រាជធានីភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រ ១គ្រឿង បើកបរក្នុងល្បឿនលឿន ហើយខណៈពេលទៅដល់ត្រង់ចំណុចរង្វង់មូល អត់ព្រមបន្ថយល្បឿនទេ បានបត់ក្រឡឹងរង្វង់មូលឡាកួ ធ្វើឲ្យឃ្លោង រួចក៏ក្រឡាប់ភីង បះជើងដេកស្ដូកលើផ្លូវ ប៉ុន្តែជាសំណាងល្អ មិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះទេ ចំណែកអ្នកបើកបរ រងរបួសស្រាល ហើយក្រោយពេលកើតហេតុ ក៏បានរត់គេចខ្លួនបាត់ស្រមោល ។
ឧប្បត្តិហេតុនោះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅតាមមហាវិថី ស៊ី ជីនពីង ត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសជម្ពូវ័ន ត្រើយខាងត្បូង ស្ថិតនៅក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្ត១គ្រឿងនោះ មានពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3D-8501 ដឹកទូកុងតឺន័រ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
បើតាមសាក្សីម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលគាត់កំពុងអង្គុយលើម៉ូតូ នៅជិតរង្វង់មូលនោះបានឃើញរថយន្តខាងលើ បើកបរធ្វើដំណើរក្នុងល្បឿនលឿន ពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង។ លុះពេលទៅដល់ត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសជម្ពូវ័ន ត្រើយខាងត្បូង អត់ព្រមបន្ថយល្បឿននោះទេ ដោយបានបើកក្រឡឹងរង្វង់មូលទាំងកំពុងលឿន ជាហេតុធ្វើឲ្យឃ្លេងឃ្លោងរួចក៏ក្រឡាប់ទៅខាងស្ដាំដៃទាំងកំរោលតែម្ដង ។
សាក្សីដដែល បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ពេលនោះសំណាងខ្លាំងណាស់ ដែលពុំបានបណ្ដាលឲ្យសង្កត់លើអ្នកដំណើរណាម្នាក់ បង្កឲ្យមានគ្រោះថ្នាក់នោះឡើយ ។ ដោយឡែក អ្នកបើកបររថយន្តខាងលើនេះ ក៏មិនបានរងរបួសធ្ងន់ធ្ងរនោះដែរ បន្ទាប់មកក៏បានលូនចេញពីក្នុងរថយន្ត រត់គេចខ្លួនបាត់ស្រមោល តែម្ដង ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យ និងរាយការណ៍បន្តទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះទៅនាំយករថយន្តនោះ ទៅរក្សាទុកបណ្ដោះអាសន្ន ៕
ចែករំលែកព័តមាននេះ