ទីក្រុងសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកយូនស៊ុកយូល ក្រោយពេលត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅសួរចម្លើយនៅអង្គភាពប្រឆាំងអំពើពុករលួយ លោកថ្លែងថាការចាប់ខ្លួនលោកកាលពីព្រឹកមិញនោះពោរពេញដោយបរិយាកាសអ័ព្ទអួរណាស់។ លោកដាក់ជាសំណួរថាតើទង្វើនេះស្របច្បាប់ដែរឬទេ។ លោកសូមបញ្ជាក់ថាមិនមែនលោកខ្លាចអំណាចរបស់សមត្ថកិច្ចទេដែលប្រគល់ខ្លួនឱ្យចាប់តាមសម្រួលនោះ ប៉ុន្តែលោកមិនចង់ប្រទាំងប្រទើសគ្នាដែលនាំទៅដល់អំពើហិង្សា។
នៅពេលលោកឃើញសមត្ថកិច្ចនាំកម្លាំងចូលទៅក្នុងបរិវេណផ្ទះរបស់លោកដែលមានប្រព័ន្ធការពារសន្តិសុខកម្រិតខ្ពស់ដោយមានកាន់អាវុធនៅក្នុងដៃផងនោះ លោកក៏សម្រេចចិត្តធ្វើទៅតាមសំណូមពររបស់ពួកគេ ខ្ជិលតវ៉ាច្រើន។ គ្រាន់តែថាទង្វើរបស់ពួកគេក៏មិនស្របទៅតាមផ្លូវច្បាប់នោះដែរ។ គោលបំណងធំបំផុតរបស់លោកគឺជៀសវាងការបង្ហូរឈាមគ្នា។
កាលពីព្រឹកមិញ តាមការបញ្ជាក់របស់លោកយូនស៊ុកយូល កម្លាំងសមត្ថកិច្ចដែលទៅព័ទ្ធចាប់ខ្លួនលោកមានគ្នាជាងបីពាន់នាក់។ ដូច្នេះកងអង្គរក្សរបស់លោក និងក្រុមអ្នកគាំទ្រអាចនឹងពិបាកទប់ទល់ដែរ។ មានន័យថាផ្ទុយពីសប្ដាហ៍មុនដែលកម្លាំងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមស៊ើបអង្កេតមានគ្នាប្រហែល៨០នាក់។
មេធាវីរបស់លោកយូនស៊ុកយូលនៅតែនិយាយដដែលឡើងវិញថាដីកាចាប់ខ្លួននោះជាដីកាខុសច្បាប់។ លោកថាតុលាការសាលាដំបូងគ្មានយុត្តាធិការដើម្បីចេញដីកានេះទេ។ ម៉្យាងទៀត អង្គភាពប្រឆាំងអំពើពុករលួយក៏គ្មានដែនសមត្ថកិច្ចដើម្បីអនុវត្តដីកានេះដែរ។
កាលពីព្រឹកមិញ គេឃើញក្បួនរថយន្តអមដំណើររបស់លោកយូនស៊ុកយូលបានចាកចេញពីគេហដ្ឋានរបស់លោកសំដៅទៅអង្គភាពប្រឆាំងអំពើពុករលួយ។ មិនយូរប៉ុន្មាន លោកត្រូវបានហ៊ុមព័ទ្ធជុំវិញដោយកងសន្តិសុខយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយបានជម្លៀសខ្លួនទៅខាងក្រោយអគារដើម្បីជៀសវាងការសាកសួររបស់អ្នកសារព័ត៌មានដែលរង់ចាំយ៉ាងត្រៀបត្រា។
ក្រោយការចាប់ខ្លួននេះ អាជ្ញាធរអាចមានសិទ្ធិឃុំខ្លួនលោកយូនស៊ុកយូលរយៈពេល៤៨ម៉ោង ឬ២ថ្ងៃនឹងអស់សុពលភាពទៅវិញហើយ។ តាមផ្លូវច្បាប់ ដើម្បីអាចឃុំឃាំងលោកជាបន្តទៀតលុះត្រាតែស្នើសុំដីកាអនុញ្ញាតឱ្យឃុំខ្លួនពីតុលាការ។ ពេលនោះអាចឃុំបាន២០ថ្ងៃជាបន្តទៀត។ បើគ្មានដីកាពីតុលាការទេត្រូវដោះលែងគាត់វិញក្រោយផុតរយៈពេល៤៨ម៉ោង។
លោកយូនស៊ុកយូលនៅពេលនេះកំពុងជាប់បណ្ដឹងនៅតុលាការចំនួន២ករណីធំៗ។ ទី១នៅតុលាការធម្មនុញ្ញពាក់ព័ន្ធនឹងការសម្រេចថានៅក្នុងរយៈពេល៦ខែទៅមុខទៀតនេះតើត្រូវដកតំណែងរបស់លោកជាស្ថាពរ ឬយ៉ាងណាតបតាមការស្នើសុំរបស់រដ្ឋសភា។ ទី២លោកក៏ប្រឈមនឹងការកាត់ទោសនៅតុលាការព្រហ្មទណ្ឌពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកផងដែរ។ បើតុលាការរកឃើញទោសដូចការចោទប្រកាន់មែន លោកអាចនឹងត្រូវប្រហារជីវិត ឬត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំ៕
ចែករំលែកព័តមាននេះ