ទីក្រុងញូយ៉ក៖ លោកត្រាំត្រូវតុលាការទីក្រុងញូយ៉កសម្រេចសេចក្ដីនៅក្នុងសំណុំរឿងសូកប៉ាន់ប្រាក់ទៅឱ្យតួវីឌីអូអាសអាភាស។ តុលាការសម្រេចថាលោកមិនចាំបាច់អនុវត្តទោសនៅក្នុងពន្ធនាគារទេ ហើយអាចស្បថចូលកាន់តំណែងនៅសេតវិមានដោយគ្មានបញ្ហា។ លោកត្រាំបង្ហាញខ្លួននៅក្នុងតុលាការតាមប្រព័ន្ធវីឌីអូពីគេហដ្ឋានរបស់គាត់នៅរដ្ឋផ្លរីដា។
នេះជាលើកទី១ដែលអតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីម្នាក់ត្រូវតុលាការកាត់ទោស។ សំណុំរឿងកាត់ទោសនៅតុលាការទីក្រុងញូយ៉កនោះប្រហែលជាកើតមានតែម្ដងគត់សម្រាប់លោកត្រាំនៅក្នុងចំណោមសំណុំរឿងព្រហ្មទណ្ឌចំនួនបួន។ រឿងបីទៀតប្រហែលជាត្រូវទុកចោលហើយ ហើយការកាត់ក្ដីនៅថ្ងៃនេះប្រហែលមានតែម្ដងនេះគត់។
នៅក្នុងការថ្លែងរយៈពេល៦នាទីទៅកាន់តុលាការ លោកត្រាំបានរក្សាឥរិយាបថស្ងប់ស្ងាត់ និងនិយាយមួយៗ។ លោកចាត់ទុកថាសំណុំរឿងនេះគឺជាអ្វីដែលរដ្ឋាភិបាល (របស់លោកបៃដិន) យកតុលាការធ្វើជាអាវុធសម្រាប់ប្រឆាំងនឹងលោក ហើយនេះជាក្ដីអាម៉ាស់សម្រាប់ទីក្រុងញូយ៉ក។ លោកអះអាងថាលោកជាមនុស្សស្អាតស្អំ និងមិនបានធ្វើអ្វីខុសច្បាប់ទេ។
សំណុំរឿងនេះប្រៀបបាននឹងការប្រមាញ់ធ្មប់នៅក្នុងរឿងនយោបាយដូច្នោះដែរ។ ពួកគេរៀបចំឈុតឆាកនេះឡើងដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់លោក និងដើម្បីឱ្យលោកចាញ់ឆ្នោត។ ប៉ុន្តែយុទ្ធសាស្ត្រនេះមិនបានជោគជ័យទេ។ ខាងលើនេះជាអ្វីដែលលោកត្រាំថ្លែងតាមខ្សែអាត់វីឌីអូផ្ញើជូនទៅតុលាការ។ ក្រោយសេចក្ដីសម្រេចរបស់តុលាការ លោកត្រាំបង្ហោះនៅលើបណ្ដាញសង្គមថាការបើកសវនាការកាត់ទោសរូបលោកនៅថ្ងៃនេះប្រៀបបាននឹងឆាកល្ខោនដែលគួរឱ្យស្អប់ខ្ពើម។
លោកត្រាំថ្លែងបន្តទៀតថាលោកត្រៀមដាក់ពាក្យប្ដឹងទាស់នឹងសេចក្ដីសម្រេចរបស់តុលាការសាលាដំបូង។ បើតាមស្ថានទម្ងន់ទោសរបស់លោកត្រាំ ចៅក្រមអាចនឹងផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៤ឆ្នាំ។ ប៉ុន្តែចៅក្រមសម្រេចជ្រើសរើសវិធីកាត់ទោសផ្សេងពីនេះ។ ចៅក្រមសម្រេចមិនដាក់ពន្ធនាគារលោកត្រាំទេ ហើយអនុញ្ញាតឱ្យលោកកាន់តំណែងនៅអាណត្តិថ្មី។ ប៉ុន្តែលោកមិនអាចគេចផុតពីការមានទោសពៃរ៍នោះឡើយ ហើយត្រូវតែកត់ត្រាទុកនៅក្នុងបញ្ជីរបស់តុលាការ។
សេចក្ដីសម្រេចរបស់តុលាការដែលហៅម៉្យាងទៀតថាការសម្រេចឱ្យនៅក្រៅឃុំដោយឥតលក្ខខណ្ឌនោះជាករណីដ៏កម្រ។ ករណីបែបនេះច្រើនឡើងចំពោះបទល្មើសកម្រិតស្រាល ឬអនីតិជនតែប៉ុណ្ណោះ។ ប៉ុន្តែបទល្មើសព្រហ្មទណ្ឌតួយ៉ាងដូចជាលោកត្រាំជាដើមជាករណីដែលពុំធ្លាប់មាន។ ចៅក្រមថ្លែងថាខ្លួនត្រូវតែទទួលស្គាល់ថាលោកត្រាំក្រោយពេលស្បថចូលកាន់តំណែងនឹងក្លាយជាប្រធានាធិបតីនៅក្នុងមុខតំណែងដែលមានអភ័យឯកសិទ្ធិ៕
ចែករំលែកព័តមាននេះ