ទីក្រុងហាណូយ៖ សារព័ត៌មានរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោកមីស៊ូស្ទីន (Mishustin) ទៅប្រទេសវៀតណាម។ ទូរទស្សន៍ប៉ុស្តិ៍លេខ១ (Channel One) របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូផ្សាយថាដំណើរទស្សនកិច្ចលើកនេះបានពាំនាំមកជាមួយនូវរបៀបវារៈមួយចំនួនដែលផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងមនុស្សធម៌។
នៅក្នុងរបាយការណ៍របស់ខ្លួន ទីភ្នាក់ងារព័ត៌មានរុស្ស៊ីតាស់ (TASS) ក៏រំលេចឱ្យឃើញពីការរៀបចំបដិសណ្ឋារកិច្ចដ៏មហោឡារិកពីសំណាក់ប្រទេសវៀតណាមនៅអាកាសយានដ្ឋានទីក្រុងហាណូយ។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលើកនេះគូសបញ្ជាក់ថាប្រទេសទាំង២មានទំនាក់ទំនងកាន់តែរឹងមាំក្នុងនាមជាសម្ព័ន្ធមិត្តចាស់វស្សាតាំងពីសម័យសង្គ្រាមនៅឌៀនបៀនហ្វ៊ូ ឬសង្គ្រាមឥណ្ឌូចិនលើកទីមួយពីឆ្នាំ១៩៤៥-១៩៥៤។
គួរកត់សម្គាល់ថាទស្សនកិច្ចនេះធ្វើឡើងកន្លះឆ្នាំក្រោយពេលលោកពូទីនធ្វើដំណើរទៅទីក្រុងហាណូយកាលពីឆ្នាំ២០២៤។ កាលនោះ លោកតូឡាមក្នុងនាមជាប្រធានាធិបតី (មិនទាន់ឡើងតំណែងជាអគ្គលេខាបក្សទេ) បានបង្ហាញពីបំណងចង់ពង្រីកកិច្ចសហការខាងវិស័យការពារជាតិជាមួយទីក្រុងម៉ូស្គូក្នុងនាមម៉ូស្គូជាអ្នកលក់អាវុធធំជាងគេទៅឱ្យវៀតណាម។
នាយករដ្ឋមន្ត្រីរុស្ស៊ីគ្រោងជួបលោកតូឡាម និងថ្នាក់ដឹកនាំកំពូលៗដទៃទៀតរួមទាំងនាយករដ្ឋមន្ត្រីផាំមិញជិញផងដែរ។ ភាគីទាំង២នឹងពិភាក្សាគ្នាអំពីការអភិវឌ្ឍគម្រោងសំខាន់ៗនៅក្នុងវិស័យថាមពល និងឧស្សាហកម្ម។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានជាផ្លូវការរបស់វៀតណាម។
តាំងពីថ្ងៃចន្ទម្សិលមិញ លោកអាឡិចស៊ី លីកាឆេវ (Alexey Likhchev) ដែលជាអគ្គនាយកក្រុមហ៊ុនអគ្គិសនីរបស់រុស្ស៊ីឈ្មោះរ៉ូសាទុំ (Rosatom) បានធ្វើដំណើរទៅដល់ទីក្រុងហាណូយ។ លោកត្រៀមសាងសង់រោងចក្រនុយក្លេអ៊ែរជាច្រើនកន្លែងនៅទូទាំងប្រទេសវៀតណាម។ នេះបើយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលវៀតណាម។
វៀតណាមឥឡូវនេះមានតម្រូវការភ្លើងអគ្គិសនីច្រើនព្រោះមនុស្សក៏ច្រើនរហូតដល់ជាង១០០លាននាក់ រោងចក្រ ឧស្សាហកម្មក៏ច្រើន ក្រុមអ្នកវិនិយោគដែលធ្លាប់មានរោងចក្រនៅប្រទេសចិនចាប់ផ្ដើមរើរោងចក្រទៅវៀតណាមដើម្បីគេចចេញពីការដំឡើងពន្ធរបស់លោកត្រាំ។ រោងចក្ររបស់ប្រទេសចិនក៏រើទៅវៀតណាមច្រើនផងដែរ។
ដូច្នេះ វៀតណាមពិតជាត្រូវការជាចាំបាច់នូវរោងចក្រនុយក្លេអ៊ែរដែលអាចផលិតបានថាមពលអគ្គិសនីរាប់ពាន់ រាប់ម៉ឺនមេហ្កាវ៉ាត់។ បើមិនដូច្នេះទេមិនអាចរត់រួចទៅនឹងតម្រូវការជាក់ស្ដែងបានឡើយ។ ប្រសិនបើវៀតណាមនៅតែបន្តផលិតអគ្គិសនីដោយរោងចក្រធម្មតាៗទៅមិនរួចទេ ចំណាយថ្លៃដើមច្រើនណាស់។ ផលិតដោយនុយក្លេអ៊ែរចំណេញច្រើនបំផុត៕
ចែករំលែកព័តមាននេះ