ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជ​ រដ្ឋសភា និង​ព្រឹទ្ធសភា អាច​នឹង​មាន​ពេល​ខាង​មុខ ​ស្រប​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ

23 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ក្នុង​សម័យប្រជុំ​ពេញអង្គ ​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បង្ហើប​ពី​គម្រោង​ធ្វើ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ​៖ ​ថ្លែង​ក្នុង​សម័យប្រជុំ​ពេញអង្គ ​ព្រឹទ្ធសភា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បង្ហើប​ពី​គម្រោង​ធ្វើ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នា​ពេល​ខាង​មុខ ដែល​ស្រប​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​លើកយក​បញ្ហា​សំខាន់​ៗ ​មក​ពិភាក្សា​គ្នា ​។

សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សម័យប្រជុំ​ជា​វិសាមញ្ញ​របស់​ព្រឹទ្ធសភា​កម្ពុជា ដើម្បី​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ ​។

សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​គូសបញ្ជាក់​ថា ​៖ «​ខ្ញុំ​សូម​ជូនដំណឹង​ទៅ​ដល់​សមាជិក​ព្រឹទ្ធសភា​របស់​យើង តាម​ការ​គិត និង​ការ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍ ប៉ុន្មាន​ថ្ងៃមុន​នេះ គឺ​នៅ​ក្នុង​អាណិត្ត​នេះ យើង​អាច​មាន​សមាជ​ព្រឹទ្ធសភា និង​រដ្ឋសភា ដែល​កំពុង​តែពិភាក្សា​រវាង​អគ្គលេខាធិការ​ព្រឹទ្ធសភា និង​អគ្គលេខាធិការ​រដ្ឋសភា ដើម្បី​ឈាន​ទៅ​ដល់​ការ​រៀបចំ​សមាជ​រវាង​ព្រឹទ្ធសភា និង​រដ្ឋសភា​ដូច​រដ្ឋធម្មនុញ្ញ ​បាន​ចែង ហើយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​សមាជ ហើយ​យើង​នឹង​ជ្រើសរើស ប្រធានបទ ទាក់ទង​ជាមួយនឹង​ការ​ពិភាក្សា ​ដែល​ត្រូវធ្វើ​ក្នុង​ពេល​សមាជ​នោះ​» ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា នេះ​គឺជា​ការ​រួមចំណែក​របស់​អង្គ​និ​តិ​បញ្ញត្តិ ​ទាំង​ពីរ​ថ្នាក់ ជាមួយ​កិច្ចការ​ទូទៅ​របស់​រដ្ឋាភិបាល​កម្ពុជា​។ យោង​តាម​ច្បាប់​ស្តី​ពី ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​ នៃ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា ត្រង់​មាត្រា​២ បាន​ចែង​ថា សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា គឺជា​ការ​ប្រជុំ​រួម​គ្នា ​នៃ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​របស់​ប្រទេស​ជាតិ​ ក្នុង​ករណី​ចាំបាច់​ ។

ក្នុង​មាត្រា​៣ នៃ​ច្បាប់​រដ្ឋ​ធម្ម​នុ​ញ្ញា បាន​លើក​ឡើង​ផង​ដែរ​ថា បញ្ហា​សំខាន់​ៗ​របស់​ប្រទេស​មាន ​៖ ​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​។​ ករណី​មាន​ប្រធាន​សក្តិ បណ្តាល​ឱ្យ​មាន​វិនាសកម្ម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជាតិ និង​ប្រជាជន ឬករណី​ផ្សេង​ៗ​ទៀត ដែល​គណៈកម្មាធិការ​សមាជ​យល់​ឃើញ​ថា ​ជា​បញ្ហា​សំខាន់​របស់​ប្រទេស​ជាតិ​ ។

សូម​ជម្រាប​ថា ​នៅ​ព្រឹក​ថ្ងៃ​ដដែល ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ អង្គប្រជុំ​បាន​ដំណើរការ​ដោយ​មាន​របៀបវារៈ ​តែ​មួយ ​គឺ​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​កម្ពុជា ​ដោយ​សំឡេង​គាំទ្រ​ចំនួន ៥៩​សំឡេង នៃ​ចំនួន​សមាជិក ព្រឹទ្ធសភា​ទាំងមូល​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ស្តី​ពី​លទ្ធផល ​នៃ​សម័យប្រជុំ​ព្រឹទ្ធសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ ។

សេចក្តី​ប្រកាស​ឱ្យ​ដឹង​ទៀត​ថា ព្រឹទ្ធសភា​កម្ពុជា បាន​បើក​សម័យប្រជុំ​ជា​វិសាមញ្ញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដោយ​មាន​វត្តមាន​សមាជិក ព្រឹទ្ធសភា​ចូលរួម​ចំនួន​ ៥៩​រូប ​។

ក្នុង​អង្គប្រជុំ​ព្រឹទ្ធសភា​នា​ថ្ងៃនេះ បាន​ដំណើរការ​ដោយ​មាន​របៀបវារៈ​តែ​មួយ ​គឺ​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​កម្ពុជា​។ ក្នុង​នោះ​បាន​អនុលោម​តាម​ប្រការ​៨២​ នៃ​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​បច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភា​ចំនួន​២៣​រូប បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា​។ ការ​ធ្វើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង​នេះ គឺ​ផ្អែក​លើ​គោលការណ៍​នីតិកម្ម នៃ​ការ​រៀបចំ​បទ​ប្បញ្ញត្តិ​គតិ​យុ​ត្ត ​ដែល​ឆ្លើយ​តប​យ៉ាង​សម​ស្រប ទៅ​នឹង​តួនាទី​របស់​ព្រឹទ្ធសភា ​ដែល​ជា​អង្គការ​ដែល​មាន​អំណាចនីតិប្បញ្ញត្តិ​ ។

សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នេះ មាន​១៧​ជំពូក ចែក​ចេញ​ជា ៨៩​ប្រការ ដោយ​បាន​ចែង​លម្អិត​អំពី «​នីតិវិធី​នៃ​សម័យប្រជុំ និង​សកម្មភាព​ផ្សេង​ៗ​នៃ​ព្រឹទ្ធសភា ព្រមទាំង រចនាសម្ព័ន្ធ និង​យន្តការ​នានា ​នៃ​ព្រឹទ្ធសភា និង​វិធាន​ផ្ទៃក្នុង​មួយ​ចំនួន​»​។ ការ​រៀបចំ​បទ​ប្បញ្ញត្តិ​នេះ ក៏​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​យល់ និង​មាន​លំដាប់លំដោយ ប្រទាក់ក្រឡា​គ្នា​ពី​បទ​ប្បញ្ញត្តិ មួយ​ទៅ​បទ​ប្បញ្ញត្តិ​មួយ និង​មាន​ព័ត៌មាន​គ្រប់គ្រាន់ ដែល​អាច​ដឹង​បាន​យ៉ាង​ឆាប់រហ័ស​នូវ​ទំនាក់ ទំនង​ជាមួយ​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ទៀត ​។

សេចក្តី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​ព្រឹទ្ធសភា ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​មុខងារ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជា​ពិសេស​ឱ្យ​ស្រប​ទៅ​នឹង​បរិបទ ​នៃ​ការ​រីក​ចម្រើន​នៅ​ក្នុង​សេដ្ឋកិច្ច​សង្គម កា​រវិ​វត្ត​ឥត​ឈប់​ឈរ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទស្សនវិស័យ​វែង​ឆ្ងាយ របស់​ព្រឹទ្ធសភា​នីតិកាល​ទី​៥​ ។

ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​នេះ ក៏​ជា​ពេលវេលា​ដ៏​សំខាន់​បំផុត​មួយ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ដោយហេតុ​ថា នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៥ នេះ កាលពី​៤០​ឆ្នាំ​មុន សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ឯកច្ឆន្ទ ជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋមន្ត្រី​ក្នុង​វ័យ ៣២​ឆ្នាំ (​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ