ខេត្តស្វាយរៀង ៖ សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យជាឃា.តករបានហើយ ករណីសម្លា.ប់នាង.គម្នាក់ ប្លន់យកទ្រព្យសម្បត្តិ ហើយជនសង្ស័យរូបនេះ និងនារីរងគ្រោះ ជាសង្សារនឹងគ្នាផងដែរ ។
ប្រភពពីនគរបាលខេត្តស្វាយរៀង បានអោយដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ប្រាក់ សារ៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាប្រធានឥណទាន(មេCO) នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ នៅស្រុករមាសហែក មានទីលំនៅភូមិត្រពាំងអំពឹល ឃុំសំបួរ ស្រុកស្វាយទាប ។
អ្វីដែលគួរឲ្យហួសចិត្តនោះ គឺជនសង្ស័យមានគូដណ្តឹង ហើយជិតដល់ថ្ងៃចូលរោងការទៀត ពោលគឺនៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ ហើយទំនងជានារីរងគ្រោះដឹងរឿងថាជនសង្ស័យជាសង្សារ ជិតចូលរោងការចោលនាង ទើបមានទំនាស់កើតឡើង ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានណាត់នារីរងគ្រោះ មកជួប ក៏ធ្វើសកម្មភាពវាយសម្លា.ប់ និងប្លន់យកទ្រព្យសម្បត្តិ ប៉ុន្តែទំនងជាភ័យ ទើបពេលរត់គេចខ្លួន បានបន្សល់ទុកស្បែកជើង និងម៉ូតូ ១គ្រឿង រហូតដល់សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបាន នៅស្រុករមាសហែក ហើយបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ។
សូមជម្រាបថា កាលពីវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានពីអាជ្ញាធរភូមិថា មានករណីមនុស្សលង់ទឹកប្រឡាយស្លា.ប់ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុក សហការជាមួយកម្លាំងការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ដឹកដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និងក្រុមគ្រូពេទ្យ ធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ ឈ្មោះ ឡ.រ.ន ភេទស្រី អាយុ២៨ឆ្នាំ ជាមនុស្សគ នៅទីតាំងកើតហេតុ។ ក្រោយធ្វើកោសល្យវិច័យ រួចមក ក្រុមការងារសន្និដ្ឋានថា ជាករណីឃា.តកម្ម ។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៨ ធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ និងឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យ០១នាក់ ឈ្មោះ ប្រាក់សារ៉េត ភេទប្រុស អាយុ ២៥ឆ្នាំ នៅត្រង់ចំណុចភូមិអារ័ក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក។ ព្រមទាំងដកហូត ៖ ម៉ូតូ ០១គ្រឿង, ទូរសព្ទដៃ ០១គ្រឿង, ប្រាក់រៀល ៧,១០០,០០០រៀល និងដំបង ០២ដើម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយសម្លា.ប់ជនរងគ្រោះពិតប្រាកដមែន និងបានយកចិញ្ជៀន១វង់, កង់ដៃមួយឈុត, ខ្សែ.ក និងទូរសព្ទដៃ ១គ្រឿង ពីជនរងគ្រោះ ។
ក្រោយសួរចម្លើយសារភាព លោកអធិការស្រុក បានសុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
គួររំលឹកថា មានករណីអំពើឃា.តកម្មមួយដ៏រន្ធត់ទៅលើនាងគ ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើល ដោយដាក់ការសង្ស័យថា មានជនណាម្នាក់ បានហៅនាងទៅជួប ហើយក៏វាយសម្លា.ប់យកស.ព ទៅទម្លាក់ចោលក្នុងទឹកប្រឡាយ ។
ករណីភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៣ ធ្នូ ២០២៤ នៅចំណុចប្រឡាយទឹក ក្នុងចំការប្រេងខ្យល់ ខាងក្រោយផ្ទះអ្នកស្រុកប្រមាណជាង១០០ម៉ែត្រ ស្ថិតនៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឡ.រ.ន ហៅធុងសាំង ភេទស្រី អាយុ២៧ឆ្នាំ ជាជនមានពិការភាព(គ) តែអាចស្តាប់ឮ និងចេះសរសេរអក្សរ និងអានអក្សរ មុខរបរ កម្មកររោងចក្រ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមសាច់ញាតិនារីរងគ្រោះ បានឲ្យដឹងថា នារីរងគ្រោះបានចេញបាត់ពីផ្ទះ ប្រហែលក្នុងវេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២២ ធ្នូ ២០២៤ ។
ប្រភពបន្តថា សង្ស័យមានគេហៅនាង ឲ្យទៅជួប នៅក្នុងចំការប្រេងខ្យល់ក្រោយភូមិ ហើយក៏វាយសម្លា.ប់រួចយកស.ពទៅទម្លាក់ចោលក្នុងទឹកប្រឡាយ គួរឲ្យរន្ធត់។ លុះព្រឹកឡើង អ្នកភូមិធ្វើដំណើរតាមផ្លូវភ្លឺប្រឡាយ ក៏ប្រទះឃើញសាកស.ពនារីរងគ្រោះអណ្តែតក្នុងទឹកប្រឡាយ ក៏មានការឆោឡោ ប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យ និងអន្តរាគមន៍តែម្តង ។
ប្រភពបន្តទៀតថា ក្រោយមក សមត្ថកិច្ចបានរាយការណ៍ជូនលោកស្នងការនគបាលខេត្តស្វាយរៀង ក៏បានចាត់មន្ត្រីជំនាញការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគបាលខេត្ត ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព ជាលទ្ធផលរកឃើញថា ជនសង្ស័យ បានធ្វើសកម្មភាពយកដំបងកំណាត់ដើមប្រេងខ្យល់ វាយសម្លាប់ជនរងគ្រោះ ។
វត្ថុតាងបន្យល់ទុកកន្លែងកើតហេតុ រួមមាន ៖
-ម៉ូតូឌ្រីមសង់សេ១២៥ ស្លាក់លេខភ្នំពេញ 1CQ-3597
-ស្បែកជើងមួយគូ
-ដំបងកំណាត់ដើមប្រេងខ្យល់ ០២កំណាត់
សម្ភារៈ បាត់បង់ រួមមាន ៖
-ខ្សែ.ក ផ្លាកទីន ចំនួន០១ខ្សែ ទម្ងន់០១ជី
-ជញ្ចៀនមាស ទម្ងន់០១ជី
-កងដៃផ្លាកទីន ចំនួន១០កង ។
ក្រោយពិនិត្យធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចក៏បានប្រគល់សាកស.ពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីនេះដែរ សមត្ថកិច្ចបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតតាមចាប់ឃាត់ខ្លួនជនដៃដល់បាន ហើយលោកចៅក្រមបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀង រួចហើយនៅថ្ងៃទី២៧ ធ្នូ ២០២៤នេះ ៕
ចែករំលែកព័តមាននេះ