ទីក្រុងម៉ូស្គូ៖ បន្ទាប់ពីលោកអាល់អាសាតអស់អំណាចមិនទាន់បានប៉ុន្មានសប្ដាហ៍ផង ភរិយារបស់លោកបានដាក់ពាក្យសូមលែងលះគ្នា និងចង់វិលត្រឡប់ទៅអង់គ្លេសដែលជាស្រុកកំណើតរបស់លោកស្រី។ នេះបើតាមប្រភពពីសារព័ត៌មានឥណ្ឌាអឹនឌីធីវី (NDTV) និងអ៊ីស្រាអែល។ ព័ត៌មាននោះចុះផ្សាយថាលោកស្រីអាស់ស្មា (Asma al-Assad) ធ្លាប់រស់នៅក្នុងវិមានដ៏ធំស្កឹមស្កៃកណ្ដាលទីក្រុងដាម៉ាស់។ ដល់ពេលរស់នៅប្រទេសរុស្ស៊ីជាលក្ខណៈនិរទេសខ្លួនដូច្នេះ លោកស្រីមិនចេះរស់នៅទេ។
ប្រភពខ្លះអះអាងថាភរិយារបស់លោកអាសាតបានដាក់ពាក្យទៅតុលាការរុស្ស៊ីរួចហើយដើម្បីស្នើសុំសិទ្ធិចាកចេញពីរុស្ស៊ី។ ឥឡូវនេះ អាជ្ញាធររុស្ស៊ីកំពុងពិនិត្យមើលពាក្យស្នើសុំនោះហើយ។ លោកស្រីអាស់ស្មាមានឪពុកម្ដាយជាជនជាតិស៊ីរី និងចាប់កំណើតនៅទីក្រុងឡុង ចក្រភពអង់គ្លេសកាលពីឆ្នាំ១៩៧៥។ លោកស្រីមានសញ្ជាតិអង់គ្លេស និងស៊ីរីផង។ លោកស្រីរៀនមុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ និងអក្សរសាស្ត្របារាំងនៅសាកលវិទ្យាល័យឃីងខឡិច (King’s College) នៃទីក្រុងឡុង។
ក្រោយមក លោកស្រីវិនិយោគនៅក្នុងវិស័យធនាគារ។ អ្នកទាំងពីររៀបការជាមួយគ្នាកាលពីខែធ្នូ ឆ្នាំ២០០០ និងមានកូនបីនាក់។ ព័ត៌មានខ្លះផ្សាយថាចាប់តាំងពីមានចលនាបះបោរប្រឆាំងនឹងរបបដឹកនាំរបស់លោកអាល់អាសាតនៅប្រទេសស៊ីរីកាលពីជាងដប់ឆ្នាំមុន លោកស្រីចង់ស្នើសុំសិទ្ធិជ្រកកោននៅអង់គ្លេសជាមួយកូនៗ។ តាមមើលទៅ, លោកអាសាតទៅរុស្ស៊ីលើកនេះប្រហែលជាមិនរស់នៅស្រួលប៉ុន្មានទេ។
សព្វថ្ងៃនេះ លោកមានឋានៈជាជនភៀសខ្លួន។ ដូច្នេះ លោកមិនអាចមានសិទ្ធិសេរីភាពពេញលេញដូចប្រជាជនធម្មតានោះទេ។ លោកត្រូវអាជ្ញាដាក់ដាក់លក្ខខណ្ឌជាច្រើន។ លោកមិនអាចចាកចេញពីទីក្រុងម៉ូស្គូ និងមិនអាចធ្វើសកម្មភាពនយោបាយជាដាច់ខាត។ មិនតែប៉ុណ្ណោះ ទ្រព្យសម្បត្តិរបស់គាត់ត្រូវអាជ្ញាធររុស្ស៊ីផ្អឹបទុក។ ក្នុងនោះមានមាស២៧០គីឡូក្រាម, សាច់ប្រាក់សុទ្ធ២ពាន់លានដុល្លារ រួមទាំងដី និងផ្ទះវីឡា១៨កន្លែងនៅទីក្រុងម៉ូស្គូ។
កាលនៅមានអំណាច លោកអាសាតគ្រប់គ្រងប្រទេសជាលក្ខណៈកម្មសិទ្ធិផ្ដាច់មុខរបស់គ្រួសារគាត់។ មានន័យថាដូចអតីតប្រធានាធិបតីនៅស្រីលង្កាដែរ។ និយាយទៅនៅក្នុងក្រសួងសំខាន់ៗសុទ្ធតែសាច់ញាតិ និងបងប្អូនរបស់លោកអាសាតទាំងអស់។ ប្អូនប្រុសរបស់គាត់កាន់តំណែងជាមេបញ្ជាការឆ្មាំសាធារណរដ្ឋ និងកងវរសេនាធំពិសេសលេខបួន។ ប្អូនប្រុសរូបនេះជាអ្នកបញ្ជាកងទ័ពប្រៀបបាននឹងសេនាដៃស្ដាំរបស់លោកអាសាត និងជាអ្នកចងសម្ព័ន្ធភាពយោធាជាមួយប្រទេសអ៊ីរ៉ង់។
លោកស្រីប៊ូស្រា (Bushra) ដែលត្រូវជាបងស្រីរបស់លោកអាល់អាសាតជាលេខាផ្ទាល់របស់គាត់។ បងស្រីរូបនេះមានស្វាមីជាឧត្ដមសេនីយ៍យោធា ហើយក៏ជាមន្ត្រីកំពូលនៅក្នុងជួរកងទ័ពផងដែរ។ ប្រភពខ្លះថាលោកស្រីប៊ូស្រា និងលោកស្រីអាស់ស្មា (ភរិយាលោកអាសាត) ក្នុងនាមជាបងថ្លៃ និងប្អូនថ្លៃក៏មានទំនាស់នឹងគ្នាយ៉ាងស្រួចស្រាល់ផងដែរព្រោះបងស្រីរូបនេះជិនឆ្អន់នឹងគោរមងាររបស់ប្អូនថ្លៃខ្លួនឯងជាជំទាវទីមួយ។
ដោយឡែកលោករ៉ាមី ម៉ាគ្លូស (Rami Makhlouf) ដែលត្រូវជាប្អូនជីដូនមួយរបស់លោកអាសាតជាអ្នកចាត់ចែងអាណាចក្រជំនួញនៅទូទាំងប្រទេសស៊ីរី។ មុខរបររកស៊ីតូច-ធំចេះតែដាក់ឈ្មោះអ្នកផ្សេងឱ្យឈរឈ្មោះជំនួស។ ប៉ុន្តែប្រាក់ចំណេញពិតប្រាកដធ្លាក់ចូលទៅក្នុងដៃរបស់គាត់ ហើយគាត់យកលុយនេះទៅពង្រឹងអំណាចរបស់លោកអាសាត និងបក្សពួករបស់គាត់។ គាត់ច្រើនកាន់កាប់មុខជំនួញដែលត្រូវប៉ាន់ដូចជា៖ វិស័យទូរគមនាគមន៍, វិស័យលក់ទំនិញ និងថាមពល (សាំង, អគ្គិសនី, ហ្គាស…)។
ជាកិច្ចឆ្លើយតបទៅនឹងដំណឹងលែងលះគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំងសូមបញ្ជាក់ថាគ្មានរឿងនេះកើតឡើងទេ។ ក្រឹមឡាំងថាគ្រួសាររបស់លោកអាល់អាសាតមិនមែនរស់នៅវេទនាដល់ថ្នាក់រហេមរហាមរកអ្វីស៊ីគ្មាននោះទេ។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលថាតើការចុះផ្សាយដំណឹងនៅលើសារព័ត៌មានមជ្ឈិមបូព៌ានោះជាការពិតទេ? លោកប៉េស្កូស (Peskov) ថ្លែងថានោះមិនមែនជាការពិតទាល់តែសោះ។ រុស្ស៊ីមិនបានបង្ខាំងគ្រួសារលោកអាសាតនៅមួយកន្លែង មិនឱ្យចេញទៅណា ហើយក៏មិនបានបង្កកទ្រព្យសម្បត្តិរបស់គាត់នោះដែរ៕
ចែករំលែកព័តមាននេះ