សិស្ស ប៊ែលធី និទ្ទេស A ១៩១ រូប ចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី ១២ ចំនួន ២,៧៩៧នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ មកនេះ សាលា ប៊ែលធី…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ មកនេះ សាលា ប៊ែលធី…
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៥ មកនេះ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធីនិទ្ទេស A ចំនួន ១៩១រូប ជូនសិស្សថ្នាក់ទី ១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់ និងផ្សាយបន្ត (Live) ទៅសិស្សគ្រប់សាខា សរុបចំនួន ២,៧៩៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅបានឱ្យដឹងថា ៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (២៨សាខា កំពុងដំណើរការ និង ៤សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ។
សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ១២ បានចូលរួមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំនួន ២,៤៣១នាក់ (ពីរពាន់បួនរយសាមសិបមួយនាក់) ក្នុងនោះ ជាប់ ២,៣២៨នាក់ (ពីរពាន់បីរយម្ភៃប្រាំបីនាក់) ស្មើនឹង ៩៥.៧៦% និងមានសិស្សនិទ្ទេស A ចំនួន ១៩១នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្ស គ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ ។
ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១៩១រូប បានចែករំលែកបទពិសោធន៍ជោគជ័យ ដែលមានកត្តារួមផ្សំសំខាន់ៗ ៤ គឺ ១- កត្តាខ្លួនឯង ២- កត្តាគ្រួសារ ៣- កត្តាសាលា និង ៤- កត្តាសង្គម ៖ ១-កត្តាខ្លួនឯង ៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និងមានសុខភាពល្អ, ២- កត្តាគ្រួសារ ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ-ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ-អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើក ទឹកចិត្តបុត្រធីតា និងសហការល្អជាមួយគណៈគ្រប់គ្រងសាលា៣-កត្តាសាលា ៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង ១២ គ្រូមានសមត្ថភាព-បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា, ៤- កត្តាសង្គម ៖ ដោយប្រទេសមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សា របស់ក្រសួង និងសាលាបានដាក់ចុះ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិរហូតទទួលបានជោគជ័យនាពេលនេះ។ ជាពិសេសបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូន ដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យ និងសហការយ៉ាងជិតស្និត ជាមួយគណៈគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើស រើសនូវមុខវិជ្ជាណា ដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតសរសើរនិងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១៩១រូប នាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៣៥រូប ផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ