ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម នេត្រ ភក្ត្រា ៖ អ្នក​សារព័ត៌មាន​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិនមែន​ជា​តុលាកា ហើយក៏មិនមែន​ជា​អ្នកមាន​អំណាច​បញ្ជា​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ដែរ

10 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា អ្នក​សារព័ត៌មាន​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិនមែន​ជា​តុលាការ ហើយក៍​មិនមែន​ជា​អ្នកមាន​អំណាច​បញ្ជា​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ដែរ គឺ​គ្រាន់តែ​ជា​អ្នកនាំពាក្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ…

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​ថា អ្នក​សារព័ត៌មាន​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ មិនមែន​ជា​តុលាការ ហើយក៍​មិនមែន​ជា​អ្នកមាន​អំណាច​បញ្ជា​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ​ដែរ គឺ​គ្រាន់តែ​ជា​អ្នកនាំពាក្យ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ប្រកបដោយ​ប្រភព​ច្បាស់លាស់​តែ​ប៉ុណ្ណោះ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​បែប​នេះ ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន និង​អ្នក​សារព័ត៌មាន នៅ​ខេត្តពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ បន្ទាប់​ពី​ឯកឧត្តម​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៃ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ ដែល​បន្ត​ដឹកនាំ​ដោយ​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ។

ការ​ជួប​សំណេះសំណាល​នេះ ក្នុង​គោលបំណង​រួម​គ្នា​ពិភាក្សា ផ្លាស់​ប្ដូរ​មតិយោបល់ និង​ពិនិត្យ​ទៅ​លើ​បញ្ហា​ប្រឈម​នានា ដែល​ជួប​ប្រទះ​កន្លង​មក ដើម្បី​រួម​គ្នា​កែ​លម្អរ ដោះស្រាយ ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា ។

ឯកឧត្តម នេត្រ ភក្ត្រា សូម​ឲ្យ​មន្ត្រី នៃ​មន្ទីរ​ព័ត៌មាន និង​ក្រុមការងារ​សា​ធា​ណៈ​មតិ នៅ​ក្នុង​ខេត្តពោធិ៍សាត់​ទាំងអស់ ត្រូវ​ជំរុញ​ការងារ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុង​វិស័យ​ព័ត៌មាន ៖ ទី​១.​គឺ​រៀបចំ​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​, ទី​២.​រៀបចំ​ច្បាប់ទម្លាប់​, ទី​៣.​ជំរុញ​ការ​ចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ប្រតិបត្តិការ និង​ទី​៤.​អ្នក​សារព័ត៌មាន​កំណត់​ឱ្យ​មាន​អត្តសញ្ញាណ​ច្បាស់លាស់ ដោយ​ត្រូវធ្វើ​ប័ណ្ណសម្គាល់ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ប័ណ្ណ​ព័ត៌មាន​ទាំងនេះ​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​។ ជាមួយ​គ្នា​នេះ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ផ្នែក​សណ្ដាប់ធ្នាប់​សារព័ត៌មាន ដើម្បី​ជា​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ចំពោះ​ព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ផ្ដល់​នូវ​សន្តិសុខ​ព័ត៌មាន និង​សុវត្ថិភាព នៃ​ការ​ប្រើប្រាស់​ព័ត៌មាន ទប់ស្កាត់ និង​ប្រឆាំង​នូវ​ព័ត៌មាន​ក្លែងក្លាយ​។ ត្រូវ​ពង្រឹង​ការងារ​ឱ្យ​កាន់តែ​សកម្ម ទៅ​លើ​ការ​គាំទ្រ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត លើ​ការងារ​គ្រប់គ្រង​សាធារណ​មតិ ដោយ​តាមដាន​ព័ត៌មាន ធ្វើការ​ឆ្លើយ​តប បកស្រាយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ ឱ្យ​យល់​ដឹង​ពី​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​ដំណើរការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ជា​ពិសេស​រួម​គ្នា​ទប់ស្កាត់ និង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ឱ្យទាន់​ពេលវេលា ។

ឯកឧត្តម​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​សម័យ​ឌី​ជី​ថ​ល សំខាន់​គឺ​ត្រូវ​គ្រប់គ្រង​ខ្លឹមសារ និង​ល្បឿន​នៃ​ការ​ផ្សព្វផ្សាយ ទើប​អាច​គ្រប់គ្រង​ព័ត៌មាន​បាន​។ ដូច្នេះ​ហើយ ទើប​ក្រសួង​ព័ត៌មាន​នៅ​ក្នុង​អាណត្តិ​ទី​៧​នេះ បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ ត្រូវ​តែ​ជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​ត្រូវ​តែ​បុ​រេ​សកម្ម សកម្ម អន្តរ​សកម្ម ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព ។

ឯកឧត្តម​ក៏​បាន​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​មាន​កិច្ចសហការ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​ជា​ប្រភព​ព័ត៌មាន និង​បងប្អូន​អ្នក​សារព័ត៌មាន ព្រោះ​អាជ្ញាធរ និង​អ្នក​សារព័ត៌មាន ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ