ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​​នឹកកូនជាង១ខួប ខំស្កាត់មកលេង ក៏ផ្ទុះជម្លោះ ត្រូវអតីតប្ដីកា.ប់ច្រើនកំាបិ.តយ៉ាងរន្ធ.ត់

10 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ហេតុតែនឹក និងស្រឡាញ់កូនស្រីតូចអាយុជាងមួយខួប ស្ត្រីជា​ម្ដាយបានស្កាត់ទៅជួបដល់ផ្ទះអតីតម្ដាយក្មេក ដែលមានទីតាំងស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ហើយក៏បានឈ្លោះគ្នាជាមួយអតីតប្ដី ឈានរហូតដល់ប្រើអំពើហិង្សា…

ខេត្តត្បូងឃ្មុំ ៖ ហេតុតែនឹក និងស្រឡាញ់កូនស្រីតូចអាយុជាងមួយខួប ស្ត្រីជា​ម្ដាយបានស្កាត់ទៅជួបដល់ផ្ទះអតីតម្ដាយក្មេក ដែលមានទីតាំងស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ហើយក៏បានឈ្លោះគ្នាជាមួយអតីតប្ដី ឈានរហូតដល់ប្រើអំពើហិង្សា ដោយបុរសជាអតីតប្ដីយកកាំបិតប័ុងតោ​កាប់ទៅលើប្រពន្ធត្រូវចំស្មា, ក, ក្បាល និងផ្ទៃមុខប្រមាណជិតដប់កាំបិត បណ្ដាលឱ្យស្លាប់ក្នុង​​ថ្លុក​ឈាម​យ៉ាងអាណោចអាធ័ម ។ ក្រោយកើតហេតុ បុរសជាអតីតប្ដី ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងនាព្រឹកថ្ងៃទី២០ មករា នេះ​ថា បុរសជាប្ដីឈ្មោះហួន ណុប អាយុ៣២ឆ្នាំនិងប្រពន្ធឈ្មោះចន ស្រីម៉ាច អាយុ២៨ឆ្នាំ ។ កន្លងមកប្តីប្រពន្ធទាំង២នាក់​តែងតែឈ្លោះគ្នាដោយពាក្យសំដីជាញឹកញាប់ ព្រមទាំងបាន​ដាក់ពាក្យលែងលះគ្នានៅសាលាឃុំត្រមូង បីទៅបួនដងរួចមកហើយដែរ។ ចុងក្រោយត្រូវបានសាលាដំបូងខេត្តកាត់ក្តីលែងលះជាស្ថាពរ ចំណែកកូនស្រីតូចអាយុជាង​១ខួបត្រូវបានភាគីប្ដីជាអ្នកចិញ្ចឹមបីបាច់ថែរក្សាព្រោះមានលទ្ធភាពជាង។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តឲ្យដឹងទៀតថា រហូតមកដល់ព្រឹកថ្ងៃទី១៩ មករា ឆ្នាំ២០២៥ ស្ត្រីរងគ្រោះជាប្រពន្ធ នៅតែ​នឹកអាណិតដល់កូនតូចរបស់ខ្លួន ក៏បានស្កាត់មកលេងកូននៅផ្ទះម្ដាយក្មេក គ្រាដែលមកលេងនោះគឺចំណាយពេលយូរ ហើយបុរសអតីតជាប្ដីនិងម្ដាយក្មេកបានប្រាប់ឲ្យត្រឡប់ទៅផ្ទះវិញ តែស្ត្រីរងគ្រោះមិនព្រមទៅនោះទេ។

ជាមួយនោះផងដែរ ភាគីបងប្អូនខាងស្ត្រីរងគ្រោះបានទូរសព្ទប្រាប់ថាឲ្យមកផ្ទះវិញ តែនាងនៅមិនមកទៀត។ លុះក្រោយមកទៀតក៏បានឈ្លោះប្រកែកដោយពាក្យសម្ដីឈានដល់ការប្រតាយបន្ទាប់គ្នា ត្រូវបានម្ដាយក្មេកជួយឃាត់បំបែកគ្នារៀងៗខ្លួន ។ បន្ទាប់មក​ស្ត្រីប្រពន្ធបានចូលទៅក្នុងផ្ទះរើខោអាវកូនចេញពីក្នុងទូ ដោយបានជេរមកលើប្ដី ។ ​ពេល​នោះប្ដីបានលាន់មាត់ថា ធ្វើបែបនេះឲ្យអញចូលគុកហើយ។ ហេតុតែបុរសជាប្ដីខ្វះការពិចារណាវែងឆ្ងាយក៏បានយកកាំបិតប៉័ងតោមកកាប់លើប្រពន្ធ ត្រូវជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុង​ថ្លុកឈាមគួរឱ្យសង្វេគ។

បុរសជាប្ដីបានជិះម៉ូតូឌុបកូនតូចយកទៅផ្ញើឱ្យបងប្អូនមើលក្នុងគោលបំណងគេចខ្លួនដែរ​ តែរត់ទៅណាមិនរួច ក៏​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ ហើយនៅខែកុម្ភៈខាងមុខនេះបុរសជាប្ដីនិងត្រូវឡើងទៅធ្វើការជាពលករនៅប្រទេសគេ ត្រូវបានអាក់ខានទៀតព្រោះដោយសាររឿងនេះបានកើតឡើង។

សូមបញ្ជាក់ថា ករណីឃាតកម្មដោយចេតនានៅថ្ងៃទី១៩ មករា ២០២៥ វេលាម៉ោង៤និង២០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង បានទទួលព័ត៌មានពីលោកមេភូមិត្រមូង ឃុំមេមត់ ថាមានករណីឃាតកម្មហេតុការណ៍: នៅថ្ងៃទី១៩មករា ២០២៥ វេលាម៉ោង៣និង៤០នាទី នៅចំណុចផ្ទះរបស់ឈ្មោះហួន ណុប ភេទប្រុស ស្ថិតនៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីឃាត​កម្ម​ដោយចេតនា មួយកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ ហួន ណុប ភេទប្រុស អាយុ​៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយក កាំបិតបុ័ងតោកាប់ ទៅលើជនរងគ្រោះឈ្មោះ ចន ស្រីម៉ាច ភេទស្រីអាយុ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសង្កែរថ្មី ឃុំ មេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលស្លាប់និងកន្លែងតែម្តង ពេលធ្វើសកម្មភាពរួចជនសង្ស័យគេចខ្លួនបាត់។

មូលហេតុ:ជនសង្ស័យនឹងជនរងគ្រោះលែងលះគ្នាហើយនៅតែមករករឿងជេរប្រមាថមកលើជនសង្ស័យរួមម្តាយឃាត់មិនស្តាប់ទើបជនសង្ស័យធ្វើសកម្មភាពតែម្តង។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូងនិងកម្លាំងជំនាញផ្នែក យុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ឃាត់ខ្លួនជនសង្ស័យខាងលើបាន នៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់តែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និង បានការអនុញ្ញាតពីលោក គង់ រតនា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ