ខេត្តបាត់ដំបង ៖ ក្រោយពីបាត់ខ្លួនកុមារាម្នាក់ អាយុ០៥ឆ្នាំ ពីក្នុងសាលារៀន អស់រយៈពេលជាង០៥ម៉ោង ខណៈទាំងអាណាព្យាបាល ទាំងសមត្ថកិច្ច និងលោកគ្រូអ្នកគ្រូ បានប្រឹងប្រែងនាំគ្នាស្វែងរកគ្រប់ទិសទី នៅតែគ្មានតម្រុយ ស្រាប់តែបែរជាគេចុះរាវ រកឃើញកុមារាអភ័ព្វនេះ នៅក្នុងទឹកស្ទឹងសង្កែ នៅខាងក្រោយសាលារៀនរបស់ខ្លួនទៅវិញ នៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៤ ខែមករានេះ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង តែអកុសលកុមារាអភ័យរូបនេះបានបាត់បង់ជីវិតទៅហើយ ។
សមត្ថកិច្ចបានស្រង់សម្ដីអាណាព្យាបាលថា កុមារារងគ្រោះឈ្មោះ តែ ហុកហេង អាយុ០៥ឆ្នាំ។ កុមារារូបនេះ រៀននៅ«វិទ្យាល័យអប់រំពិសេសបាត់ដំបង» ដែលគេនិយមហៅ «សាលា គថ្លង់» សម្រាប់បង្រៀនកុមារៗ ភាគច្រើនមានបញ្ហាស្មារតី មានទីតាំងស្ថិតនៅក្បែរកន្លែងកើតហេតុ ។
បើតាមក្រុមគ្រួសារកុមារ៉ារងគ្រោះ ដែលបានផ្សព្វផ្សាយជូនដំណឹងតាមបណ្ដាញសង្គម ដែលមានភ្ជាប់ទាំងរូបថតកុមារាប៉ុន្មានសន្លឹកផង បានឲ្យដឹងថា កុមារារងគ្រោះរូបនេះ បានបាត់ខ្លួនពីសាលានូវម៉ោងប្រហែល១១ព្រឹកថ្ងៃទី១៤ មករា ២០២៥ ។ ក្រោយពីទទួលដំណឹងនេះភ្លាម អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ រួមទាំងសមត្ថកិច្ចផង បានព្យាយាមប្រឹងប្រែង ស្វែងរកកុមារារូបនេះ ស្ទើរគ្រប់ទិសទី តែពុំមានតម្រុយបន្តិចឡើយ ។ ជាមួយនឹងការប្រឹងប្រែងស្វែងរកគ្រប់ទីកន្លែងនេះ កម្លាំងសមត្ថកិច្ច និងគ្រូបង្រៀន ក៏បានឆែករកមើលក្នុងកាមេរ៉ាសុវត្ថិភាពផងដែរ ។
ប្រភពពីសមត្ថកិច្ចថា ក្នុងកុមារាសុវត្ថិភាព គេមើលឃើញកុមារារូបនេះ ដើរចេញទៅខាងក្រោយសាលា ដែលមានស្ទឹងខាងក្រោយ ចម្ងាយប្រហែល៣០ម៉ែត្រ តែបានបាត់ដាន នៅត្រឹមរបងខាងក្រោយ ដែលមានទ្វារចេញចូល ។ គេរកឃើញ ស្បែកជើងនៅក្បែរសាលា តែមិនឃើញកុមាររងគ្រោះ ។ ក្រោយពីកក្រុមគ្រួសារ និងសមត្ថកិច្ចស្វែងរកអស់រយៈពេលច្រើនម៉ោង ប៉ុន្តែមិនអស់ចិត្ត សមត្ថកិច្ច សាច់ញាតិ និងអ្នកភូមិ ក៏សម្រេចចុះរាវ រកក្នុងទឹកស្ទឹងខាងក្រោយសាលារៀន ស្រាប់តែប្រទះឃើញកុមាររងគ្រោះ ស្លាប់នៅក្នុងទឹកស្ទឹង ដែលស្ថិតនៅខាងក្រោយសាលារបស់ខ្លួនប្រហែល៣០ម៉ែត្រ ។
បើតាមសមត្ថកិច្ចបានប្រាប់ថា កុមារារងគ្រោះ អាចដើរចេញតាមទ្វារក្រោយ សំដៅទៅទឹកស្ទឹងសង្កែ ពីព្រោះទ្វាររបងសាលារៀននេះ ដែលមានស្ទឹងនៅខាងក្រោយ មិនបានបិទទេ ។ ដូច្នេះហើយ ទើបកុមារនោះ អាចដើរចេញទៅរកស្ទឹង ហើយ ទំនងកុមារានោះចុះហែលទឹក ទើបលង់ស្លា.ប់ដោយពុំមានអ្នកឃើញបែបនេះ ៕
ចែករំលែកព័តមាននេះ