ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែទឹកទន្លេមេគង្គ និងទន្លេសាបបង្ហាញពណ៌ផ្សេងគ្នាបង្កើតជាការចាប់អារម្មណ៍នៃការប្រសព្វគ្នា

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែទឹក​ទន្លេ​ទាំង​ពីរ​ទន្លេមេគង្គ និង​ទន្លេសាប បាន​រំលេច​ចេញ​ជា​ពីរ​ពណ៌​ផ្សេង​គ្នា និង​មិន​រលាយ​ចូល​គ្នា​ដែល​បាន​បង្កើត​ជា​ផ្ទាំងទស្សនីយភាព​ក៏​ដូច​ជា ទិដ្ឋភាព​ដ៏​ប្លែក​បាន​នឹង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​បឹង​ទន្លេសាប…

រាជធានី​ភ្នំពេញ ៖ ខ្សែទឹក​ទន្លេ​ទាំង​ពីរ​ទន្លេមេគង្គ និង​ទន្លេសាប បាន​រំលេច​ចេញ​ជា​ពីរ​ពណ៌​ផ្សេង​គ្នា និង​មិន​រលាយ​ចូល​គ្នា​ដែល​បាន​បង្កើត​ជា​ផ្ទាំងទស្សនីយភាព​ក៏​ដូច​ជា ទិដ្ឋភាព​ដ៏​ប្លែក​បាន​នឹង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​រាជធានី​ភ្នំពេញ ។ នេះ​បើ​យោង​តាម​អាជ្ញាធរ​បឹង​ទន្លេសាប ។

អាជ្ញាធរ​បឹង​ទន្លេសាប នៅ​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៥ បាន​លើក​ឡើង​តាម​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០២៤​ថា ទិដ្ឋភាព​ប្លែក​ទឹកទន្លេ​ពណ៌​ពីរ​ផ្សេង​គ្នា​បង្កើត​ការ​ចាប់អារម្មណ៍​នៃ​ការ​ប្រសព្វ​ខ្សែទឹក​ទន្លេមេគង្គ និង​ទន្លេសាប ។

ប្រភព​បន្ត​ថា បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​បានឱ្យ​ដឹង​ថា ទឹកទន្លេ គឺ​មាន​ធាតុ​ផ្សំ និង​មាន​សារធាតុ​រលាយ​ខុស​ៗ​គ្នា ។ មូលហេតុ ដែល​ទឹកទន្លេ​មិន​រលាយ​ចូល​គ្នា​នេះ គឺ​បណ្តាល​មក​ពី : ទឹកទន្លេ​មាន​សីតុណ្ហភាព​មិន​ស្មើគ្នា​, ដង់ស៊ីតេ​នៃ​ទន្លេ​ទាំង​ពីរ​ខុស​គ្នា​, ទឹកទន្លេ​មាន​លំហូរ​បញ្ច្រាសទិស​គ្នា និង​ល្បឿន​លំហូរ​ទឹក​មាន​លក្ខណៈ​លឿន ឬ​យឺត​ជាង​គ្នា ។

អាជ្ញាធរ​បឹង​ទន្លេរ​សាប​បាន​លើក​ឡើង​ថា លំហូរ​ទឹក​ពី​ទន្លេមេគង្គ​នៃ​ផ្ទៃ​អាង​ខាងលើ ត្រូវ​បាន​បង្វែរ​យ៉ាង​ខ្លាំង​ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ ដែល​កើតឡើង​ក្នុង​រយៈពេល​រដូវ​ខ្យល់មូសុង​ប្រាំង និង​វស្សា ។ ជា​ទូទៅ​កម្រិត​ទឹកទន្លេ​មេគង្គ មានការ​ប្រែប្រួល​ចាប់ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា ដែល​កម្រិត​កម្ពស់​ទឹក​ទាប​កើតឡើង​ពី​ខែកុម្ភៈ ដល់​ខែមីនា និង​រដូវ​ទឹកជំនន់​កើតឡើង​ចាប់ពី​ខែមិថុនា ដល់​ខែធ្នូ ប្រមាណ ៨៥-៩៥% នៃ​ធារទឹក​សរុប​ប្រចាំឆ្នាំ ។

ទឹកជំនន់​ប្រចាំឆ្នាំ​តែងតែ​ជន់​លិច​ផ្ទៃដី​ធំ​នៃ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា និង​វៀតណាម នៃ​ផ្ទៃ​អាង​ខាងក្រោម​បឹង​ទន្លេសាប និង​ចំណុចប្រសព្វ​នៃ​ទន្លេមេគង្គ និង​ទន្លេសាប​នៅ​រាជធានី​ភ្នំពេញ ។ នៅ​រដូវវស្សា (​ឧសភា​-​តុលា​) បរិមាណ​ទឹកទន្លេ​មេគង្គ​មានការ​កើនឡើង​ខ្លាំង​ដោយសារ​ភ្លៀង​ធ្លាក់ និង​ទឹកកករ​រលាយ​ពី​តំបន់​ខ្ពង់រាប​ទី​បេ ប្រទេស​ចិន ដែល​បណ្ដាល​ឱ្យ​ល្បឿន​លំហូរ​ទឹក​លឿន និង​ខ្លាំង​នាំ​យក​កករ​មក​តិច ទាំង​សារធាតុសរីរាង្គ និង​អ​សរីរាង្គ បើ​ប្រៀបធៀប​ទៅ​នឹង​ទន្លេសាប ដែល​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​មាន​ពណ៌​ថ្លា​ជាង និង​ខៀវ​ជាង ។

ប្រភព​បន្ត​ថា ស្របគ្នា​នេះ​ដែរ លំហូរ​ទឹកទន្លេ​សាប ហូរ​បញ្ច្រាស​ដោយសារ​កម្ពស់​ទឹកទន្លេ​មេគង្គ​ខ្ពស់ ដែល​នាំ​មក​នូវ​កករ​ច្រើន​ពី​តំបន់​ទំនាប​លិច​ទឹក​ចូល​ក្នុង​ទន្លេសាប បង្ក​អោយ​ទឹកទន្លេ​សាប​មាន​សភាព​ល្អក់ និង​មាន​ពណ៌​ត្នោត ។ ភាព​ខុស​គ្នា​នេះ​បង្កើត​ព្រំដែន​ធម្មជាតិ​ដែល​ធ្វើ​ឱ្យ​ខ្សែទឹក​ទន្លេ​ទាំង​ពីរ​មិន​ងាយ​រលាយ​ជាមួយ​គ្នា​។ ទន្លេសាប និង​បឹង​ទន្លេសាប ដើរតួ​នាទី​ជា​និយ័ត​ករ​ធម្មជាតិ នៃ​ទឹកជំនន់​របស់​អាង​ទន្លេមេគង្គ​ខាងក្រោម ដោយ​បន្ថយ​កម្រិត​អតិបរមា​នៃ​ទឹកជំនន់​នៅ​ដើមរដូវ​ទឹកជំនន់ និង​ដោយ​បង្កើន​ការ​ហូរ​នៅ​រដូវប្រាំង ។

នៅ​រដូវ​ទឹកជំនន់​ការ​ហូរ​ខ្លាំង​នៃ​ទឹក​នៅ​ក្នុង​ទន្លេមេគង្គ បណ្តាល​អោយ​មានការ​ហូរ​ច្រាស​ទៅ​បឹង​ទន្លេសាប ធ្វើ​ឱ្យ​ទឹក​នៅ​បឹង​ទន្លេសាប​កើន​យ៉ាង​ខ្លាំង និង​ជន់​លិច​ព្រៃ​លិច​ទឹក ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប ។ នៅ​រដូវប្រាំង​ទឹក​បឹង​ទន្លេសាប បាន​ហូរ​ចេញ​តាម​រយៈ​ទន្លេសាប រួច​ហូរ​ចូល​ទៅ​ទន្លេមេគង្គ និង​បន្ថយ​ការ​ហូរ​ទៅ​ក្នុង​ទន្លេមេគង្គ​ប្រមាណ ១៦% ។

សូម​ជម្រាប​ផង​ដែរ​ថា ទិដ្ឋភាព​កើតឡើង​នៅ​ប្រទេស​កម្ពុជា ក៏​មាន​កើតឡើង​នៅ​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក​ផង​ដែរ ដែល​ធ្វើ​អោយ​ទឹកទន្លេ​មាន​ពណ៌​ខុស​គ្នា និង​មិន​អាច​រលាយ​ចូល​គ្នា​បាន ដូច​ជា ៖ – ទន្លេ Rio Negro និង Solimoes (​ប្រទេស​ប្រ​ស៊ី​ល​) – ទន្លេ Thompson និង Fraser (​ប្រទេស​កា​ណា​ដា​) – ទន្លេ Bhagirathi និង Alaknanda (​ប្រទេស​ឥណ្ឌា​) – ទន្លេ Danube និង Inn (​ប្រទេស​អា​ល្លឺ​ម៉​ង់​) – ទន្លេ Rhone និង Arve (​ប្រទេស​ស្វី​ស​) – ទន្លេ Green និង Colorado (​សហរដ្ឋអាមេរិក​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ