ខេត្តមណ្ឌលគិរី ៖ បុរសជនជាតិដើមភាគតិចព្នងម្នាក់ បានត្រូវដំរីព្រៃជាន់ស្លាប់ខណៈចូលទៅដាក់អន្ទាក់មាន់ព្រៃគ្រាន់ទុកធ្វើម្ហូប ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ វេលាម៉ោងប្រហែល៧ព្រឹក នៅចំណុចអូរច្រា ស្ថិតក្នុងភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ។
សេចក្តីរាយការណ៍នៅរសៀលថ្ងៃទី១៤ ខែមករា បានឲ្យដឹងថា ជនរងគ្រោះដោយសារដំរីជាន់នេះឈ្មោះ ព្លឹង គោញ អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ ខាងលើ ។
បើតាមកូនជនរងគ្រោះនិយាយថា ដោយរហូតដល់យប់មិនឃើញឪពុកត្រឡប់មកផ្ទះវិញ ទើបនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានទៅបបួលបងប្អូនទៅតាមរកឪពុក ។
នៅពេលខ្លួនដើររកដល់ចំណុចអូរច្រា ស្ថិតក្នុងភូមិពូចា ឃុំស្រែព្រះ ក៏ប្រទះឃើញឪពុកស្លាប់នៅលើដី ។ ភ្លាមនោះ ឪពុកមារបស់ខ្លួនឈ្មោះ លើម វន បានទាក់ទងប្រាប់ទៅប្រជាការពារភូមិពូចា ដើម្បីឱ្យរាយការណ៍ទៅសមត្ថកិច្ច ។
ក្រោយពេលទទួលបានព័ត៌មាននេះ នគរបាលប៉ុស្តិ៍ស្រែព្រះ ក៏បានទៅដល់កន្លែងប្រទះឃើញនោះ ដើម្បីពិនិត្យសពនិងកន្លែងកើតហេតុ។
តាមរយៈការពិនិត្យនេះ សមត្ថកិច្ចសន្និដ្ឋានថា បុរសឈ្មោះ ព្លឹង គោញ ស្លាប់ដោយសារដំរីជាន់ មិនមែនជាករណីឃាតកម្មទេ ដោយមានស្នាមជើងដំរីជាន់នៅមុខ ជើង និងពោះ ៕
ចែករំលែកព័តមាននេះ