ទីក្រុងវ៉ាស៊ីនតោន៖ ក្រុមហ៊ុនទីកតុកប្រកាសថាខ្លួនអាចនឹងជួបវាសនាអាក្រក់នៅប្រទេសអាមេរិកនារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះបន្ទាប់ពីតុលាការកំពូលសម្រេចទុកជាបានការដដែលនូវសេចក្ដីសម្រេចបិទដំណើរការបណ្ដាញសង្គមមួយនេះក្រោមហេតុផលសន្តិសុខជាតិ។ ដូច្នេះ ទីកតុកយល់ថាបើរដ្ឋាភិបាលរបស់លោកបៃដិនបន្តអនុវត្តនីតិវិធីរបស់តុលាការមានន័យថាទីកតុកត្រូវចប់ហើយ។ អាមេរិកឱ្យជម្រើស២ទៅទីកតុក ទី១-ត្រូវតែលក់ឱ្យអាមេរិក និងទី២-ត្រូវតែបិទចោល។
សភាទាំង២គណបក្សបានអនុម័តច្បាប់ស្ដីពីការបិទដំណើរការទីកតុក ហើយចុះហត្ថលេខាដោយលោកបៃដិនកាលពីឆ្នាំ២០២៤។ ប៉ុន្តែលោកមិនទាន់សម្រេចចិត្តជាលើកចុងក្រោយថាត្រូវអនុវត្តសេចក្ដីសម្រេចនេះភ្លាមៗទេ។ លោកចង់ទុកតួនាទីនេះជូនទៅលោកត្រាំជាអ្នកសម្រេចចិត្តទៅចុះថាតើត្រូវបិទ ឬត្រូវដំណើរការជាធម្មតានូវបណ្ដាញសង្គមដែលមានពលរដ្ឋអាមេរិក១៧០លាននាក់កំពុងប្រើប្រាស់។
តាមពិត លោកត្រាំចង់បិទទីកតុកតាំងពីអាណត្តិទីមួយមកម៉្លេះ។ ប៉ុន្តែថ្មីៗនេះ លោកចង់កែប្រែគោលជំហរនេះឡើងវិញ។ លោកចង់យកបញ្ហាទីកតុកដើម្បីតថ្លៃគ្នាជាមួយប្រទេសចិន។ ម៉្យាងទៀត គេដឹងថាចិនក៏ត្រៀមចាត់វិធានការវាយបកទៅលើក្រុមហ៊ុនអាមេរិកវិញផងដែរដោយលើកហេតុផលពីការរកស៊ីផ្ដាច់មុខ (antitrust) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកខ្លះដូចជាអឹនវីឌា (Nvidia) ជាដើម។
យោងតាមអ្នកនាំពាក្យសេតវិមាន លោកបៃដិនជឿជាក់ថាទីកតុកគួរណាស់អនុញ្ញាតឱ្យដំណើរការនៅអាមេរិក។ គ្រាន់តែថាលោកមិនចង់ឱ្យទិន្នន័យរបស់អ្នកប្រើប្រាស់ធ្លាក់ទៅក្នុងដៃប្រទេសដទៃ។ តាមចិត្តរបស់លោក លោកចង់ឱ្យទីកតុកលក់ភាគហ៊ុនទាំងអស់ (នៅអាមេរិក) ទៅឱ្យក្រុមហ៊ុនឯកជនរបស់អាមេរិក។ ទោះជាយ៉ាងណាក្ដី ពេលវេលាកាន់តែប្រថុចញ៉ុចណាស់ទៅហើយនៅពេលតុលាការកំពូលសម្រេចជាលើកចុងក្រោយ។ ដូច្នេះលោកសូមទុកលទ្ធភាពនេះជូនទៅលោកត្រាំ។
សេចក្ដីប្រកាសរបស់លោកបៃដិន និងក្រសួងយុត្តិធម៌អាមេរិកហាក់ដូចជាមិនច្បាស់លាស់។ ដូច្នេះ ធ្វើឱ្យទីកតុកស្ថិតនៅក្នុងស្ថានភាពមួយគេហៅថានៅតែលតោលកណ្ដាលជលសា ទៅមុខក៏មិនរួច ថយក្រោយក៏មិនរួច។ ទីកតុកចង់ឱ្យលោកបៃដិនផ្ដល់ការធានាថានៅតែដំណើរការបណ្ដាញសង្គមនេះជាជាងរង់ចាំការសម្រេចពីលោកត្រាំ។ បើទីកតុកបិទដំណើរការនៅថ្ងៃទី១៩ ខែមករាក៏មិនអីដែរ។ សន្លឹកបៀរអាត់ស្ថិតនៅលើដៃរបស់លោកត្រាំ។ បើលោកចុះហត្ថលេខាតែ១ខ្វោកអាចដំណើរការវិញជាធម្មតា។ នាយកប្រតិបត្តិក្រុមហ៊ុនទីកតុកនឹងចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោកត្រាំដើម្បីយកចិត្តយកថ្លើមរបស់លោក៕
ចែករំលែកព័តមាននេះ