ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម TAFTAC ៖ ប្រាក់​ឈ្នួល​ថ្មី បូក​បន្ថែមទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀតសរុប​ប្រមាណ ៣០០​ ដុល្លារ គឺ​សម​ល្មមសម្រាប់​ទ្រទ្រង់​ជីវភាពកម្មករនិយោជិត

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អគ្គលេខាធិការ​រង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំ​ង ម៉ូ​នី​កា…

រាជធានីភ្នំពេញ​ ៖ អគ្គលេខាធិការ​រង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំ​ង ម៉ូ​នី​កា បាន​លើក​ឡើង​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប សម្រាប់​ឆ្នាំ​ ២០២៥ រួម​បញ្ចូល​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​បងប្អូន​កម្មករនិយោជិត​នៅ​កម្ពុជា​ទទួល​បាន​ប្រចាំខែ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព និង​ជា​ប្រភព​ចំណូល​ថ្មី​បន្ថែម​មួយ​កំរិត​ទៀត​សម្រាប់​គ្រួសារ​របស់​ពួក​គាត់ ​។

អគ្គលេខាធិការ​រង​នៃ​សមាគម TAFTAC រូប​នេះ បាន​ពន្យល់​ថា ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០២៥ ចំនួន ២០៨​ដុល្លារ បូក​រួម​ទាំង​ប្រាក់​រង្វាន់ និង​ប្រាក់​ឧបត្ថម្ភ រួម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​និយោជក និង​រាជរដ្ឋាភិបាល​ផ្តល់​ជូន​កម្មករនិយោជិត​ទៀត​នោះ គឺ​កម្មករនិយោជិត​ក​ម្នាក់​នឹង​ទទួល​បាន​ចំណូល​ប្រចាំខែ​សរុប​ប្រមាណ​ជា ​៣០០​ដុល្លារ ក្នុង​មួយ​ខែ​ ។ ចំណូល​នេះ​គឺ​សម​ល្មម​សម្រាប់​កម្មករនិយោជិត ហើយ​អាច​ជួយ​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​បាន​មួយ​ផ្នែក​ធំ​ ។

សម្រាប់​លោក​មើលឃើញ​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ២០៨​ដុល្លារ ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​មាន​កម្រិត​ឧស្សាហកម្ម​ដូច​កម្ពុជា គឺ​ប្រទេស​កម្ពុជា​មាន​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាងគេ​បន្តិច​។ ដូច្នេះ​ប្រទេស​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កម្រិត​ប្រកួតប្រជែង​ខ្ពស់​ជាមួយ​បណ្តា​ប្រទេស​ទាំងនោះ​ក្នុង​កម្រិត​ការ​វិនិយោគ​លើ​វិស័យ​ដូច​គ្នា​នេះ​ផង​ដែរ ​។

លោក កាំ​ង ម៉ូ​នី​កា សង្កត់ធ្ងន់​ថា តាម​រយៈ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដាក់​ចេញ​គោលនយោបាយ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ឆ្នាំ ​២០២២-២០២៧ ក៏​ដូច​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​កំណែរ​ទម្រង់​លើ​សេវា​សាធារណៈ និង​ការ​កាត់​បន្ថយ​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នោះ លោក​សង្ឃឹមថា​កម្ពុជា​នៅ​តែ​រក្សា​ភាពរឹងមាំ និង​រក្សា​បាន​កំណើន​វិនិយោគ​លើ​វិស័យ​មួយ​នេះ ​។

ទន្ទឹម​នេះ លោកស្រី ខាន់ នារ​តី ជា​កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ ​២០២៥ ចំនួន ២០៨​ដុល្លារ រួម​បញ្ចូល​បន្ថែម​លើ​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ដែល​កំពុង​ទទួល​បាន​ស្រាប់ វា​នឹង​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​គាត់ ហើយ​អាច​សន្សំ​សំចៃ​បាន​មួយ​ផ្នែក​ទៀត​ដើម្បី​ពង្រឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ។

កម្មការិនី​រូប​នេះ​បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​គឺជា​រឿង​សំខាន់ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​តួលេខ​ប្រាក់​ឈ្នួល​នេះ​អាច​រក្សា​បាន​នូវ​ស្ថេ​រ​ភាព​ការងារ​សម្រាប់​កម្មករនិយោជិត​។ កម្មការិនី​រូប​នេះ​សប្បាយចិត្ត​នៅ​ពេល​ដែល​ខ្លួន​នៅ​តែ​អាច​បន្ត​បំពេញការងារ​នៅ​កន្លែងធ្វើការ​បាន និង​មានការ​ងារ​ថ្មី​ៗ​បន្ត​មក​ជា​ហូរហែ​ដែល​ធ្វើ​ឱ្យ​ខ្លួន​នៅ​តែ​បន្ត​អាច​ទទួល​បាន​ប្រាក់​ចំណូល និង​ការងារ​ធ្វើ​ជាប់​ជា​ប្រចាំ ​។

ដោយឡែក​លោក លាង សា​វឿ​ន ជា​កម្មករនិយោជិត​រោងចក្រ​កាត់ដេរ ក្នុង​រាជធានី​ភ្នំពេញ​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ជីវភាព​របស់​ខ្លួន​លំបាក ក៏​ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ចំណូល​ប្រចាំខែ​របស់​ខ្លួន​មាន​ភាពល្អ​ប្រសើរ ក្នុង​នាម​ជា​កម្មករ​កាត់ដេរ​។​ដោយឡែក​ប្រាក់​ឈ្នួល​ថ្មី​ចំនួន ២០៨​ដុល្លារ​ក្នុង​មួយ​ខែ បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​ជា​ច្រើន នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​ខ្លួន​កាន់តែ​ប្រសើរ​ជាង​មុន​ថែម​ទៀត​ ។

កម្មករ​រូប​នេះ​សប្បាយចិត្ត​នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​ថ្មី នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ​២០២៥ នេះ​តទៅ​។ លោក​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែង​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករនិយោជិត​ជា​រៀង​រាល់​ឆ្នាំ បើ​ទោះបី​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ដែល​ទាំងនេះ​បង្ហាញ​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​គិតគូរ​សុខទុក្ខ​របស់​កម្មករនិយោជិត​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ចាប់តាំងពី​សម្តេច​តេ​ជោ ហ៊ុន សែន ជា​អតីត​នាយក​រដ្ឋមន្ត្រី បន្ត​មក​ដល់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ ៕ អត្ថបទសហការ