ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​អា​មេ​រិ​ក នឹង​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ឱ្យ​កាន់តែ​ស៊ីជម្រៅ

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​នាយ​ឧត្តមនាវី Samuel J. Paparo មេបញ្ជាការ នៃ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក នៃ​សហរដ្ឋ​អាម៉េរិក ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប លោក​មេបញ្ជាការ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​អា​មេ​រិ​ក​-​កម្ពុជា ។

លោក​មេបញ្ជាការ​បាន​គោរព​ជម្រាប​ជូន​សម្តេច​បវរ​ធិ​បតី​ថា ដំណើរ​ទស្សនកិច្ច​របស់​រូប​លោក និង​គណៈប្រតិភូ​នា​ពេល​នេះ គឺជា​ការ​បន្ត​កិច្ច​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​អា​មេ​រិ​ក ជា​ពិសេស កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ បន្ទាប់​ពី​ទស្សនកិច្ច​របស់​ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​។

ជាមួយ​គ្នា​នោះ លោក​មេបញ្ជាការ​បាន​សម្ដែង នូវ​ការ​ពេញចិត្ត ដែល​នាវា USS Savannah បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វ័​យ​ត​ក្រុងព្រះសីហនុ ដែល​នេះ​ជា​ការ​ចូល​ចត លើក​ទី​១ ក្រោយ​ពី​ការ​ខកខាន​ការ​ចូល​ចត​អស់​រយៈពេល ៨​ឆ្នាំ ។

លើស​ពី​នេះ លោក​មេបញ្ជាការ​បាន​ប្តេ​ជា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​នាយទាហាន​គ្រប់​កម្រិត ការ​ផ្តល់​វគ្គ​សិក្សា និង​ឈាន​ទៅ​ការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​ផង​ដែរ​។ បន្ថែម​ពី​នេះ លោក​មេបញ្ជាការ​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​របស់​កម្ពុជា​លើ​ការ​រុករក​អដ្ឋិធាតុ​កងទ័ព​អា​មេ​រិ​ក ដែល​បាន​បាត់​ខ្លួន ដែល​នេះ​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង នូវ​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា​-​អា​មេ​រិ​ក ព្រមទាំង​បាន​សម្ដែង នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​បញ្ជាការដ្ឋាន​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក នៃ​សហរដ្ឋអាមេរិក ។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ និង​ការ​ចូល​ចត​របស់​នាវា USS Savannah នេះ សម្ដេច​បវរ​ធិ​បតី ជឿជាក់​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ថែម​ទៀត ។

សម្ដេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​បន្ត​សហការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ស្វែង​កិច្ចសហការ​រុករក​អដ្ឋិធាតុ​ទាហាន ដែល​បាន​បាត់​ខ្លួន នៅ​កម្ពុជា ។

សម្ដេច​បវរ​ធិ​បតី និង​លោក​មេបញ្ជាការ ក៏​បាន​ពិភាក្សា​អំពី​លទ្ធភាព នៃ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​សកម្មភាព​មួយ​ចំនួន​រួម​មាន​៖ ការ​បណ្ដុះបណ្ដាល​, កិច្ច​សហប្រតិបត្តិការ​លើ​ការ​រក្សា​សន្ដិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ និង​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​បោសសម្អាត​មីន ជាដើម ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ