ក្រោយពេលដែលកម្ពុជាពង្រឹងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយប្រទេសទៅជាអធិរាជស្វាយចន្ទីដំណាំនេះទៅមុខហើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គឺយើងនៅពឹងដង្ហើមវៀតណាមខ្លាំង ។ ដូច្នេះប្រសិនបើអាចយើងគួរពង្រឹងឯករាជ្យភាពខ្លួនលើបញ្ហាកែច្នៃមុនការនាំចេញ ។
តាំងពីគោលនយោបាយនេះត្រូវបានផ្តួចផ្តើមឡើងផុលផុសខ្លាំង នៅក្នុងចុងអាណត្តិនៃរដ្ឋាភិបាលមុន ដំណាំស្វាយចន្ទីបានស្ទុះឡើងខ្លាំងមែនទែន ហើយផ្ទៃដីដាំដុះស្វាយចន្ទីរបស់កម្ពុជានៅពេលនេះ កើនឡើងលើសពី៥៨ ម៉ឺនហិកតា ។
តាមរយៈផែនទីដែលកំណត់ចេញមកនេះគេរំពឹងថា ដំណាំស្វាយចន្ទីបានកំពុងក្លាយជាដំណាំយុទ្ធសាស្ត្រដ៏ចម្បង ។ ប៉ុន្តែដំណាំនេះនៅទាមទារការយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេស គឺការស្វះស្វែងរកអ្នកវិនិយោគទៅលើផលិតកម្មកែច្នៃ ដើម្បីឲ្យយើងក្លាយទៅជាអធិរាជនៃការនាំចេញគ្រាប់ស្វាយចន្ទីដ៏ពិតប្រាកដហើយមិនខ្ចីដង្ហើមគេដក ។ នៅក្នុងករណីគេក្រឡុក ឬទីផ្សារគេមានបញ្ហា តែមិនស្រួលកសិករយើងនាំគ្នាកាប់ដើមចន្ទីចោលព្រាតទៀតមិនខាន ។
ក្រោមគោលនយោបាយនេះ វៀតណាមដែលជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោក ក៏បានទទួលស្គាល់នូវលទ្ធផលនៃការប្រកួតប្រជែងរបស់កម្ពុជាផងដែរ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយ កម្ពុជាហាក់នៅទន់ខ្សោយខ្លាំងលើផលិតកម្មកែច្នៃ ។
យោងតាមស្ថិតិពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៤ បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា គឺមានបរិមាណដល់ទៅ៨៤ម៉ឺនតោន កើនឡើង២៦ភាគរយឯណោះ ។ ប៉ុន្តែ ប្រសិនបើយើងក្រឡេកមើលការនាំចេញទៅវៀតណាមវិញ គឺដល់ទៅ៧៩ម៉ឺនតោននៅក្នុងតម្លៃសរុបជាង ១,១ពាន់លានដុល្លារ ។ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមនេះកើនឡើងដល់ទៅ៣១ភាគរយ ។
ផ្អែកតាមស្ថិតិនេះ យើងឃើញយ៉ាងច្បាស់ថា ភាគរយនៃការកែច្នៃហើយនាំចេញផលិតផលគ្រាប់ស្វាយចន្ទីសម្រេចចេញក្រៅប្រទេស គឺនៅមានកម្រិតមែនទែន ខណៈដែលទីផ្សារគ្រាប់ស្វាយចន្ទីយើងមាននៅប្រទេសជាច្រើនដែរ ជាពិសេស គឺជប៉ុនតែម្តង ។ ចំណុចនេះ វៀតណាមក៏ដឹងហើយក៏កំពុងតែស្វះស្វែងរកប្រភពផ្គត់ផ្គង់បន្ថែមក្រៅពីកម្ពុជា ខណៈដែល សមត្ថភាពនៃការប្រកួតប្រជែងរបស់កម្ពុជាកើនឡើង ។
តាមការចុះផ្សាយរបស់កាសែត Vietnam News បានឲ្យដឹងថា នៅក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ នេះ វៀតណាមអាចនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃសរុបជិត៦៧ម៉ឺនតោននៅក្នុងតម្លៃជិត៤ពាន់លានដុល្លារឯណោះ ។ ប៉ុន្តែដើម្បីបំពេញទីផ្សារនេះឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាតត្រូវការនាំចូលគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនសម្រាប់កែច្នៃផលិតផលនាំចេញ ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់វៀតណាមបានរក្សាជំហរឈានមុខគេក្នុងពិភពលោកដោយមានតម្លៃជាមធ្យមប្រហែលពី៣ទៅ៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ប៉ុន្តែឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាម នៅតែប្រឈមមុខជាមួយនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយប្រទេស និងតំបន់ផ្សេងទៀតដូចជា ប្រទេសកម្ពុជា និងប្រទេសអាហ្វ្រិកមួយចំនួន ។
ប្រភពដដែលបានបន្តថា ឧស្សាហកម្មស្វាយចន្ទីវៀតណាមត្រូវចំណាយប្រាក់ជាង៣ពាន់លានដុល្លារក្នុងការនាំចូលគ្រាប់ស្វាយចន្ទីឆៅសម្រាប់កែច្នៃផលិតផលសម្រាប់ការនាំចេញក្នុងរយៈពេល១១ខែនេះ ដើម្បីសម្រេចការនាំចេញឲ្យបានតម្លៃជិត៤ពាន់លានដុល្លារ ។ផ្អែកតាមទឡ្ហីករណ៍នេះ នៅក្នុងករណីដែលកម្ពុជាយើងអាចធ្វើការស្វែងរកដៃគូ ឬអ្នកវិនិយោគមកបំពេញ ការកៃច្នៃលើផលិតផលគ្រាប់ស្វាយចន្ទីយើងបន្ថែមទៀតនោះយើងអាចនឹងចំណេញលើការនាំចេញមួយភាគបន្ថែម ហើយក៏អាចនឹងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋយើងមានការងារធ្វើ ហើយចរន្តសេដ្ឋកិច្ចតាំងពីដឹកជញ្ជូន និងសេវាកម្មផ្សេងៗកើនឡើងមួយចំណែកដែរ ។
បើសិនជាកម្ពុជាកាន់តែទាញប្រយោជន៍ពីគ្រាប់ស្វាយចន្ទីតាមរយ:ការបង្កើនការដាំដុះ ការនាំចេញ ការកែច្នៃ ពេលនោះកសិករដាំស្វាយចន្ទីកាន់តែមានចំណូលច្រើន ហើយស្វាយចន្ទីនឹងក្លាយជាផលិតផលកសិកម្មកាន់តែសំខាន់សម្រាប់ចូលរួមកំណើនសេដ្ឋកិច្ចរបស់ជាតិ ៕
ចែករំលែកព័តមាននេះ