ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ​នេះ ទោះបី​រដូវប្រាំង​ធ្លាក់​ខ្យល់ តែ​មូស​ច្រើន បើក​យុទ្ធនាការ​បា.ញ់ថ្នាំ​សម្លា.ប់​មូស ទូ​ទាំង​រាជធានី​ភ្នំពេញ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ជំងឺគ្រុនឈាម បាន​ថយ​ចុះ​ប្រមាណ​ជាង​៤០%​។ ការ​ថយ​ចុះ​អា​ត្រា​ជំងឺគ្រុនឈាម​នេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋាន ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​២០២៤ ជំងឺគ្រុនឈាម បាន​ថយ​ចុះ​ប្រមាណ​ជាង​៤០%​។ ការ​ថយ​ចុះ​អា​ត្រា​ជំងឺគ្រុនឈាម​នេះ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​មូលដ្ឋាន ខណ្ឌ​ទាំង​១៤ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​កងពលតូច​លេខ​៧០ (​ង​៧០) ដែល​បាន​សហការ​គ្នា​បាញ់ថ្នាំ​សម្លាប់​មូស​ខ្លា​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង​១៤​បាន​ល្អ​ប្រសើរ ។

បើ​តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កងកម្លាំង​កងពលតូច​លេខ​៧០ (​ង​៧០) ចំនួន​២៥​នាក់ ជាមួយ និង​ការ​ផ្តល់​អំណោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត នា​ល្ងាច​ថ្ងៃ​ទី​១៤ ខែមករា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ពោល​គឺ​មុន​ពេល​ចាប់ផ្តើម​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា នៅ​ដើមឆ្នាំ​២០២៥​នេះ នៅ​រាជធានី​ភ្នំពេញ ពិសេស​នៅ​តាម​ប្រឡាយ បាន​កើត​មូស​ជា​ច្រើន ដែល​បាន​បង្ក​អោយ​មាន​ហានិភ័យ​ចំពោះ​សុខមាលភាព​ប្រជាពលរដ្ឋ​។ ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំង​កងពលតូច​លេខ​៧០(​ង​៧០) បើក​យុទ្ធនាការ​បាញ់​សម្លាប់​មូស​ខ្លា​នៅ​ពេល​នេះ​តែ​ម្ដង ស្រប​ពេល​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​មួយ​ចំនួន បាន​និង​កំពុង​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​មូស​ខ្លា​នេះ​ជា​បន្តបន្ទាប់​ហើយ​ដែរ​។ យុទ្ធនាការ​នៅ​នេះ​យើង​នឹង​ប្រើប្រាស់​រថយន្ត​របស់​កងកម្លាំង​កងពលតូច​លេខ​៧០(​ង​៧០) បាញ់​សម្លាប់​មូស​ខ្លា ជា​ទ្រុងទ្រាយ​ធំ​នៅ​ក្នុង​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ ពិសេស​នៅ​តាម​ប្រឡាយ​ទឹក ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ក្នុង​ឱកាស​នោះ ក៏​បាន​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​មណ្ឌល​សុខភាព​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​បន្ត​តាមដាន​មើល​ពី​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។

បន្ថែម​ពីលើ​នេះ លោក ឃួ​ង ស្រេង នូវ​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​រស់នៅ​ដោយ​មាន​អនាម័យ ការពារ​កុំឱ្យ​មូស​ខ្លាខាំ នាំ​ឱ្យ​ឆ្លង​ជំងឺគ្រុនឈាម​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​វិញ សូម​រាយការណ៍​បន្ទាន់​មក​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​បើ​ទីតាំង​ណាមួយ​មាន​ហានិភ័យ ដោយសារ​មូស​ខ្លា ឬ​ជំងឺគ្រុនឈាម ។

ដើម្បី​ជា​ការ​ឆ្លើយ​តប ក៏​ដូច​ជា​ការ​អរគុណ​ចំពោះ​បងប្អូន​បង​កងពលតូច​លេខ​៧០(​ង​៧០) លោក ឃួ​ង ស្រេង បាន​នាំ​យក​នូវ​អំណោយ​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ជូន​បងប្អូន​កងពលតូច​លេខ​៧០(​ង​៧០) ចំនួន​២៥​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកបរិសុទ្ធ​៣​កេស និង​ថវិកា ចំនួន​២០​ម៉ឺន​រៀល ។

លោក ឃួ​ង ស្រេង បញ្ជាក់​ថា យុទ្ធនាការ​នេះ​ចាប់ផ្ដើម​អនុវត្ត​នៅ​ល្ងាច​នេះ​តែ​ម្ដង ជាមួយ​និង​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​បង្ការ​ទប់ស្កាត់​ជំងឺគ្រុនឈាម​ផង​ដែរ ។

លោក​វិ​ជ្ជ​បណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា សម្រាប់​ថ្ងៃ​បើក​យុទ្ធនាការ​នេះ ក​ម្លាំ​កងពលតូច​លេខ​៧០(​ង​៧០) សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ផ្តើម​ធ្វើ​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន ចំនួន​៧​ខណ្ឌ មាន​៖ ខណ្ឌមានជ័យ​, ខណ្ឌ​សែន​សុខ​, ខណ្ឌ​ពោធិ​សែន​ជ័យ​, ខណ្ឌ​ឬ​ស្សី​កែវ​,​ខណ្ឌទួលគោក​, ខណ្ឌ​បឹង​កេងកង និង​ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ