ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បន្ត​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ​ចំពោះ​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​នៅ​កម្ពុជា នឹង​ចូលរួម​ចំណែក​លើកកម្ពស់​ឧស្សាហកម្ម​ក្នុងស្រុក និងផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក Ratchayut Kasemchaisiri…

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោក Ratchayut Kasemchaisiri ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​វិមាន​សន្តិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិ​បតី ​អំពី​វឌ្ឍនភាព​ នៃ​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ដែល​បច្ចុប្បន្ន​នេះ បណ្តា​ក្រុមហ៊ុន ​ដែល​ជា​សមាជិកសមាគម​ បាន​និង​កំពុង​បោះទុន​វិនិយោគ​ សរុប​ប្រមាណ​ជាង ១.២​ប៊ី​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ​ជាង ២,៧០០​កន្លែង ដែល​ក្នុង​នោះ​មាន​ប្រមាណ​ជាង ១,៩០០​នាក់​ គឺជា​កម្លាំង​ពលកម្ម​ក្នុងស្រុក​។ សមាគម​ មាន​លទ្ធភាព​ផលិត និង​ចែកចាយ​ស៊ីម៉ង់ត៍ ដើម្បី​បំពេញតម្រូវការ​នៅ​ក្នុងស្រុក​ផង និង​សម្រាប់​នាំ​ចេញ ​ទៅ​តាម​បណ្ដា​ប្រទេស​ជិតខាង​មួយ​ចំនួន​ផង ហើយ​ថ្មី​ៗ​នេះ សមាគម​ ក៏​បាន​ក្លាយជា​សមាជិក​សហព័ន្ធ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​អាស៊ាន (AFCM) ផង​ដែរ ​។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​បវរ​ធិ​បតី បាន​សម្ដែង ​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន និង​ជោគជ័យ​របស់​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​កម្ពុជា ដែល​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​បង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ និង​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់ត៍​ ប្រកបដោយ​គុណភាព និង​តម្លៃ​សមរម្យ​ ។
ជាមួយ​គ្នា​នេះ​ សម្ដេច​បវរ​ធិ​បតី ​ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ដាក់​ចេញ ​នូវ​គោលនយោបាយ​ វិធានការ និង​ការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​ដល់​ភាព​ជោគជ័យ​ បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​របស់​បណ្ដា​ក្រុមហ៊ុន ដែល​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ផង​ដែរ ​។

តប​តាម​សំណូមពរ​របស់​សមាគម​ឧស្សាហកម្ម​ស៊ីម៉ង់ត៍​កម្ពុជា​ សម្តេច​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី ​បាន​សម្រេច​បន្ត​ផ្តល់​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដល់​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ង់​ត៍​ក្នុងស្រុក ព្រមទាំង​ប្រគល់​ភារកិច្ច​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល ធ្វើការ​សិក្សា​លើ​វិធានការ​មួយ​ចំនួន​បន្ថែម​ទៀត ដើម្បី​លើក​យោបល់​សុំ​ការ​សម្រេច​ពី​សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក្នុង​គោលដៅ​បង្កើន​ភាព​ប្រកួតប្រជែង និង​ការ​រីក​ចម្រើន ​នៃ​ឧស្សាហកម្ម​ស៊ីម៉ង់ត៍ ក្នុង​ការ​ផលិត​ស៊ី​ម៉​ង់​ត៍​ក្នុងស្រុក​ ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សម​សមរម្យ ដើម្បី​ជួយ​ជា​ប្រយោជន៍​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ​ដែល​ជា​អ្នក​ប្រើ​ប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ