ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែស្ពៃក្តោបដាំនៅដីខេត្តមណ្ឌលគិរី កំពុង​មាន​​​ទី​ផ្សារ​​ល្អ​

11 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ពៃក្តោប​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​ល្បី​ៗ​ប្រចាំ​ខេត្តមណ្ឌលគិរី​ដទៃ​ទៀត ដូច​ជា​ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ស្ពៃបូកគោ ខាត់ណា ដែល​ប្រជា​កសិករ​ក្នុង​ខេត្តមណ្ឌលគិរី និយម​ចូល​ចិត្ត​ដាំ…

ខេត្តមណ្ឌលគិរី ៖ ស្ពៃក្តោប​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​ល្បី​ៗ​ប្រចាំ​ខេត្តមណ្ឌលគិរី​ដទៃ​ទៀត ដូច​ជា​ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ស្ពៃបូកគោ ខាត់ណា ដែល​ប្រជា​កសិករ​ក្នុង​ខេត្តមណ្ឌលគិរី និយម​ចូល​ចិត្ត​ដាំ ដ្បិត​មាន​ទីផ្សារ​ល្អ​និង​តម្លៃ​សមរម្យ អាច​បង្កើន​ជីវភាព​ពួក​គាត់​ឱ្យ​បាន​ល្អ​ប្រសើរ ។

កត្តា​ដី​មាន​ជីវជាតិ អាកាសធាតុ​អំណោយផល ប្រភព​ទឹក​គ្រប់គ្រាន់ និង​បច្ចេកទេស​ដាំ​ដុះ​ត្រឹមត្រូវ បន្លែ​ស្ពៃក្តោប​ក្នុង​ខេត្តមណ្ឌលគិរី ហាក់បីដូចជា​មាន​រសជាតិ​ផ្អែម​ស្រួយ ខុស​ពី​តំបន់​ដទៃ​ៗ​ទៀត​ក្នុង​ប្រទេសកម្ពុជា រហូត​ដល់​មហាជន​លាន់មាត់​ថា បើ​ទៅ​លេង​ខេត្តមណ្ឌលគិរី​ហើយ​មិន​បាន​សាក​ទទួលទាន​ស្ពៃក្តោប​ដែល​ដាំ​ដុះ​ផ្ទាល់​នៅ​ទីនោះ ហាក់ដូច​មិន​បាន​ទៅ​លេង​មណ្ឌលគិរី​
អ៊ីចឹង ។

ប្រជា​កសិករ​លោក ភិន ផ​ន អនុប្រធាន​សហគមន៍​បន្លែ​សុវត្ថិភាព​កសិកម្ម​សាមគ្គី​មនោ​រម្យ រស់នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ បានឱ្យ​ដឹង​ថា ដើម្បី​អាច​ផ្គត់ផ្គង់​បន្លែ​មាន​សុវត្ថិ​ភាព​ជូន​ដល់​អតិថិជន កសិករ​ដែល​អាស្រ័យ​ការ​ដាំ​ដុះ​បន្លែ​នៅ​ក្រុង​សែន​មនោ​រម្យ បាន​ប្រមូលផ្តុំ​គ្នា​ចងក្រង​ជា​សហគម​ន៍​មាន​សមាជិក​ជា​ច្រើន​គ្រួសារ នាំ​យក​បន្លែ​ដែល​គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​សម្រាប់​បំពេញតម្រូវការ​ទីផ្សារ ។

ជា​ទូទៅ ដំណាំ​ស្ពៃក្តោប គេ​អាច​ដាំ​បាន​ដោយ​មិន​ប្រកាន់​រដូវ ប៉ុន្តែ​បើ​មាន​ភ្លៀង​ធ្លាក់​ច្រើន​អាច​ថយ​បរិមាណ​ទទួលផល ចំណែក​តម្លៃ​លក់ដុំ​និង​រាយ ការ​បញ្ជា​ទិញ​មួយ​គីឡូក្រាម​មាន​តម្លៃ​ចាប់ពី​ជាង បួន​ពាន់​រៀល ទៅ​ប្រាំមួយ​ពាន់​រៀល អាស្រ័យ​តាម​រដូវ​កាល​ប្រមូល​ផល ។

លោក សេង សៅ ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ប្រជា​កសិករ​ដាំ​បន្លែ​ស្ពៃក្តោប ក្នុង​ខេត្តមណ្ឌលគិរី អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​និង​ផ្គត់ផ្គង់​ក្នុង​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ ។

លោក សេង សៅ បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២៤​កន្លង​ទៅ ការងារ​បង្កបង្កើន​ផលដំណាំ​សាក​វប្បកម្ម​បន្លែ ល្ហុង ឪឡឹក ម្នាស់ ស្វាយ ទុរេន ប័​រ ក្រូច​វ​ល្លិ៍ និង​ស្រកានាគ អនុវត្ត​បាន​សរុប​ចំនួន ២ ៤១២ហិ​កតា កើន​លើស​ឆ្នាំ​២០២៣ ចំនួន​៦៣​ហិ​កតា និង​មាន​ទិន្នផល​មធ្យម​១២​តោន​ក្នុង​មួយ​ហិ​កតា ស្មើ​បរិមាណ​ផល​សរុប​២៧៦០៨​តោន ។

ដោយសារ​ដំណាំ​ស្ពៃក្តោប​នៅ​ខេត្តមណ្ឌលគិរី មានឱជារស​ផ្អែម​ស្រួយ​ឆ្ងាញ់​បែប​ធម្មជាតិ ល្បីល្បាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី តែងតែ​បញ្ជា​ទិញ​យក​ទៅ​ទទួលទាន​ស្ទើរ​គ្រប់​គ្នា​ៗ ។

ការ​ចាប់អារម្មណ៍​និង​ចលនា​គាំទ្រ​ផលិតផល​ក្នុងស្រុក​ពី​សំណាក់​មហាជន ជា​ពិសេស ប្រជា​កសិករ​ដាំ​បន្លែ​ផ្សេង​ៗ​គ្រប់​ប្រភេទ​ក្នុង​ខេត្តមណ្ឌលគិរី​និយាយ​ជា​រួម និង​និយាយ​ដោយឡែក បន្លែ​ស្ពៃក្តោប គឺ​ធ្វើ​ឲ្យ​ជីវភាព​ពួក​គាត់​ដែល​ជា​កសិករ បាន​ល្អ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ