ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសវៀតណាមនឹងត្រូវការប្រាក់ជិត១៤ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតបណ្តាញស្ថានីយសាកថ្មរថយន្តអគ្គិសនីនៅទូទាំងប្រទេស សម្រាប់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនពណ៌បៃតងមិនផលប៉ះពាល់បរិស្ថាន។
កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតឱកាសដ៏អស្ចារ្យ សម្រាប់ទីផ្សាររថយន្តអគ្គិសនី គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នបំពុលសូន្យសុទ្ធរបស់ប្រទេសវៀតណាម និងការការពារបរិស្ថាន ហើយក៏នឹងជំរុញសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពិសេសក្នុងការកាត់បន្ថយថ្លៃដើមលើការនាំចូលប្រេង និងបង្កើតការងាររាប់លានដល់ប្រជាជនផងដែរ។
តាមរបាយការណ៍ពីធនាគារពិភពលោក (World Bank) បានឱ្យដឹងថា ដើម្បីឱ្យរថយន្តអគ្គិសនីក្លាយជាចរន្ត ជាពិសេសក្នុងចំណោមអ្នកទិញរថយន្តលើកដំបូង ប្រព័ន្ធស្ថានីយ៍សាកថ្មដើរតួនាទីយ៉ាងសំខាន់។ ហើយគេប៉ាន់ប្រមាណថា វៀតណាមត្រូវការ ២.២ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដើម្បីសាងសង់បណ្តាញស្ថានីយ៍សាកថ្មសាធារណៈ ហើយតួលេខនេះនឹងកើនឡើងដល់ ១៣.៩ពាន់លានដុល្លារ នៅឆ្នាំ ២០៤០ និង ៣២.៦ពាន់លានដុល្លារ នៅឆ្នាំ ២០៥០ ដើម្បីបំពេញតម្រូវការរបស់ប្រជាជនភាគច្រើន។
ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យារថយន្តអគ្គិសនី និងនិន្នាការឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតង តម្រូវការសម្រាប់យានជំនិះអគ្គិសនី ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគតដ៏ខ្លីខាងមុខ ដោយត្រូវបានព្យាករណ៍ថា រថយន្ត អគ្គិសនីច្រើនជាង ២.៨លានគ្រឿងនឹងត្រូវប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០៣៥ និង ៣លានគ្រឿងទៀត នៅក្នុងរយៈពេលចន្លោះ ២០៣៦ ដល់ ២០៥០ ប្រសិនបើការអភិវឌ្ឍន៍បណ្តាញស្ថានីយ៍សាកថ្មត្រូវបានពន្លឿនទាល់ពេល។
ក្រុមហ៊ុនផលិតធំៗដូចជា VinFast ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏សំខាន់បានត្រួសត្រាយផ្លូវក្នុងវិស័យមួយនេះ មិនត្រឹមតែវិនិយោគខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តគំរូសិទ្ធិផ្តាច់មុខ ដែលអាចឱ្យអាជីវកម្ម និងធនធានមនុស្សចូលរួមក្នុងការអភិវឌ្ឍន៍បណ្តាញស្ថានីយសាកថ្ម។ គំរូនេះជួយលើកកម្ពស់មិនត្រឹមតែការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិរន្តរភាពនៃឧស្សាហកម្មរថយន្តអគ្គិសនីនៅវៀតណាមផងដែរ។ គំរូភាពជាដៃគូសាធារណៈ និងឯកជនក៏ត្រូវបានវាយតម្លៃថា គឺជាគន្លឹះសម្រាប់ទាក់ទាញការវិនិយោគ នៅក្នុងស្ថានីយ៍សាកថ្មផងដែរ។ បណ្តាក្រុមហ៊ុនអគ្គិសនី ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងក្រុមហ៊ុនផ្តល់សេវាសាកថ្មឯកទេស ក៏អាចចូលរួមចំណែកក្នុងគម្រោងនេះផងដែរ។
ការសិក្សាអន្តរជាតិបានបង្ហាញថា ការឧបត្ថម្ភធនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ថានីយ៍សាកថ្មមានប្រសិទ្ធភាពជាងការឧបត្ថម្ភធន សម្រាប់ការទិញរថយន្តអគ្គិសនីពី ៥ ទៅ ៦ដង។ នេះបង្ហាញថា ប្រសិនបើរដ្ឋាភិបាលផ្តោតលើការសាងសង់ស្ថានីយ៍សាកថ្ម នោះវៀតណាមអាចពន្លឿនការផ្លាស់ប្តូរទៅជាការប្រើប្រាស់រថយន្តអគ្គិសនី កាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលឥន្ធនៈហ្វូស៊ីល៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ