ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្តី​អន្តរាយ​ដល់​ប្រទេស​ជាតិ និង​ពលរដ្ឋ ក្នុង​របប ប៉ុ​ល ពត បាន​ឆ្លុះ​ប​ញ្ចាំង​ពី​ការ​ធ្វើ​បដិវត្តន៍​ដ៏​គ្រោះថ្នាក់​សម្រាប់​កម្ពុជា

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ដើរ​នយោបាយ​ខុស​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ និង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ គឺ​ផ្តល់​ក្តី​អន្តរាយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន ដូច​របប​ខ្មែរក្រហម​ដែល​ជា​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ…

រាជធានីភ្នំពេញ​ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ដើរ​នយោបាយ​ខុស​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ និង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់ គឺ​ផ្តល់​ក្តី​អន្តរាយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន ដូច​របប​ខ្មែរក្រហម​ដែល​ជា​សង្គ្រាមស៊ីវិល​រវាង​ខ្មែរ និង​ខ្មែរ កា.ប់សម្លា.ប់​គ្នា​ឯង ​។ ការ​លើក​ឡើង​បែប​នេះ អំឡុង​ពេល​ដែល​កម្ពុជា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៦​ឆ្នាំ នៃ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ថ្ងៃ​ទី​ ៧ មក​រា ឆ្នាំ​ ២០២៥​ ។ ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ថា ខ្មែរ​ត្រូវ​រួម​គ្នា​ថែរក្សា​សន្តិភាព ឯកភាព​ជាតិ ស្ថេ​រ​ភាព​នយោបាយ ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​កុំឱ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ ។​ 

លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង អ្នកជំនាញ​ផ្នែក​ទស្សនវិជ្ជា និង​ការ​អភិវឌ្ឍ​សង្គម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ភ្លើង​សង្គ្រាមស៊ីវិល​ដែល​ឆាបឆេះ​តាំងពី​ដើម​ទសវត្សរ៍ ឆ្នាំ ​១៩៧០ បាន​ផ្តល់​នូវ​គុណវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាជាតិ​កម្ពុជា ការ​កា.ប់សម្លា.ប់​ខ្មែរ​គ្នា​ឯង បំផ្លាញ​ទ្រព្យសម្បតិ​ជាតិ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិ​ផុងខ្លួន​អន្តរាយ​ ។ ទាំងនេះ​សុទ្ធសឹងតែ​កើតឡើង​ពី​ការ​ដើរ​នយោបាយ​ខុស និង​ការ​ធ្វើ​បដិវត្តន៍​ដើម្បី​ឡើង​កាន់​អំណាច​ពី​សំណាក់​អ្នកនយោបាយ ដែល​ឈាន​ដល់​ការ​បែកបាក់​ផ្ទៃក្នុង ផុងខ្លួន​ក្នុង​សង្គ្រាម​គ្នា​ឯង​ ។ អ្នកជំនាញ​ផ្នែក​ទស្សនវិជ្ជា​រូប​នេះ​មើលឃើញ​ថា “​ថ្ងៃ​ ៧ មក​រា​”  ជា​ថ្ងៃ​រស់រាន​មានជីវិត​ជា​ថ្មី ថ្ងៃកំណើត​នៃ​ការ​អភិវឌ្ឍ និង​ជា​ប្រភព​កំណើត​នៃ​សន្តិភាព​នៅ​កម្ពុជា ក្រោយ​ពេល​បញ្ចប់​ភ្លើង​សង្គ្រាមស៊ីវិល​ដែល​បាន​ឆាបឆេះ​តាំងពី​ដើម​ទសវត្សរ៍ ឆ្នាំ​១៩៧០ ​។ ថ្ងៃ​ ៧ មក​រា គឺ​នៅ​តែ​ជា​ថ្ងៃ​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល ​។

ជុំវិញ​ការ​លើក​ឡើង​នេះ​ដែរ អ្នកជំនាញ​ផ្នែក​ទស្សនវិជ្ជា​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ទម្រាំ​បាន​មក​ទល់​ថ្ងៃនេះ កម្ពុជា​បាន​ឆ្លងកាត់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​គ្មាន​អ្វី​នឹង​ថ្លែង ដូច្នេះ​ហើយ​អ្នកនយោបាយ​ប្រឆាំង​ដែល​តែងតែ​លើក​ឡើង​ពី​ការ​ធ្វើ​សកម្មភាព​ខុសច្បាប់ តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍ និង​រដ្ឋប្រហារ​ជាដើម ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ន័យ​នេះ គួរ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​បែប​នេះ​ត​ទៀត ដែល​វា​ជា​ការ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​សង្គម​ជាតិ ជាន់​ដាន​ប្រវត្តិសាស្ត្រ ដែល​ភាព​ភ័យ​ខ្លាច​នៅ​តែ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​របស់​ប្រជាជាតិ​ជា​និច្ច​ ។

លោក​បណ្ឌិត​មើលឃើញ​ថា ដូច្នេះ ថ្ងៃ ​៧ មក​រា ជា​សច្ចភាព​ប្រវត្តិសាស្ត្រ និង​ជា​មេរៀន​ដែល​ត្រូវ​ចង​ចាំ​, ចង​ចាំ​ពី​ស្ថាបនិក ៧ មក​រា ដែល​ជា​ទេវតា​រំដោះជាតិ​និង​ប្រជាជន​, អ្នក​ស្តារ កសាង និង​អភិវឌ្ឍ​ជាតិ​, ត្រូវ​ចង​ចាំ​ពី​ទស្សនវិជ្ជា​ឯកភាព ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​, ត្រូវ​ចង​ចាំ​បិតា​ស្ថាបនិក​សន្តិភាព និង​ចារឹក​ទុក​នូវ​វប្បធម៌​សន្តិភាព​យូរអង្វែង​តទៅ​មុខ​ទៀត ​។

ចំណែក​លោក​បណ្ឌិត ឈាង វ​ណ្ណា​រិ​ទ្ធ ស្ថាបនិក និង​ជានា​យក​ឧទ្យាន​នវានុវត្តន៍​សង្គម​អង្គរ​ (ASIP) បាន​មើលឃើញ​ដែរ​ថា ថ្ងៃ ​៧ ខែមករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ដែល​បាន​មក​ពី​ការ​បូជា​ឈាម​ស្រស់ សាច់​ស្រស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ជា​ទូទៅ​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កំណើត​ទី​ពីរ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​ ។ លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ថែម​ថា ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នេះ​ គឺជា​ការលះបង់​ដើម្បី​សង្គ្រោះ​ប្រជាជាតិ​កម្ពុជា ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ចេញពី​វាល​ពិឃាត​ ។ ក្នុង​ន័យ​នេះ​យុវជន​ជំនាន់​ក្រោយ អ្នក​ដែល​កើត​ក្រោយ​ឆ្នាំ ១៩៧៩ ត្រូវ​តែ​ចង​ចាំ​ថ្ងៃនេះ ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លេច​បាន ថ្ងៃ​ដែល​ប្រជាជាតិ​កម្ពុជា​មាន​សេរីភាព និង​ការ​អភិវឌ្ឍ​ ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា បាន​គូសបញ្ជាក់​ថា រឿង​ដែល​បាន​កើតឡើង​កាលពី​អតីតកាល ផុងខ្លួន​ក្នុង​សង្គ្រាម នេះ​ក៏​ជា​មេរៀន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ដឹកនាំ​ប្រទេស​ជាតិ ការ​ដឹកនាំ​នយោបាយ​ដែល​ខុសឆ្គង នឹង​នាំ​ទៅ​ដល់​ការ​សម្រេចចិត្ត​ខុស នាំ​ទៅ​ដល់​បដិវត្តន៍​ដ៏​មហន្តរាយ ដែល​មិន​ត្រឹមតែ​នាំ​ទៅ​ដល់​ការ​បែកបាក់​ជាតិ និង​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ខ្ទេចខ្ទាំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នាំ​ទៅ​ដល់​ការ​កា.ប់សម្លា.ប់​យ៉ាង​រង្គាល​លើ​ជាតិ​សាសន៍​ឯង​ផង​ដែរ ​៕ អត្ថបទសហការ