ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​បង្គន់​ជ្រាប​ពេញ​យន្ត​ហោះ​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​អាមេរិក​អ៊ែរ​ឡា​ញ

21 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ មាន​ហេតុ​ការណ៍​ទឹក​លិច​យន្ត​ហោះ​ដែល​កំពុង​ហោះ​ហើរ​នៅ​លើ​អាកាស​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំពោះ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​​អ៊ែរ​ឡាញ (American Airlines) ជើង​ហោះ​ហើរ​ពី​​ទី​ក្រុង​ដាឡាស់ ​នៃ​រដ្ឋ​តិច​សាសន៍​ (Dallas, Texas) សំដៅ​ទៅ​ទី​ក្រុង​មីណេ​ប៉ូលី…

ទី​ក្រុង​ញូយ៉ក៖ មាន​ហេតុ​ការណ៍​ទឹក​លិច​យន្ត​ហោះ​ដែល​កំពុង​ហោះ​ហើរ​នៅ​លើ​អាកាស​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​ចំពោះ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អាមេរិក​​អ៊ែរ​ឡាញ (American Airlines) ជើង​ហោះ​ហើរ​ពី​​ទី​ក្រុង​ដាឡាស់ ​នៃ​រដ្ឋ​តិច​សាសន៍​ (Dallas, Texas) សំដៅ​ទៅ​ទី​ក្រុង​មីណេ​ប៉ូលី ​នៃ​រដ្ឋ​មីណេ​សូតា​ (Minneapolis, Minnesota)​ ប្រទេស​អាមេរិក​។ អ្នក​ដំណើរ​​កំពុង​អង្គុយ​នៅ​លើ​យន្ត​ហោះ​សុខ​ៗ​ស្រាប់​តែ​ទទួល​អារម្មណ៍​ថា​មាន​ទឹក​ចាប់​ផ្ដើម​ជ្រាប​ពេញ​កម្រាល​យន្ត​ហោះ​។​

​ពិនិត្យ​​ចុះ​ឡើង​ទើប​ដឹង​ថា​ទឹក​បាន​បាញ់​ចេញ​ពី​​បង្គន់​​​ចូល​ទៅ​​ក្នុង​តួ​យន្ត​ហោះ​។ អ្នក​ដំណើ​រ​ម្នាក់​ថត​បាន​ទិដ្ឋ​ភាព​នៅ​ពេល​នោះ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​ទីក​តុក​។ នៅ​ក្នុង​វីឌីអូ​នោះ គេ​ឃើញ​​អ្នក​ដំណើរ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ជ្រួល​ច្របល់​ពេញ​យន្ត​ហោះ​ព្រោះ​ពុំ​ដែល​ជួប​ប្រទះ​ករណី​នេះ​ពី​មុន​មក​ទេ​។ វីឌីអូ​ឃ្លីប​នោះ​ដាក់​បទ​ចម្រៀង​​ម៉ាយ​ហាត់​វីល​ហ្គោ​អន​ (My Hear Will Go On) របស់​អ្នក​ចម្រៀង​សេ​លីន​ ដាយ​អន (Celine Dion)​​ ​ដែល​ដាក់​បញ្ចូល​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ថាយ​ថានិច (Titanic)។​

​​បង្ហោះ​បាន​​តែ១​សន្ទុះ​ប៉ុណ្ណោះ វីឌីអូ​ឃ្លីប​នេះទទួល​បាន​ការ​ចូល​មើល​រហូត​ដល់​ជាង​៧​លាន​ដង​។ ប្រិយ​​មិត្ត​ទីកតុក​ខ្លះ​បញ្ចេញមតិ​របស់​ខ្លួន​ថា «​ឱ្យ​តែ​ម៉ាក​ៗ​ហ្នឹង,​ ពួក​គេ​លែង​ហ៊ាន​ជិះ​យន្ត​ហោះ​ហើយ​»។ អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា​ «​យើង​សាក​ស្រមៃ​ទៅ​មើល! បើ​ទឹក​លិច​ម្លឹង​ៗ​ហេង​ស៊យអ្នក​ដំណើរ​ត្រូវ​លង់​ទឹក​ស្លាប់​នៅ​ក្នុង​យន្ត​ហោះ​ជា​មិន​ខាន​ឡើយ​»​។​ អ្នក​ខ្លះ​ទៀត​បញ្ចេញ​មតិថា​ «​បើ​បាន​លង់​ទឹក​នៅ​លើ​អាកាស​ក៏​អស្ចារ្យ​ម្យ៉ាង​ដែរ​»​។​

​ប្រិយ​មិត្ត​ទីក​តុក​ខ្លះ​បញ្ចេញ​មតិ​ថា​ «​សូម​សើច​មួយ​ទៅចុះ បើ​លង់​ទឹក​នៅ​លើ​​អាកាស​​កម្ពស់​៩​គីឡូ​ម៉ែត្រ​ និង​ល្បឿន​៨០០​គី​ឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ក៏​ល្អ​មើល​ម៉្យាង​ដែរ​។ ស្ដាប់​មើល​ទៅ​, នេះ​ជា​រឿង​ស្លាប់​-​រស់​ថ្មី​មួយ​ទៀត​សម្រាប់​ពួក​យើង​ហើយ​​»​។ អ្នក​ខ្លះ​ទៀត​បញ្ចេញ​មតិ​ថា​បើ​ទឹក​បង្គន់​ហូរ​ចេញ​មក​លើ​កម្រាល​យន្ត​ហោះ​បែប​នេះ ពួក​គេ​​ប្រហែល​ជា​ត្រូវ​ពាក់​ស្បែក​ជើង​ឃ្លប់​បិទ​ជើង​ជិត​ហើយ​ទើ​បបាន​។​

នៅ​លើ​យន្ត​ហោះ​នោះ គេ​ឃើញ​ថា​ទឹក​បង្គន់​នៅ​តែ​ហូរ​វូៗ​ចេញ​មក​​ខាង​ក្រៅ​ឥត​ឈប់​។ អ្នក​ដំណើរ​ម្នាក់​ៗ​​អង្គុយ​នៅ​លើ​យន្ត​ហោះ​នោះ​គ្មាន​អារម្មណ៍​ស្រណុក​ខ្លួន​ទេ​។ ពួក​គេ​ខំ​គេច​ឆ្វេង​ គេច​ស្ដាំ​នៅ​ពេល​ទឹក​បង្គន់​បន្ត​ហូរ​ចេញ​មក​ក្រៅ​​។ អ្នក​ដំណើរ​ម្នាក់ប្រាប់​ថា​តាម​ពិត​ មាន​មនុស្ស​ចូល​បត់​ជើង​នៅ​ក្នុង​បង្គន់​នោះ​ ហើយ​ចេញ​មក​វិញ​ប្រាប់​ថា​ទឹក​បង្គន់​ចាប់​ផ្ដើម​ជ្រាប​ចេញ​មក​ខាង​ក្រៅ​​ហើយ​។ ប្រាប់​បាន​តែ​ត្រឹម​ប្រាប់​តែ​ប៉ុណ្ណោះ​ព្រោះ​បុគ្គ​លិក​នៅ​លើ​យន្ត​ហោះ​មិន​អាច​ទប់​ស្កាប់​​ទឹក​នោះ​បាន​ឡើយ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ