ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងការ​ចរចា​អំពី​ការ​រុករក និង​ធ្វើ​អាជីវកម្ម​រួម​គ្នា នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ រវាង​កម្ពុជា និង​ថៃ ទំនងជា​ត្រូវ​ពន្យារពេល​សិន ក្រោយ​ពេល​ក្រុម​ជាតិនិយម​ថៃ​រុក​គួ​ន​ខ្លាំង​លើ​គម្រោងការ​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ត្រៀម និង​រៀបចំ​ខ្លួន​លើ​ផែនការ​នេះ​សម្រាប់​កម្ពុជា…

គម្រោងការ​ចរចា​អំពី​ការ​រុករក និង​ធ្វើ​អាជីវកម្ម​រួម​គ្នា នៅ​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ រវាង​កម្ពុជា និង​ថៃ ទំនងជា​ត្រូវ​ពន្យារពេល​សិន ក្រោយ​ពេល​ក្រុម​ជាតិនិយម​ថៃ​រុក​គួ​ន​ខ្លាំង​លើ​គម្រោងការ​នេះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ការ​ត្រៀម និង​រៀបចំ​ខ្លួន​លើ​ផែនការ​នេះ​សម្រាប់​កម្ពុជា គួរ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ឲ្យ​កាន់តែ​សុ​ក្រិ​ត្រ ។

រហូត​មក​ដល់​ពេល​នេះ គម្រោងការ​រុករក​កំណប់​រ៉ែ​ក្រោម​សមុទ្រ នៅ​ក្នុង​តំបន់​នោះ​មិនមែន​ជា​គម្រោង​អាទិភាព​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក្រោម​ការ​ផ្តួចផ្តើម​ដោយ​ថៃ ហើយ​ដើម្បី​រក្សា​ផលប្រយោជន៍​ជាតិ​ក៏​ដូច​ជា ដើម្បី​ការពារ​ដែន​អធិបតេយ្យ និង​បូរណភាព​ទឹកដី កម្ពុជា​ចាំបាច់​ត្រូវ​តែ​ឆ្លើយ​តប​ឲ្យ​បាន​គ្រប់​រូបភាព ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន the Nation បាន​រាយការណ៍​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ផែនការ​រុករក និង​ធ្វើ​អាជីវកម្ម​នៅ​តំបន់​ត្រួតស៊ីគ្នា នៅ​ឈូង​សមុទ្រ​ថៃ ត្រូវ​បាន​ក្រសួង​ថាមពល​ថៃ​សម្រេច​ដក​ចេញពី​ផែនការ​ថាមពល​ជាតិ​របស់​ខ្លួន​សិន​ដោយសារ​កិច្ច​ពិភាក្សា​ជាមួយ​កម្ពុជា លើ​ការ​រុករក​រួម​គ្នា​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅឡើយ ។

ប្រភព​បាន​និយាយ​ថា លោក ភី​រ៉ា​ផា​ន់ សាឡី​រ៉ា​ថា​វី​បា​ចា (Pirapan Salirathavibhaga ) រដ្ឋមន្ត្រី​ថាមពល បច្ចុប្បន្ន​កំពុង​បង្កើត​ក្រុម​មួយ ដើម្បី​កែសម្រួល​ផែនការ​ថាមពល​ជាតិ ជា​ពិសេស​ទាក់ទង​នឹង​ផែនការ​អភិវឌ្ឍ​ថាមពល​ដែល​តម្រូវ​ឱ្យ​មានការ​កែសម្រួល​ជា​ច្រើន ដើម្បី​ឱ្យ​សម​ស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន​របស់​ថៃ ។

ប្រភព​ដដែល​បាន​បន្ត​ថា ផែនការ​ថាមពល​ពី​មុន ក្រសួង​រំពឹង​ថា ប្រភព​ថាមពល​ឧស្ម័ន​ធម្មជាតិ​ពី​តំបន់​ត្រួតស៊ីគ្នា​នៅ​ឈូង​សមុទ្រ​ថៃ​នេះ​អាច​ជា​ប្រភព​ថាមពល​ដែល​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ឧស្ម័ន​នេះ សម្រាប់​ថៃ ផលិត​អគ្គិសនី​ពីព្រោះ​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា ដែល​មាន​ទំហំ​ប្រមាណ​ជា​២៦.០០០​គីឡូ​ម៉ែត្រការ៉េ គឺ​មាន​ធនធាន​ឧស្ម័ន​ធម្មជាតិ​ប្រមាណ​ជា​២៨៣​ពាន់​លាន​ម៉ែត្រគូប និង​ប្រេង​ឆៅ​ប្រមាណ​ជា​៣00 លាន​បារ៉ែល ។

ប្រភព​ដដែល​បាន​បង្ហើប​ថា ឥឡូវនេះ​ផែនការ​នេះ​ទំនងជា​លែង​មាន​រូបភាព​ហើយ ដោយ​ក្រសួង​នឹង​ផ្តោត​លើ​ការ​សិក្សាការ​រុករក​ប្រេង​នៅ​តំបន់​២៥-២៦ នៃ​ដែនសមុទ្រ អាន​ដា​ម៉ា​ន (Andaman) ជាប់​ព្រំដែន​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជំនួស​វិញ ។

ប្រភព​បាន​និយាយ​ថា ក្រសួង​រំពឹង​ថា ការ​ដេញថ្លៃ​សម្រាប់​គម្រោង​រុករក​នៅ​អាន​ដា​ម៉ា​ន​នឹង​ចាប់ផ្តើម​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ ដោយ​បន្ថែម​ថា ក្រុមហ៊ុន​ជា​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួក​គេ​រួច​ហើយ រួម​មាន​ក្រុមហ៊ុន Chevron របស់​អា​មេ​រិ​ក ក្រុមហ៊ុន Total របស់​បារាំង និង​ក្រុមហ៊ុន PTT Exploration and Production របស់​ថៃ​ផ្ទាល់ ទោះបីជា​កាលពី​ឆ្នាំ​២០០៥ ធ្លាប់​មានការ​ប៉ុនប៉ង​ម្តង​តែ​ពេល​នោះ​បច្ចេកវិទ្យា​មិន​ទាន់​ទំនើប​ទើប​រុករក​មិន​ទាន់​ប្រាកដ ។

ថៃ​ពិតជា​ត្រូវការ​ប្រភព​ថាមពល​ខ្លាំង​មែន ដើម្បី​បំពេញ​សេចក្តី​ត្រូវការ និង​ដើម្បី​ធានារ​សន្តិសុខ​ថាមពល​ដើម្បី​ធានា​និរន្ត​ភាព​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០​លាន​នាក់​របស់​ខ្លួន ។ សម្រាប់​កម្ពុជា​ក៏​ត្រូវការ ថាមពល​ពី​កំណត់​រ៉ែ​ទាំងនេះ​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ​កម្ពុជា​នៅ​មិន​ទាន់​ត្រូវការ​ចាំបាច់​ខ្លាំង​ដូច​ជា ថៃ​នៅឡើយ ។

កាលពី​ឆ្នាំ​២០០១ នៅ​ពេល​ដែល​ថៃ​ផ្តួចផ្តើម​គម្រោង​នេះ​ឡើង ភាគី​កម្ពុជា​ក៏​យល់​ស្រប​ហើយ​ចុះ​អនុសា​រណៈ​យោគយល់​គ្នា ហើយ​នៅ​ឆ្នាំ​២០២៣ កន្លង​ទៅ​ថៃ​ក៏​បាន​បង្ហើប​ពី​ផែនការ​នេះ​ជា​ថ្មី​ដោយ​គ្រោង​នឹង បើក​ការ​ចរចា​ឈាន​ទៅ​រក​ការ​រុករក និង​ធ្វើ​អាជីវកម្ម ។ កម្ពុជា​ក៏​បង្ហាញ​សមានចិត្ត​គាំទ្រ ។ ជា​ឆន្ទៈ​របស់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ នៅ​ក្នុង​គោលបំណង​បាន​ផលប្រយោជន៍​ផ្នែក​ថាមពល​ផង ហើយ​ក៏​បាន​ផលប្រយោជន៍​មួយទៀត គឺ​ការ​បើកផ្លូវ​ឈាន​ទៅ​រក​ការ​កំណត់ព្រំដែន​ទឹក​របស់​ប្រទេស​ទាំង​ពីរ​ឲ្យ​ជ្រះស្រឡះ ។

តាម​ស្ថិតិ​ដែល​កត់ត្រា​ដោយ គេហទំព័រ statista.com បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​ថ្ងៃ​តម្រូវការ​ឧស្ម័ន​ធម្មជាតិ​ដែល​ថៃ​បាន​ប្រើប្រាស់ គឺ​ប្រមាណ​ជា​ជិត​៧៧​លាន​ម៉ែត្រគូប ។ ដោយឡែក​កម្ពុជា​នៅ​មិន​ទាន់​មាន ស្ថិត​នៅឡើយ​ទេ ស្រប​ពេល​ដែល​តម្រូវការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​នេះ គឺ​មាន​បរិមាណ​នៅ​តិច​នៅឡើយ ប៉ុន្តែ​ក៏​មាន​ផែនការ​បញ្ចូល​វា​នៅ​ក្នុង​ផែនការ​ផលិត​ថាមពល​ដែរ ។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ ថៃ​ត្រូវការ​ធនធាន​នេះ​ខ្លាំង​ទើបបាន​ជំរុញ​ផែនការ​នេះ​ឲ្យ​បាន​លឿន ប៉ុន្តែ​ដោយសារ​តែ​ក្រុមប្រឆាំង​យក​រឿង​ជាតិនិយម​វាយប្រហារ​ខ្លាំង ជា​ពិសេស គឺ​ក្រោយ​ការ​ចេញ​មុខ​ដោយ លោក ស៊ុន​ធិ លី​ម​ថង​គុល អតីត​មេដឹកនាំ​បាតុករ​លុកលុយ​អាកាសយានដ្ឋាន​អន្តរជាតិ កាលពី​ឆ្នាំ​២០០៨ ទើប​អាច​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​គោលដៅ​បែប​នេះ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កម្ពុជា​ត្រូវ​តែ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​អាច​មាន​សមត្ថភាព​ឆ្លើយ​តប​ប្រកបដោយ​ភាព​វ័យឆ្លាត​រាល់​ការ​ប្រែប្រួល​ដែល​អាច​កើត​មាន​ឡើង​តាម​គ្រប់​រូបភាព​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ