ទីក្រុងហាណូយ៖ ថ្មីៗនេះ វៀតណាមបើកសម្ពោធដាក់ឱ្យប្រើប្រាស់រថភ្លើងក្រោមដីជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្រោមជំនួយឧបត្ថម្ភពីប្រទេសជប៉ុន។
ប្រជាជនវៀតណាមនៅទីក្រុងហូជីមិញសម្រុកចូលទៅអង្គុយនៅក្នុងទូរថភ្លើងដើម្បីចូលរួមពិធីដាក់ឱ្យប្រើប្រាស់រថភ្លើងក្រោមដីដែលមានតម្លៃ១៧០០លានដុល្លារមួយខ្សែនេះ។
ផ្លូវក្រោមដីនេះមានចម្ងាយជិតម្ភៃគីឡូម៉ែត្រ និងមានចំណុចចាប់ផ្ដើមចេញពីចំណុចកណ្ដាលនៃទីក្រុងហូជីមិញ។ មុននឹងឈានដល់ការសម្រេចបានសមិទ្ធផលនេះ វៀតណាមត្រូវរង់ចាំរយៈពេល១៧ឆ្នាំ និងត្រូវពន្យារពេលសាងសង់ជាច្រើនដង។ គម្រោងនេះចាប់ផ្ដើមសិក្សាគម្រោងដំបូងកាលពីឆ្នាំ២០០៧។
កាលនោះ ជប៉ុនប៉ាន់ស្មានថាចំណាយ៦៦៨លានដុល្លារ។ ក្រោយមក នៅពេលដំណើរការសាងសង់ចាប់ផ្ដើមនៅឆ្នាំ២០១២ អាជ្ញាធរវៀតណាមរំពឹងថាគម្រោងនេះនឹងសាងសង់រួចរាល់នៅក្នុងរយៈពេល៥ឆ្នាំ។
ប៉ុន្តែដោយសារការពន្យារពេលជាច្រើនដងធ្វើឱ្យយានជំនិះរបស់អ្នកដំណើរនៅទីក្រុងហូជីមិញកើនឡើងទ្វេមួយជាពីរ។ ដូច្នេះធ្វើឱ្យកកស្ទះចរាចរណ៍នៅទីក្រុងដែលមានប្រជាជន៩លាននាក់មួយនេះ។
អាជ្ញាធរសង្ឃឹមថារថភ្លើងក្រោមដីនេះនឹងជួយបានច្រើនណាស់ដូចជា៖ កាត់បន្ថយការកកស្ទះចរាចរណ៍, ពន្លឿនការធ្វើដំណើររបស់ប្រជាជន និងកាត់បន្ថយការបំពុលបរិស្ថាន។ ជប៉ុនផ្ដល់ជំនួយសម្រាប់គម្រោងនេះតាមរយៈអង្គការចៃកា (JICA) និងក្រុមហ៊ុនឯកជនរបស់ជប៉ុន។
មន្ត្រីរដ្ឋាភិបាលវៀតណាម្នាក់ប្រាប់ថាផ្លូវរថភ្លើងមួយខ្សែនេះជានិមិត្តរូបនៃកិច្ចសហការរវាងប្រទេសទាំងពីរ និងជាការបង្ហាញពីការចែករំលែកបច្ចេកវិទ្យា និងគំរូក្នុងការគ្រប់គ្រងតាមរបៀបជប៉ុនចែកជូនទៅវៀតណាម៕
ចែករំលែកព័តមាននេះ