ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​មិន​បាន​ប្រកាស​ថា សម្តេច​ធិ​បតី​នឹង​ចេញ​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ណា​ដំបូង​គេ​នៅ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥​នៅឡើយ ប៉ុន្តែ​ប្រសិនបើ​យោង​តាម​អ្វី​ដែល​ក្រសួង​នេះ​បាន​រៀបចំ​ដំណើរ​ទស្សនៈកិច្ច​បើក​ទំព័រ​ការទូត​សេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា​ទំនងជា​ហ្វី​លី​ពី​ន​តែ​ម្តង ។ ហេតុផល​ដែល​យើង​ហ៊ាន​លើក​ឡើង​បែប​នេះ គឺ​ដោយសារ​តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី…

ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​មិន​បាន​ប្រកាស​ថា សម្តេច​ធិ​បតី​នឹង​ចេញ​ទៅ​ទស្សនៈកិច្ច​នៅ​ប្រទេស​ណា​ដំបូង​គេ​នៅ​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥​នៅឡើយ ប៉ុន្តែ​ប្រសិនបើ​យោង​តាម​អ្វី​ដែល​ក្រសួង​នេះ​បាន​រៀបចំ​ដំណើរ​ទស្សនៈកិច្ច​បើក​ទំព័រ​ការទូត​សេដ្ឋកិច្ច​ថ្មី​របស់​កម្ពុជា​ទំនងជា​ហ្វី​លី​ពី​ន​តែ​ម្តង ។

ហេតុផល​ដែល​យើង​ហ៊ាន​លើក​ឡើង​បែប​នេះ គឺ​ដោយសារ​តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៥ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​សម្រាប់​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​នេះ ។ ក្រសួង​នេះ​មិន​បាន​បញ្ជាក់​អំពី​ពេលវេលា​ច្បាស់លាស់​នៃ​ដំណើរ​ទស្សនៈកិច្ច​នេះ​នៅឡើយ​ទេ គ្រាន់តែ​ថា ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់​សម្តេច​ធិ​បតី​នៅ​ហ្វី​លី​ពី​ន គឺ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែកុម្ភៈ ។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ដែល​គ្រោង​ធ្វើ​នៅ​ខែកុម្ភៈ​ខាង​មុខ​នេះ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា និង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​របៀបវារៈ​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ។ បន្ទាប់​ពី​ឡើង​កាន់​តំណែង​សម្តេច​ធិ​បតី បាន​អញ្ជើញ​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូ​នេ​ស៊ី​ភ្លាម​ៗ ក្រោយមក​បាន​ចេញ​ទៅ​វៀតណាម ឡាវ ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ជាដើម ។

ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាង​មុខ​របស់​សម្តេច​ធិ​បតី ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​មួយ​សម្រាប់​អាស៊ាន​ដោយសារ​តំបន់​នេះ​កំពុង​តែ​បន្ត​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ថ្មី​ៗ​ដែល​នឹង​អាច​កើត​មាន ជា​ពិសេស គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ជុំ​ថ្មី​រវាង​សហរដ្ឋអាមេរិក និង​ចិន ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​ប្រឈម​នឹង​កោលាហល​ផ្សេង​ៗ​នៅ​លើ​ពិភពលោក ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការ​ប្រែប្រួល​អាកាសធាតុ​។​ល​។

កម្ពុជា​ក្នុង​នាម​ជា​សមាជិក​សកម្ម​មួយ​របស់​អាស៊ាន​បាន​បញ្ជាក់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ឯកភាព​តំបន់ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិភាព ។ ដំណើរ​ទស្សនកិច្ច​នេះ​ទៅ​ហ្វី​លី​ពី​ន​គឺជា​ដំណើរ​ដែល​នឹង​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​ចំពោះ​គោលដៅ​រួម​ទាំងនេះ និង​ផ្តល់​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ពហុភាគី ។

របៀបវារៈ​សំខាន់​មួយ​ក្នុង​ចំណោម​របៀបវារៈ​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទំនងជា​នឹង​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ ។ ហ្វី​លី​ពី​ន អាច​ជាទី​ផ្សារ​ទំនិញ​កសិកម្ម​មួយ​របស់​កម្ពុជា ទោះជា​វិស័យ​កសិកម្ម​ក៏​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សេដ្ឋកិច្ច​ហ្វី​លី​ពី​ន​ក៏​ដោយ ប៉ុន្តែ​កម្ពុជា​អាច​នឹង​រក​ឱកាស​បំពេញ​អ្វី​ដែល​ទីផ្សារ​នៅ​ហ្វី​លី​ពី​ន​ខ្វះខាត ដើម្បី​ចែករំលែក និង​បំពេញបន្ថែម ហើយ​កិច្ច​សហប្រតិបត្តិការ​ដែល​ប្រសើរ​ឡើង​អាច​ផ្តល់​ផលប្រយោជន៍​យ៉ាង​សំខាន់​ដល់​ប្រជាជាតិ​ទាំង​ពីរ ។

នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ សម្តេច​ធិ​បតី​អាច​នឹង​ធ្វើការ​ការ​សង្កត់ធ្ងន់​លើ​ការ​ជំរុញ​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​ក្នុង​អាស៊ាន ជា​ពិសេស គឺ​រវាង​ប្រទេស​ទាំង​ពីរ ស្រប​តាម​របៀបវារៈ​នៃ​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។ ការ​ពិភាក្សា​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ស្វែងរក​មធ្យោបាយ​សម្រាប់​ការ​វិនិយោគ​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ក្នុង​វិស័យ​ពាក់ព័ន្ធ ។ ទិដ្ឋភាព​សំខាន់​មួយទៀត​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ គឺ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ និង​កង្វល់​ខាង​ភូមិសាស្ត្រ​នយោបាយ ។

ស្រប​តាម ម​ជ្ឈ​ភាព​របស់​អាស៊ាន​សម្តេច​ធិ​បតី ក៏​នឹង​អាច​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​ហ្វី​លី​ពី​ន លើ​បញ្ហា​ដូច​ជា សមុទ្រ​ចិន​ខាងត្បូង ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​អាស៊ាន និង​ការ​លើកកម្ពស់​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ខណៈ​ដែល​ហ្វី​លី​ពី​ន​ដែល​មាន​ទីតាំង​យុទ្ធសាស្ត្រ និង​ផលប្រយោជន៍​ដែនសមុទ្រ​ច្រើន គឺជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​ធានា​ថា សំឡេង​របស់​អាស៊ាន​នៅ​តែ​មាន​ភាព​ស៊ីសង្វាក់​គ្នា និង​មាន​ប្រសិទ្ធភាព​នៅ​លើ​ពិភពលោក ។

ជាង​នេះ​ទៅ​ទៀត​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ឱកាស​មួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​កម្ពុជា​-​ហ្វី​លី​ពី​ន ។ គំនិត​ផ្តួចផ្តើម​ដែល​មាន​បំណង​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌ កិច្ច​សហប្រតិបត្តិការ​ផ្នែក​អប់រំ និង​ការ​ច្នៃប្រឌិត​រួម​គ្នា​អាច​ធ្វើ​ឲ្យ​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក និង​មិត្តភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ​កាន់តែ​ស៊ីជម្រៅ ។

សរុប​ទៅ ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​ប្រទេស​ហ្វី​លី​ពី​ន នៅ​ពេល​ខាង​មុខ​តំណាង​ឱ្យ​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​នៅ​ក្នុង​ការ​ពង្រឹង​ចំណងមិត្តភាព​និង​សាមគ្គីភាព​ក៏​ដូច​ជា ភាតរភាព​នៅ​ក្នុង​តំបន់ ។ វា​ជា​ការ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​កម្ពុជា​ចំពោះ​របៀបវារៈ​អាស៊ាន ។

ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ស្ថិរភាព​ក្នុង​តំបន់ ភាព​ធន់​នឹង​អាកាសធាតុ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌ ដំណើរ​ទស្សនកិច្ច​នេះ​បញ្ជាក់​ពី​តួនាទី​របស់​កម្ពុជា​ក្នុង​នាម​ជា​សមាជិក​ដ៏​សកម្ម​របស់​អាស៊ាន ។ វា​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ចក្ខុវិស័យ​រួម​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដ៏​ស្អិតរ​មួ​ត វិបុលភាព និង​និរន្តរភាព ដោយ​ធានា​ថា អាស៊ាន​នៅ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព និង​វឌ្ឍនភាព​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ