ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លើកទឹកចិត្ត​ដល់​អ្នក​ពាក់ព័ន្ធ ចូលរួម​បើក​ទីផ្សារ​ផលិតផល​សាច់​គ្រប់​ប្រភេទ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកទឹកចិត្ត​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​វិស័យ​ឯកជន​គ្រប់​ភាគី​ពាក់ព័ន្ធ និង​អ្នក​វិនិយោគ​ទាំងអស់ ចូលរួម​បើក​ទីផ្សារ​ផលិតផល​សាច់​គ្រប់​ប្រភេទ​…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកទឹកចិត្ត​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​វិស័យ​ឯកជន​គ្រប់​ភាគី​ពាក់ព័ន្ធ និង​អ្នក​វិនិយោគ​ទាំងអស់ ចូលរួម​បើក​ទីផ្សារ​ផលិតផល​សាច់​គ្រប់​ប្រភេទ​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា ​។

នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ បិទ​កិច្ចប្រជុំ​បូក​សរុប​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ​ប្រចាំឆ្នាំ​២០២៤ និង​ទិស​ដៅ​អនុវត្ត​ឆ្នាំ​២០២៥ នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឌិ​ត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​បាន​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បន្ត​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ​នានា អាជ្ញាធរ​ខេត្ត និង​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​ដល់​មូលដ្ឋាន និង​ទទួល​បាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​ឆ្លង​ផុត ​នូវ​ដំណាក់កាល ខ្វះខាត​ការ​ហូប​ចុក រហូត​ដល់​មានការ​ហូប​គ្រប់គ្រាន់​។ យ៉ាងណា​ក៏​ដោយ ដើម្បី​មានបាន គឺជា​ការ​លំបាក​មួយ​កម្រិត​ទៀត ដែល​អគ្គនាយកដ្ឋាន និង​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​គិតគូរ​ពិចារណា​ឱ្យ​បាន​ស៊ីជម្រៅ​ដោយ​ផ្តោត​ទៅ​លើ​ភាព​ចំនេញ​សេដ្ឋកិច្ច តុល្យភាព​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ផែនការ​ផលិតកម្ម​ដល់​ប្រជា​កសិករ​អ្នក​ចិ​ញ្វឹ​ម​សត្វ ជា​ជាង​ការ​បង្កើន​បរិមាណ​ផលិតកម្ម​សត្វ ដែល​នាំ​ឱ្យ​តម្លៃ​ធ្លាក់​ចុះ និង​ខាតបង់​ផលប្រយោជន៍​ទាំងអស់​គ្នា ​។

ទន្ទឹម​នឹង​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា ការងារ​សុខភាព​សាធារណៈ​ គឺជា​ការងារ​ចាំបាច់ ​ដែល​អគ្គនាយកដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​សត្វ​ទូ​ទាំង​ប្រទេស និង​ការ​ផ្តល់​សេវាកម្ម​ថែទាំ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ការងារ​សុខភាព​តែ​មួយ (One Health) ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​ជាមួយ​ក្រសួងសុខាភិបាល និង​ក្រសួងបរិស្ថាន ដែល​ជា​ដៃគូ​ក្នុង​ការ​ផ្តល់​ផលប្រយោជន៍​សុខភាព និង​អនាម័យ​ដល់​ប្រជាពលរដ្ឋ ​។

ពាក់ព័ន្ធ​នឹង​ការងារ​វិនិយោគ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​លើកទឹកចិត្ត​ដល់​អគ្គនាយកដ្ឋាន សហការ​ជាមួយ​វិស័យ​ឯកជន​គ្រប់​ភាគី​ពាក់ព័ន្ធ និង​អ្នក​វិនិយោគ​ទាំងអស់ ចូលរួម​បើក​ទីផ្សារ​ផលិតផល​សាច់​គ្រប់​ប្រភេទ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា ដោយ​គិតគូរ​ពី​ស្តង់ដា​អនាម័យ ភូតគាម​អនាម័យ គុណភាព រសជាតិ ស្រប​តាម​នីតិវិធី​ត្រឹមត្រូវ និង​បច្ចេកទេស​ នៃ​កិច្ចចរចា​ពាណិជ្ជកម្ម ដោយ​ទទួល​បាន​តម្លៃបន្ថែម​ខ្ពស់ និង​ផ្តល់​ផល​ចំនេញ​ដល់​សេដ្ឋកិច្ចជាតិ​ ។

សម្រាប់​ការ​រួមចំណែក​កិច្ចការ​នយោបាយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​អង្គពិធី​ត្រូវ​បង្កើន​ការ​ចូលរួម​ឱ្យ មាន​ភាព​សកម្ម ផ្សព្វផ្សាយ​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួងកសិកម្ម និង​សមិទ្ធផល​នានា ​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ព្រមទាំង​ឆ្លើយ​តប និង​តបតរ​ទៅ​នឹង​ព័ត៌មាន​ក្លែងក្លាយ រឺ​ភាព​មិន​ប្រក្រតី​ណាមួយ​ឱ្យ​ចំ​គោលដៅ និង​ជាក់ស្តែង​ច្បាស់លាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ