រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ Norovirus ដែលកំពុងកើតមានលើពិភពលោក ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅលើពិភពលោក វីរុសណូរ៉ូ-Norovirus ជាមូលហេតុចម្បង នៃការកួត និងរាក និងជំងឺ ដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវ រលាកក្រពះពោះវៀន ។
ក្រសួងថា អង្គការសុខភាពពិភពលោក បានរកឃើញថា ជារៀងរាល់ឆ្នាំ នៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០,០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០,០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាត នៃជំងឺបង្កដោយវីរុសណូរ៉ូ ភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្តុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។ បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញា ជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើនមាន ៖ រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្ដៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុង រយៈពេល១ ទៅ ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបាន ក្នុងអំឡុង២សប្តាហ៍ ឬលើសបន្ទាប់ពីជាសះស្បើយ។ អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដង ក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លង វីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាច មានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស ។
ក្រសួងបានលើកឡើងពីរបៀបចម្លងថា វីរុសណូរ៉ូ រីករាលដាលយ៉ាងងាយ និងរហ័សតាមវិធីផ្សេងៗគ្នាដូចជា ៖
-ការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នក ដែលមានវីរុសណូរ៉ូ ដូចជាការថែទាំអ្នកជំងឺ ការចែករំលែកអាហារ សម្ភារប្រើប្រាស់ និងទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកមានវីរុសណូរ៉ូ
-ពិសាអាហារ ទឹក ឬភេសជ្ជៈ ដែលមានមេរោគវីរុសណូរ៉ូ
-ការប៉ះវត្ថុ ឬផ្ទៃដែលមានមេរោគ ហើយបន្ទាប់មកដាក់ម្រាមដៃ ដែលមិនទាន់លាងសម្អាតនៅក្នុងមាត់
-អ្នកអាចចម្លងវីរុសណូរ៉ូ រយៈពេល ២សប្តាហ៍ ឬច្រើនជាងនេះ បន្ទាប់ពីអ្នកជាសះស្បើយពីជំងឺ ។
ក្រសួងក៏បានបង្ហាញពីរបៀបបង្ការជំងឺនេះថា
-ត្រូវប្រកាន់អនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់
-សម្អាត និងសម្លាប់មេរោគលើផ្ទៃដែលមានមេរោគ
-ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ពិសេសអាហារសមុទ្រ ពីព្រោះមេរោគស្លាប់នៅសីតុណ្ហភាពលើសពី ៦០អង្សាសេ
-ស្នាក់នៅផ្ទះពេលឈឺរយៈពេល ២ថ្ងៃ (៤៨ ម៉ោង) បន្ទាប់ពីបាត់រោគសញ្ញា។
ក្រសួងបានលើកឡើងថា បើមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះលោកអ្នក ៕
ចែករំលែកព័តមាននេះ