ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​នេ​ស៊ី​គ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម ដោះស្រាយ​កំណើន​អ្នកជំងឺ​ទឹកនោមផ្អែម

8 ម៉ោង មុន

​ឥណ្ឌូ​នេ​ស៊ី ៖ ប្រទេស​ឥណ្ឌូនេ​ស៊ី​គ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​វេច​ខ្ចប់​មាន​ជាតិ​ផ្អែម ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥​តទៅ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ទទួលទាន​ជាតិ​ផ្អែម​ច្រើន​លើស​កម្រិត និង​ដោះ​ស្រាយ​ការ​កើនឡើង​កង្វល់​សុខភាព​ប្រជាជន ​។ លោក Nirwala…

​ឥណ្ឌូ​នេ​ស៊ី ៖ ប្រទេស​ឥណ្ឌូនេ​ស៊ី​គ្រោង​ដាក់​ពន្ធ​លើ​ភេសជ្ជៈ​វេច​ខ្ចប់​មាន​ជាតិ​ផ្អែម ចាប់ពី​ខែកក្កដា ឆ្នាំ​២០២៥​តទៅ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ទទួលទាន​ជាតិ​ផ្អែម​ច្រើន​លើស​កម្រិត និង​ដោះ​ស្រាយ​ការ​កើនឡើង​កង្វល់​សុខភាព​ប្រជាជន ​។

លោក Nirwala Dwi Heryanto អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​គយ​ឥណ្ឌូ​នេស៊ី បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ពន្ធ​លើ​ភេសជ្ជៈ​ផ្អែម គ្រោង​សម្រាប់​អនុវត្ត​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៥​ ។ លោក​ថា គោលនយោបាយ​នេះ មិន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បង្កើន​ប្រាក់​ចំណូល​រដ្ឋ​នោះ​ទេ ប៉ុន្តែ​ដើម្បី​គ្រប់គ្រង​ការ​ទទួលទាន​ជាតិ​ផ្អែម អំឡុង​ពេល​អត្រា​អ្នក​កើត​ជំងឺ​ទឹក​នោមផ្អែម​កើនឡើង​។ ហើយ​ការ​ផ្តោត​សំខាន់​នៃ​ពន្ធ​នេះ ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ជាតិ​ផ្អែម​បន្ថែម​ក្នុង​ភេសជ្ជៈ​ផង​ដែរ ​។

យោង​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មកនេះ អត្រា​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កើនឡើង​ទ្វេ​ដង​ដល់​១០% ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ​២៨​លាន​នាក់​ក្នុង​ចំនួន​ប្រជាជន​សរុប​ជាង ២៨៤​លាន​នាក់​។

លោក Dante Saksono Harbuwono អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​កត់​សម្គាល់ថា ២៨.៧% នៃ​ប្រជាជន​ឥណ្ឌូ​ណេ​ស៊ី​លើស​កម្រិត​ជាតិ​ផ្អែម ប្រៃ និង​ខ្លាញ់ ខណៈ​ដែល​៩៥.៥% ទទួលទាន​ផ្លែ​ឈើ និង​បន្លែ​មិន​គ្រប់គ្រាន់​។ លើស​ពី​នេះ​ទៀត ៣៥.៥% នៃ​ប្រជាជន​មិន​បាន​ចូលរួម​សកម្មភាព​លំ​ហាត់​ប្រាណ​គ្រប់គ្រាន់​នោះ​ទេ​ ។

លោក​បន្ថែម​ថា ការ​ដាក់​ពន្ធ​នេះ គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​សុខភាព​ប្រជាជន​ឥណ្ឌូ​នេស៊ី​។ ពន្ធ​ថ្មី​នេះ នឹង​ចាត់​ថ្នាក់​ភេសជ្ជៈ​ដោយ​ផ្អែក​លើ​កម្រិត​ផ្អែម ដំណើរការ​ផលិត និង​លក្ខណៈ​វិនិច្ឆ័យ​ផ្សេង​ទៀត ដើម្បី​កំណត់​អត្រាពន្ធ​ដែល​អាច​អនុវត្ត​ទៅ​បាន​។

គោលនយោបាយ​នេះ ស្ថិត​ក្រោម​បទ​ប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី (PP) លេខ 28/2024 ដែល​អនុវត្ត​លើ​ច្បាប់​លេខ 17/2023 ស្តី​អំពី​សុខភាព​។ បទ​ប្បញ្ញត្តិ​ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​មួយ​នេះ កំពុង​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ឱ្យ​មានការ​អនុវត្ត​ដោយ​រលូន​ ។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏​បាន​គូសបញ្ជាក់​ថា «​ការ​សិក្សា​ត្រូវ​បាន​បញ្ចប់ ហើយ​យើង​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​អនុវត្ត​គោលនយោបាយ​ក្នុងឆ្នាំនេះ​តែ​ម្តង នៅ​ពេល​វា​ត្រូវ​បាន​ចុះ​ហត្ថលេខា​សម្រេច​»៕ ប្រភព ៖ Jakarta Globe

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ