ទីក្រុងបាងកក៖ នគរបាលថៃបន្តស្វែងរកជនជាតិចិន២នាក់ទៀតដែលបាត់ខ្លួននៅពេលធ្វើដំណើរទៅប្រទេសថៃ។ សមត្ថកិច្ចកំពុងសង្ស័យថាអ្នកទាំង២អាចនឹងលង់ខ្លួននៅក្នុងអំពើរត់ពន្ធមនុស្ស។ សំណុំរឿងនេះស្រដៀងនឹងករណីតារាសម្ដែងជនជាតិចិនម្នាក់ទៀតឈ្មោះវ៉ាងស៊ីងដែលត្រូវគេជួយសង្គ្រោះបានទាន់ពេលវេលា។ លោកវ៉ាងស៊ីងនៅពេលទៅដល់ប្រទេសថៃមិនយូរប៉ុន្មានក៏បាត់ខ្លួនមួយរំពេច។ ប៉ុន្មានថ្ងៃក្រោយមក គេរកឃើញគាត់នៅព្រំដែនប្រទេសភូមា។
ទីនោះសម្បូរបណ្ដាញសង្គមងងឹតដែលរកស៊ីខាងឆបោក និងជំរិតទារប្រាក់តាមអនឡាញ។ សមត្ថកិច្ចថៃអះអាងថាវ៉ាងស៊ីងជាជនរងគ្រោះនៅក្នុងអំពើរត់ពន្ធមនុស្ស។ ឥឡូវនេះលេចចេញករណីសង្ស័យឆបោកថ្មីទៀតកើតឡើងចំពោះតារាសម្ដែងជនជាតិចិនឈ្មោះយ៉ាងសឺជីដែលបាត់ខ្លួនកាលពីចុងខែធ្នូ និងម្នាក់ទៀតជានារីជនជាតិចិនឈ្មោះអ៊ូជាជីក៏បាត់ខ្លួនផងដែរ។
នៅក្នុងករណីបាត់ខ្លួនយ៉ាងសឺជី ក្រុមគ្រួសារបានផ្សព្វផ្សាយតាមបណ្ដាញសង្គម និងស្វែងរកការធ្វើអន្តរាគមន៍។ នេះបើតាមនគរបាលថៃទទួលបន្ទុកខាងស៊ើបអង្កេត។ បងប្អូនជីដូនមួយរបស់គាត់បានបង្ហោះដំណឹងបាត់ខ្លួនតាមបណ្ដាញសង្គមវេបូ។ យ៉ាងសឺជីធ្វើដំណើរទៅប្រទេសថៃបន្ទាប់ពីមានគេទាក់ទងតាមឆាតកាលពីថ្ងៃទី៨ ខែធ្នូដើម្បីថតកុននៅប្រទេសថៃ។
យ៉ាងក៏បានបបួលមិត្តភក្តិដទៃទៀតក្រែងលោពួកគេចាប់អារម្មណ៍នឹងការថតកុននេះដែរ។ ប៉ុន្តែដោយសារជាប់រវល់សម្ដែងនៅប្រទេសចិនដែរ ដូច្នេះពួកគេមិនបានទៅប្រទេសថៃទេ។ យ៉ាងចាកចេញពីទីក្រុងប៉េកាំងនៅថ្ងៃទី២០ ខែធ្នូ។ ពេលទៅដល់ព្រលានយន្តហោះសុវណ្ណភូមិមានគេចាំទទួលគាត់ និងដឹកបន្តទៅព្រំដែនភូមា-ថៃ។ ១ថ្ងៃក្រោយមក យ៉ាងផ្ញើសារទៅមិត្តភក្ដិ និងសម្ដែងការខកចិត្តយ៉ាងខ្លាំងនឹងការងារនេះ។ មិនយូរប៉ុន្មាន ពួកគេក៏ដាច់ការទាក់ទងគ្នាជាមួយគាត់ទាំងស្រុង។
កន្លងផុតទៅបានប៉ុន្មានថ្ងៃនៅថ្ងៃទី២៩ ខែធ្នូ យ៉ាងទាក់ទងតាមវីឌីអូខលទៅម្ដាយរបស់គាត់ និងប្រាប់ថាគាត់មានសុវត្ថិភាពជាធម្មតាទេ។ ប៉ុន្តែម្ដាយគាត់សង្កេតឃើញស្នាមជាំនៅភ្នែកទាំងសងខាង។ មើលទៅរូបរាងរបស់គាត់ក៏មិនមែនមានសុខភាពល្អប៉ុន្មានដែរ។ មិត្តភក្ដិរបស់យ៉ាងក៏ទាក់ទងទៅសមត្ថកិច្ចចិន និងទាក់ទងទៅស្ថានទូតចិនប្រចាំប្រទេសថៃ និងភូមា។
បងប្អូនជីដូនមួយរបស់គាត់យល់ថាករណីរបស់យ៉ាងសឺជីក៏មិនខុសពីវ៉ាងស៊ីងនោះដែរ។ ហេតុនេះគាត់ក៏សម្រេចចិត្តផ្សាយដំណឹងបាត់ខ្លួននេះតាមអ៊ីនធឺណិត។ នៅក្នុងករណីនារីជនជាតិចិនឈ្មោះអ៊ូជាជី នាងមានអាយុ២១ឆ្នាំ រៀនចប់បរិញ្ញាប័ត្រ។ នៅពេលទៅដល់ប្រទេសថៃមិនយូរប៉ុន្មានកាលពីថ្ងៃទី៦ ខែមករានាងក៏ដាច់ការទាក់ទងជាមួយក្រុមគ្រួសារជារៀងរហូត។
ប៉ារបស់នាងប្រាប់ថានេះជាលើកដំបូងដែលកូនស្រីគាត់ធ្វើដំណើរទៅក្រៅប្រទេស។ នាងចាកចេញពីប្រទេសចិនជាមួយមិត្តភក្ដិម្នាក់ដែលស្គាល់គ្នាតាមអនឡាញទើបតែបានមិនដល់១ខែទេ។ ទៅដល់ប្រទេសថៃនៅម៉ោង៤ជិតភ្លឺ នាងបានទាក់ទងទៅម្ដាយតាមវីឆេត និងបង្ហោះទីតាំង និងគម្រោងស្នាក់នៅក្បែរព្រលានយន្តហោះដនមឿង។ ម្ដាយផ្ដាំថាកុំទៅប្រទេសភូមា ហើយនាងក៏បានតបថានាងមិនទៅទីនោះទេ។ នៅម៉ោង៤ល្ងាចថ្ងៃដដែល ពួកគេក៏ដាច់ការទាក់ទងគ្នាជារៀងរហូត។
លទ្ធផលស៊ើបអង្កេតបង្ហាញថារថយន្ត១គ្រឿងបានទៅទទួលនាងអ៊ូជាជីដល់ព្រលានយន្តហោះសុវណ្ណភូមិ ហើយដឹកចូលសណ្ឋាគារ។ បុគ្គលិកសណ្ឋាគារប្រាប់ថានាងកត់ឈ្មោះចូលស្នាក់នៅនៅម៉ោង៥ជិតភ្លឺ។ ៤ម៉ោងក្រោយមក នាងក៏បានចាកចេញពីសណ្ឋាគារដើម្បីបន្តដំណើរទៅកន្លែងផ្សេង។ ប៉ារបស់នាងក៏ជិះយន្តហោះវឹងទៅបាងកកភ្លាម ហើយទាក់ទងទៅនគរបាលថៃដើម្បីស្នើសុំអន្តរាគមន៍។ ប៉ុន្តែរហូតមកដល់ពេលនេះ លទ្ធផលយ៉ាងណានៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕
ចែករំលែកព័តមាននេះ