ប្រធានក្រុមឥណ្ឌូណេស៊ី ក្លាយជាកីឡាករអាស៊ានដំបូងគេរកគ្រាប់បញ្ចូលទីនៅ Serie A
5 ថ្ងៃ មុន
ប្រទេសអ៊ីតាលី ៖ ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កីឡាករ Jay Idzes បានបង្កើតប្រវត្តិសាស្ត្រថ្មីសន្លាំងមិនធ្លាប់មាន គឺជាកីឡាករឥណ្ឌូណេស៊ី ហើយក៏ជាកីឡាករអាស៊ានដំបូងគេ ដែលអាចរកបានគ្រាប់បាល់បញ្ចូលទី…
ប្រទេសអ៊ីតាលី ៖ ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី កីឡាករ Jay Idzes បានបង្កើតប្រវត្តិសាស្ត្រថ្មីសន្លាំងមិនធ្លាប់មាន គឺជាកីឡាករឥណ្ឌូណេស៊ី ហើយក៏ជាកីឡាករអាស៊ានដំបូងគេ ដែលអាចរកបានគ្រាប់បាល់បញ្ចូលទី នៅលីគកំពូលអ៊ីតាលី Serie A។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Seasia goal នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ខ្សែការពារកណ្តាលកូនកាត់ឥណ្ឌូណេស៊ី-ហូឡង់ Jay Idzes បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប Venezia សមាជិកលីគកំពូលអ៊ីតាលី Serie A ខណៈកាលពីយប់ថ្ងៃទី១៤ ខែធ្នូ កន្លងទៅ ប្រធានក្រុមជម្រើសជាតិឥណ្ឌូណេស៊ីវ័យ២៤ឆ្នាំរូបនេះ រកគ្រាប់ដំបូងក្នុងក្របខណ្ឌ Serie A នៅនាទី៨៣ ជំនួបសប្តាហ៍ទី១៦ ដែល Venezia ស្មើគ្នាជាមួយម្ចាស់ផ្ទះ Juventus លទ្ធផល ២-២។ ក្រៅពីជាកីឡាករអាស៊ានដំបូងគេរកគ្រាប់បញ្ចូលទីនៅ Serie A ហើយនោះ Idzes ក៏បានបង្កើតចំណងជើងដ៏សំខាន់មួយទៀត ដោយតែតបាល់បញ្ចូលទីលើសេះបង្កង់ Juventus ដែលជាក្រុមកំពូលមួយរបស់អ៊ីតាលី។
បើទោះបីជាអាចស្មើការប្រកួតជាមួយ Juventus ក៏ពិតមែន ប៉ុន្តែ Venezia នៅតែមិនទាន់អាចរំដោះខ្លួនចេញពីបាតតារាង Serie A នៅឡើយទេ ក្រោយឆ្លងកាត់១៦ប្រកួតកន្លងមក ឈ្នះ២ ស្មើ៤ និងចាញ់១០ប្រកួត។ ចំណែក Juventus នៅលេខ៦ ក្រោយឆ្លងកាត់១៦ប្រកួតកន្លងមក ឈ្នះ៦ និងស្មើ១០ប្រកួត ខណៈ Atalanta កំពុងកាន់កាប់កំពូលតារាងបណ្តោះអាសន្ន ដោយឈ្នះ១២ ស្មើ១ និងចាញ់៣ប្រកួត។
សូមជម្រាបជូនថា ខ្សែការពារ Jay Idzes ក្លាយជាកីឡាករអាជីពដំបូងនៅឆ្នាំ ២០១៨ ជាមួយក្លិប Eindhoven នៅហូឡង់ ហើយបន្តផ្លាស់ទៅចូលរួមជាមួយក្លិបហូឡង់ Go Ahead Eagles នៅឆ្នាំ ២០២០ មុនក្លាយជាសមាជិកក្លិបអ៊ីតាលី Venezia កាលពីឆ្នាំ ២០២៣។ Idzes ដែលបានកើត និងធំធាត់នៅប្រទេសហូឡង់ មានម្តាយដើមកំណើតឥណ្ឌូណេស៊ី បានសម្រេចចិត្តជ្រើសរើសលេងតំណាងប្រទេសឥណ្ឌូណេស៊ី។ ហើយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ រូបគេទទួលបានសញ្ជាតិឥណ្ឌូណេស៊ីជាផ្លូវការ។ ទោះយ៉ាងណាក៏ដោយ Idzes មិនអាចបង្ហាញវត្តមានភា្លមៗ នៅក្នុងពានរង្វាន់ AFC Asian Cup 2023 ឡើយ ដោយសារតែការចុះឈ្មោះក្រុមត្រូវបានបិទ។
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ Jay Idzes ទទួលបានការហៅចូលក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Shin Tae-yong សម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ប្រចាំទ្វីបអាស៊ី។ បច្ចុប្បន្ន Idzes បង្ហាញខ្លួនសរុបបាន៩ប្រកួតសម្រាប់ជម្រើសជាតិ និងរកបាន១គ្រាប់ផងដែរ។ ចាប់ផ្តើមពីការប្រកួតជុំទី៣ នៃវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ Idzes ទទួលបានតំណែងជាប្រធានក្រុម។
ម្យ៉ាងវិញទៀត ឥណ្ឌូណេស៊ីក៏ត្រូវផ្តោតសំខាន់លើការប្រកួតវគ្គជម្រុះជុំទី៣ World Cup ឆ្នាំ ២០២៦ នៅក្នុងពូល C នៅខែមីនា ឆ្នាំក្រោយ។ ដ្បិតពួកគេបានបំបែកកំណត់ត្រាថ្មីរួចហើយ ក្លាយជាក្រុមអាស៊ានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួតវគ្គជម្រុះជុំទី៣ World Cup ក្រោយរកបាន៦ពិន្ទុ ឆ្លងកាត់៦ប្រកួតកន្លងមក។ ដូច្នេះពួកគេបានកំណត់គោលដៅថ្មី សម្រាប់បាល់ទាត់អាស៊ីអាគ្នេយ៍នៅលើឆាកអន្តរជាតិ៕
ចែករំលែកព័តមាននេះ