ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខេត្ត​​ឱ្យ​ម្ចាស់​សណ្ឋា​គារ​ ផ្ទះ​សំណាក់ ​ត្រូវ​រាយ​ការ​ណ៍​ពី​ជន​បរទេស​

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​សាល​ប្រជុំ «​ក​» សាលាខេត្ត ឯកឧត្តម អ៊ុំ…

ខេត្តបន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤​កន្លង​ទៅ នៅ​សាល​ប្រជុំ «​ក​» សាលាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត និង​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍ បានអញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​លេខ​០០៣​ផ​ក ចុះ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​វត្តមាន​ស្នាក់​នៅ​របស់​ជនបរទេស ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធរដ្ឋបាល​ក្រុង​-​ស្រុក ម្ចាស់​សណ្ឋា គារ ផ្ទះ​សំណា​ក់ ។

នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ បាន​ថ្លែង​ថា ដើម្បី​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍ និង​ច្បាប់​ស្តី​ពី​ការងារ ក្រសួងមហាផ្ទៃ​បាន​រៀបចំ​វិធានការ កម្លាំង និង​មធ្យោ បាយ ជា​ក្រុមការងារ​ប្រតិបត្តិការ​ថ្នាក់​អន្តរ​អ​គ្គៈ ដើម្បី​គាំទ្រ​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​/​ខេត្ត ក្នុង​ការ​អនុវត្ត​សេចក្តីណែនាំ​លេខ ០២៨​សណ​ន ចុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ធ្វើ​បច្ចុប្បន្នភាព​ជនបរទេស​អន្តោប្រវេសន៍​ឱ្យមាន​ប្រសិទ្ធភាព ។ ពង្រឹង​វិស័យ​សន្តិសុខ​សុវត្ថិ
ភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​តាម​បណ្តា​រាជធានី​/​ខេត្ត ដើម្បី​ធានា​សុខដុម​នី​យ​កម្ម​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​វិ​និយោគ​ជាតិ​-​អន្តរជាតិ​ឱ្យមក​ទស្សនា និង​ប្រកប​របរ​រកស៊ី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ជំនឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​ឡើង ។

នា​ឱកាស​នោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ម្ចាស់​សណ្ឋាគារ ផ្ទះ​សំណា​ក់ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បីធ្វើការ​ស្រាវជ្រាវ ស្រង់​ទិន្នន័យ​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា ក៏​ដូច​ជា​ខេត្ត​បន្ទាយ​មានជ័យ ទាំង​រស់នៅ​ស្របច្បាប់​និង​មិន​ស្របច្បាប់ ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ បើសិនជា​មាន​ករណី​ជនបរទេស​មក​ស្នាក់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវ​ចុះ​ស្រង់​ទិន្នន័យ សួរ​ព័ត៌មាន ក៏​ដូច​ជា​ឯកសារ​ពាក់ព័ន្ធ ទាក់ទិន​នឹង​ការ​ស្នាក់​ក្នុង​ប្រទេស​កម្ពុជា ។

យោង​តាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ បាន​បង្ហាញ​ថា ក្នុង​ខេត្តបន្ទាយមានជ័យ​មាន ៖ ១-​ជនបរទេស​អន្តោ​ប្រវេ​សន្ត សរុប​ចំនួន​២៨៨​គ្រួសារ មនុស្ស​រាយ​៤៣៦​នាក់​(​ស្រី​១៧៣​នាក់​) មាន​៥​សញ្ជាតិ ។ ២-​ជនបរទេស​មិនមែន​អន្តោ​ប្រវេ​សន្ត សរុប​ចំនួន ១ ៦១៥២​នាក់​(​ស្រី ៤០៨៦​នាក់​) មាន​៥៨​សញ្ជាតិ ប្រកប​របរ​ភាគច្រើន​គឺ​នៅ​តាម​រោងចក្រ សណ្ឋាគារ កាស៊ីណូ និង​អាជីវកម្ម​ផ្សេង​ៗ​។

ជនបរទេស​ស្នាក់​នៅ​ច្រើន​ជាងគេ​តាម​ប្រព័ន្ធ FPCS មាន​៧​សញ្ជាតិ ក្នុង​នោះ​មាន ឥណ្ឌូ​ណេ​ស៊ី មាន​ចំនួន ៤ ២០១​នាក់​(​ស្រី​១ ០៦៩​នាក់​) ចិន​ចំនួន ៤ ១៩០​នាក់​(​ស្រី​៧០៤​នាក់​) វៀតណាម​ចំនួន ២ ២៥៩​នាក់​(​ស្រី​៩៨៧​នាក់​) ឥណ្ឌា​ចំនួន ៩៣៦​នាក់​(​ស្រី​៥២​នាក់​) ថៃ​ចំនួន​៧៧០​នាក់​(​ស្រី​៣៦៣​នាក់​) សាធារណរដ្ឋ​កូរ៉េ ចំនួន​៦៩៣​នាក់​(​ស្រី​៩៥​នាក់​) និង​ប៉ា​គី​ស្ថាន​ចំនួន​៤២១​នាក់​(​ស្រី​២៧​នាក់​) ។

ទន្ទឹម​នឹង​នេះ លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ស្រាវជ្រាវ​សង្គ្រោះ​ជនបរទេស​ប្រចាំឆ្នាំ​២០២៤ ដែល​បាន​សុំ​អន្តរាគមន៍​សរុប​មាន​ចំនួន​១១៧​ករណី ក្នុង​នោះ​តាម​រយៈ​ប្រភព​ហ្វេ​ស​ប៊ុ​កក្រសួង មហាផ្ទៃ​ចំនួន​៤៥​ករណី ហត​ឡាញ​ជន​បរទេស ៥៨​ករណី ហត​ឡាញ​១១៧ ចំនួន​១២​ករណី និង​ពី​ស្ថានទូត​ចំនួន​២​ករណី ។

ការ​ធ្វើ​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ជាក់ស្តែង​បាន​ចំនួន​៣១​ករណី មាន​មនុស្ស​៦២​នាក់​(​ស្រី​១១​នាក់​) រក​មិនឃើញ​កំពុង​ស្រាវជ្រាវ​បន្ត​ចំនួន​៤១​ករណី មនុស្ស​ចំនួន​១២៤​នាក់​(​ស្រី​២៨​នាក់​) និង​ត្រឡប់​ទៅ​វិញ​ដោយ​ខ្លួនឯង​ចំនួន ៤៥​ករណី មនុស្ស ៨០​នាក់​(​ស្រី​១៩​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ