ទីក្រុងសេអ៊ូល៖ បន្ទាប់ពីព្យួរតំណែងលោកយូនស៊ុករួចនៅមិនទាន់អស់ចិត្ត គណបក្សប្រឆាំងនៅកូរ៉េខាងត្បូងព្រមានដកតំណែងប្រធានាធិបតីស្ដីទី លោកហានដុកស៊ូ (Han Duck-soo) ថែមទៀត។ ពួកគេទាមទារឱ្យលោកចុះហត្ថលេខាលើក្រឹត្យថ្មីមួយដើម្បីបើកផ្លូវឱ្យអាជ្ញាធរស៊ើបអង្កេតសំណុំរឿងរបស់លោកយូនស៊ុកយូលពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក។
លោកហានដុកស៊ូកាលពីមុននេះជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។ ក្រោយពេលបោះឆ្នោតព្យួរតំណែងរបស់លោកយូនស៊ុកយូល គាត់ក៏ឡើងធ្វើជាប្រធានាធិបតីស្ដីទី។ លោកយូនស៊ុកយូលនៅតែជាប្រធានាធិបតីដដែល ប៉ុន្តែជាប្រធានាធិបតីដែលគ្មានអំណាចអ្វីទាំងអស់បន្ទាប់ពីលោកផ្ទេរភារកិច្ច និងតួនាទីទាំងអស់ទៅលោកនាយករដ្ឋមន្ត្រីតាំងពីដំបូងដៃ។
គណបក្សប្រជាធិបតេយ្យចោទប្រកាន់ថាលោកហានដុកស៊ូចូលដៃជាមួយលោកយូនស៊ុកយូលក្នុងការប្រកាសច្បាប់អាជ្ញាសឹក។ ដូច្នេះពួកគេក៏រាយការណ៍ទៅសមត្ថកិច្ច។ ពួកគេព្រមានដាក់ញត្តិស្នើសុំដកតំណែងរបស់លោកហានថែមទៀតបើលោកមិនព្រមចុះហត្ថលេខាលើក្រឹត្យស្ដីពីការស៊ើបអង្កេតឱ្យបានឆាប់ទេ។ យ៉ាងយូរត្រឹមថ្ងៃអង្គារត្រូវតែធ្វើរឿងនេះឱ្យបាន។
ប្រធានគណបក្សប្រជាធិបតេយ្យចាត់ទុកថាការដែលហានដុកស៊ូចេះតែពន្យារពេលម្ដងជាពីរដងបែបនេះនេះមានន័យថាគាត់ចង់ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ និងមានន័យថាគាតកំពុងចូលរួមនៅក្នុងអំពើបះបោរក្បត់ជាតិជាមួយលោកយូនស៊ុកយូលដោយប្រយោល។ តាមពិត លោកហានដុកស៊ូមិនមែនទើបតែធ្វើការថ្មីៗនេះទេ។ លោកបានគ្រប់គ្រងកិច្ចការផ្ទៃក្នុងជាតិរយៈពេល៣០ឆ្នាំមកហើយ។ គ្រាន់តែថាលោកជាអ្នកបច្ចេកទេស និងមិនមែនជាអ្នកដាក់ចេញកម្មវិធីនយោបាយទេ។
លោកហានអះអាងថាលោកមិនមែនស៊ុមគ្រលុំនៅក្នុងការប្រកាសច្បាប់អាជ្ញាសឹកទេ។ កាលនោះ លោកខិតខំចាត់វិធានការទប់ស្កាត់ទង្វើនោះដែរ ប៉ុន្តែទៅមិនរួច។ គាត់ជានាយករដ្ឋមន្ត្រីធ្វើអ្វីមិនឈ្នះគេទេ។ គេជាប្រធានាធិបតីផង និងជាអគ្គបញ្ជាការកងទ័ពផង។ ដូច្នេះ នៅទីបញ្ចប់ លោកមានតែសូមអភ័យទោសចំពោះកំហុសឆ្គងដែលមិនអាចទប់ស្កាត់បញ្ហានេះបាន។
ចំណុចមួយទៀតដែលគណបក្សប្រជាធិបតេយ្យចង់រករឿងដកតំណែងលោកហានដុកស៊ូម្នាក់ទៀតនោះគឺពួកគេចោទប្រកាន់ថាលោកមិនព្រមទទួលយកឯកសាររបស់តុលាការ។ គណៈកម្មការស៊ើបអង្កេតបានកោះហៅលោកយូនស៊ុកយូលជាលើកទី២ដើម្បីចូលឆ្លើយបំភ្លឺនៅថ្ងៃទី២៥ ខែធ្នូខាងមុខនេះ។ ប៉ុន្តែគេមិនទាន់ដឹងថាតើលោកនឹងចូលបង្ហាញខ្លួនដែរឬទេ។
ប្រធានគណៈកម្មការស៊ើបអង្កេត លោកអ៊ូចុងស៊ូ (Woo Jong-soo) ថ្លែងប្រាប់សភាថាសមត្ថកិច្ចព្យាយាមចូលទៅក្នុងវិមានប្រធានាធិបតីរបស់លោកយូនស៊ុកយូលចំនួនពីរដងរួចមកហើយ។ ប៉ុន្តែភ្នាក់ងារសន្តិសុខនៅទីនោះរារាំងពួកគេមិនឱ្យចូល។ លោកអ៊ូថ្លែងថាក្រុមការងាររបស់លោកបានស្នើសុំឱ្យរក្សាទុកភស្តុតាងទាំងអស់។ សូម្បីតែប្រព័ន្ធសឺវើទូរស័ព្ទក៏ត្រូវតែរក្សាទុកផងដែរ៕
ចែករំលែកព័តមាននេះ