ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូហ៊​ន អ្នក​សារព័ត៌មាន​អន​ឡាញ​​ ចូលបំភ្លឺក្នុងតុលាការជុំវិញករណីបរិហារកេរ្តិ៍រឿងសង់បង្គន់

1 ខែ មុន
  • កំពង់ចាម

ខេត្ត​កំពង់​ចាម​​ ៖ នៅ​លើ​ដងផ្លូវ​មុខ​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ២០២៤ គេ​បានឃើញ​មានការ​ដាក់​ពង្រាយ​កម្លាំង​នគរបាល និង​អាវុធហត្ថ​ជា​ច្រើន​នាក់ តាំងពី​ពេល​ព្រឹក រហូត​ដល់​ពេល​ល្ងាច ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់…

ខេត្ត​កំពង់​ចាម​​ ៖ នៅ​លើ​ដងផ្លូវ​មុខ​សាលាដំបូង​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ២០២៤ គេ​បានឃើញ​មានការ​ដាក់​ពង្រាយ​កម្លាំង​នគរបាល និង​អាវុធហត្ថ​ជា​ច្រើន​នាក់ តាំងពី​ពេល​ព្រឹក រហូត​ដល់​ពេល​ល្ងាច ដើម្បី​ពង្រឹង​សន្តិសុខ​និង​សណ្ដាប់ធ្នាប់ ខណៈ​អ្នក​សារព័ត៌មាន​អន​ឡាញ​រាប់​សិប​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​មុខ​តុលាការ គ្រា​ដែល​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះហៅ​លោក ផាត់ ហ៊​ន ហៅ​ពូ​ហ៊​ន ជា​អ្នក​​សារព័ត៌មាន​អន​ឡាញឱ្យ​ចូលខ្លួនបំភ្លឺ​ជុំវិញ​ករណី​​ផ្សាយ​ព័ត៌មាន​ពី​រោង​ដាក់​រថយន្ត និង​បង្គន់ ដែល​ជា​រឿង​ក្តី​មួយ​ផ្ទុះ​មុន​នេះ​នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ។

លោក ផាត់ ហ៊​ន អ្នក​សារព័ត៌មាន​អន​ឡាញ​​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​អន​ឡាញ​ជា​ច្រើន​នាក់​នៅ​ខាងក្រៅ​បរិវេណ​សាលា​ដំបូង​ខេត្តកំពង់ចាម នា​រសៀល​ថ្ងៃ​ទី​១៩​ធ្នូ ដោយ​លើក​ឡើង​ថា រូប​លោក​បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​វេលា​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​រសៀល ។ ពេល​រូប​លោក​ចូល​ទៅ​ដល់​បន្ទប់​ការិយាល័យ ដែល​គេ​បម្រើ​ការងារនោះ គឺ​មិន​មានការ​បំភិតបំភ័យ​ណាមួយ​នោះ​ទេ ។ ជាមួយ​នោះ​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នេះ​បាន​ធ្វើការ​ពន្យល់​ដល់​លោក (ផាត់ ហ៊​ន) ពី​សំណុំរឿង​នោះ​ថា​ជា​ទំនាស់​ដីធ្លី​ពុំ​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ។

លោក ផាត់ ហ៊​ន បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រូប​លោក​បាន​ទទួលកំហុស​ចំពោះ​ព័ត៌មាន ដែល​បាន​ផ្សាយ​កន្លង​មក​ថា​ ព័ត៌មាន​ដែល​ទទួល​បាន​ពី​ភាគី​ទាំង​សងខាង​ជា​រឿង​មិន​ពិត ។

លោក ផាត់ ហ៊​ន បាន​ទទួលស្គាល់​ថា បាន​ផ្សាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ដល់​ស្ថាប័ន​សាលាដំបូង​ខេត្ត​ដោយ​ចោទ​ថា «​តុលាការ​ការពារ​បង្គន់​…» គឺជា​ព័ត៌មាន​មិន​ពិត ព្រោះថា​តុលាការ​មិន​​បាន​ការពារ​សកម្មភាព​បែប​នេះ​ទេ ហើយ​តុលាការ ក៏​មិន​អនុញ្ញាត​ឲ្យ​សាងសង់​បង្គន់​ផង​ដែរ ។ ភារ​កិច្ច​និង​តួនាទី​គឺ​ស្ថិត​នៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ឯណោះ ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ការ​សាងសង់​បង្គន់ ។
លោក​ថា ចំពោះ​ស្ថាប័ន​​សាលា​ដំបូងខេត្ត មិន​​​ទាន់​ត្រូវ​បាន​បញ្ចប់រឿង​របស់​លោក​នៅ​​ឡើយ​ទេ ដោយ​ខ្លាច​រូប​លោក​ឈាន​ជើង​ចេញ​​​​មក​​ក្រៅ​ហើយ​ផ្សាយ​នាំ​ឲ្យ​ប៉ះពាល់​បន្ថែម​​ទៀត។

បញ្ហា​បង្គន់​នោះ​គឺ​បុគ្គល​ឈ្មោះ ធី គឺជា​អ្នក​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ថា​តុលាការ​កាត់​ក្តី​ឱ្យឈ្មោះ ធី នេះ​ឈ្នះ​គឺជា​រឿង​មិន​ពិត​ទាល់​តែ​សោះ ។ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​ទៅ​ថ្ងៃក្រោយ មុន​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ដូច​ជា​រឿង​នេះ រូប​លោក​ត្រូវ​តែ​ធ្វើការ​សាកសួរ​មក​អ្នកនាំពាក្យ​នៅ​សាលាដំបូង​ខេត្ត​ជា​មុន​សិន រូប​លោក​គឺ​ផ្សាយ​ដោយ​ឯកតោភាគី ហើយ​រឿង​នេះ​ពុំ​ទាន់​រួច​ទេ​ គឺ​ឱ្យ​លោក​កែតម្រូវ​ព័ត៌មានដែល​បាន​ផ្សព្វផ្សាយ​កន្លង​ទៅ ។

លោក ហ៊​ន លើក​ឡើង​ថា រូប​លោក​មិន​មានការ​ភ័យ​ខ្លាច​នោះ​ទេ កំហុស​ថ្ងៃនេះ​គឺជា​មេរៀន​របស់​លោក​ជា​អ្នក​ប្រព្រឹត្ត​ខុស​ចំពោះ​ការ​ផ្សាយ ។ ហើយ​ការ​ផ្សាយ​លើក​ក្រោយ​រូប​លោក​ប្ដេជ្ញា​ចិត្ត​និង​ស្រាវជ្រាវ​រក​ប្រភព​ឲ្យ​បាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ចៀសវាង​កុំ​ឲ្យ​មាន​កំហុស​បន្ត​ទៀត​ ។​ លោក​ថា​សាលាដំបូង​ខេត្ត​គឺជា​អ្នក​រង​គ្រោះ​ដែរ​ ព្រោះ​បុគ្គល​ឈ្មោះ ​ធី ធ្លាប់​បាន​អះអាង​ថា​តុលាការ​កាត់ក្តី​ឲ្យ​រូប​លោក​ឈ្នះ តែ​តាម​ការ​ពិត​គឺ​តុលាការ​មិន​បាន​កាត់​ឱ្យ​ភាគី​ខាង​ណាមួយ​ជា​អ្នក​ឈ្នះក្តី​នោះ​ទេ ។
លោក​សំណូមពរ​ដល់​ស្ថាប័ន​សាលាដំបូង​ខេត្ត សូម​មេត្តា​លើកលែងទោស​កំហុស​នៃ​ការ​ផ្សាយ​របស់​លោក ហើយ​អ្នក​ព័ត៌មាន​បើ​ដឹង​ប្រភព​ដែល​ទទួល​បាន​ហើយ​នោះ​មានការ​ពាក់ព័ន្ធ​និង​ស្ថាប័ន​តុលាការ​ត្រូវ​តែ​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​អ្នកនាំពាក្យ​របស់​តុលាការ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដូច​ជា​រូប​លោក ។

ខណៈ​ពេល​លោក ហ៊​ន ដើរ​ចេញពី​ក្នុង​បរិវេណ​សាលាដំបូង​ខេត្ត មក​ដល់​ផ្លូវ​ខាង​មុខ ត្រូវ​បានកូន​ប្រុស​តូច​អាយុ​ក្រោម ១០​ឆ្នាំ​ចេញ​មក​រត់​ឱប​ជើង​លោក ហ៊​ន ឪពុក ដោយ​មាន​ភាព​ត្រេកអរ ។ ចំណែក​កូនប្រុស​របស់​ដើមបណ្ដឹង​ក៏​បាន​ជូន​ដាច់​ផ្កា​ដល់​លោក​ ហ៊​ន ​១​បាច់​ផង​ដែរ ។

លោក ស្រី សុ​ភ័ក្ត្រ អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ចាម​វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា បុគ្គល​ដែល​ធ្វើ​រោង​ដាក់​រថយន្ត​និង​សង់​បង្គន់​ឈ្មោះ លឹម សុធី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០២៤ បាន​ធ្វើ​លិខិត​មួយ​ច្បាប់​គោរព​ជូន​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដោយ​យល់ព្រម​រុះរើ​សំណង់​របស់​ខ្លួន​ក្នុង​ពេល​ខាង​មុខឆាប់​ៗ​នេះ​ និង​ប្រគល់​ដី​ជូន​ដល់​រដ្ឋបាល​ខេត្ត ធ្វើ​ឱ្យ​ដី​នេះ​នឹង​ក្លាយទៅជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ។

ជាមួយ​គ្នា​នោះ​ភាគី​ទាំង​សងខាង បាន​ធ្វើការ​សម្របសម្រួល​ដោយ​ព្រម​ទទួល​ដកថយ​ម្នាក់​មួយ​ជំហាន​ហើយ​បញ្ចប់​បញ្ហា​នឹង​គ្នា​មិន​ឲ្យ​កើត​មាន​ទៀត​នោះ​ទេ គឺ​បាន​ធ្វើការ​សម្របសម្រួល​ដោយ​មិន​មាន​អ្នក​ចាញ់​អ្នក​ឈ្នះ ។

សូម​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០២៥ រដ្ឋបាល​ខេត្ត​គ្រោង​​ពង្រីក​ផ្លូវថ្នល់​ ពី​ជើងភ្នំ​ហាន់ជ័យ មក​ដល់​ផ្សារ​ថ្មគោល ជាយក្រុង​កំពង់ចាម​ហើយ​ ។

ក្រៅ​នីតិវិធី​ពី​​តុលាការ​ ​លោក ផាត់ ហ៊ន ក៏​បាន​​ទទួល​លិខិត​ព្រមាន​របស់​ក្រសួង​ព័ត៌​មាន​ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​ នេ​ត ភក្ត្រា រដ្ឋ​មន្ត្រីក្រសួង​ព័ត៌​មាន ដោយ​​ព្រមាន​​លោក​​ ផាត់ ហ៊​ន ចាង​ហ្វាង​​គេហទំព័រwww.khplus-cambodia.com​ បញ្ឈប់​នៅ​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​និង​មាន​តុល្យភាព​នាំ​ឲ្យ​សាធារណ​មតិ​មានការ​យល់​ច្រឡំ​និង​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ។​​

តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃ​ទី​២០ ធ្នូ ២០២៤ អាជ្ញាធរ​បាន​ចុះ​ទៅ​រុះរើ​រោង​រថយន្ត​នោះ​ហើយ ចេញពី​មុខ​ផ្ទះ​ដើមបណ្តឹង ។ រោង​នេះ​ក៏​ត្រូវ​បាន​យក​ចេញ​រួច​ហើយ​បន្ទប់​បង្គន់​ដែល​បាន​ធ្វើ​ឡើង​ដោយ​សម្អាង​ថា​ដី​របស់​ខ្លួន តែ​បន្ទាប់​ពី​មានការ​ផ្ទុះ​ឡើង​ការ​តវ៉ា​ភាគី​ម្ខាង​ដែល​កំពុង​សាងសង់​ផ្ទះ​វីឡា​មួយ​នៅ​ទល់មុខ​គ្នា​ក៏​បាន​រុះ​ចេញ​វិញ ។ ពេល​នេះ​មិន​ខុស​ពី ក្រោយ​ភ្លៀង មេឃ​ស្រឡះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ