា បានជាយុទ្ធសាស្ត្រក្របខ័ណ្ឌយុទ្ធសាស្ត្រទី៥ របស់មហាអំណាចសហរដ្ឋអាមេរិក ផ្តួលរំលំបដិវត្ដពណ៌ គេប្រើប្រាស់បង្កើតឱ្យមានចលាចលសង្គម ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងដោយបញ្ជាក់បន្ថែមថា ៖ «អីចឹង បើបង្កើតកន្លែងណាមួយបាន គឹគេនឹងធ្វើភ្លាម ឧទាហរណ៍ដូចជា តម្លៃស្រូវ តម្លៃស្រូវនេះទាល់តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ចេញទៅពន្យល់ បកស្រាយពីបញ្ហាទាំងអស់ហ្នឹង ឱ្យយល់ថា ពីបញ្ហាកើតឡើងមកពីអ្វី ហើយបើគេគិតតម្លៃស្រូវសព្វថ្ងៃ ប្រជាកសិករនៅតែចំណេញទេ គ្រាន់តែចំណេញ មិនដូចអ្វី ដែលគាត់រំពឹងទុក នៅពេលគាត់ចាប់ផ្តើមដាំដុះ តែប៉ុណ្ណឹងទេ។ ចំណុចទាំងអស់នេះ គឺជារឿងកើតឡើងពីការញុះញង់ទាំងអស់ ឧទាហរណ៍ដូចជា រឿងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលនៅសុខៗ ក្រុមប្រឆាំង ដើម្បីទាញចំណាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋទៅលើការគាំទ្ររាជរដ្ឋាភិបាល ពិសេសព្រែកជីកហ្វូណនតេជោ ពួកគេក៏បង្កើតរឿងរ៉ាវផ្សាយព័ត៌មានមិនពិតថា កម្ពុជាកាត់ខេត្ត៤ ទៅឱ្យវៀតណាម តាមគម្រោង CLV នេះឯង» ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា នៅពេលរាជរដ្ឋាភិបាល បានធ្វើការដឹកនាំប្រជាពលរដ្ឋឱ្យទៅពិនិត្យព្រំដែន គឺពលរដ្ឋគាត់បានរឹងមាំ ជឿជាក់ក្នុងចិត្ត ឈប់ជឿក្រុមប្រឆាំងទៀត។ ក្រៅពីនេះ ពួកគេក៏បង្កើតរឿងក្រៅពីខាងកើត ទៅខាងលិចវិញ គឺសព្វគ្រប់ តែម្តង ។
ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងបន្ថែមថា ៖ «ទាំងអស់នេះហើយ គឺយើងត្រូវយល់ពីក្របខណ្ឌសាធារណៈមតិ ដែលមិនអាចកាត់ផ្តាច់បានពីប្រព័ន្ធផ្សព្វផ្សាយរបស់យើងទេ។ ចំណុចនេះ ការគ្រប់គ្រងជារឿងសំខាន់ អីចឹងចំណុចនេះហើយ បានជាយើងពង្រឹងតួនាទីរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ហើយផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង» ៕
ចែករំលែកព័តមាននេះ