ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF Cup ៖ កំហុសអ្នកចាំទីម៉ាឡេស៊ី ហុច​៣​ពិន្ទុឱ្យថៃឡើងឈរកំពូលតារាងពូល A

4 ថ្ងៃ មុន

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ យក៣ពិន្ទុពីជំនួបទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ី នៅឯកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ជើងឯកអាស៊ាន…

ប្រទេសថៃ ៖ ក្រុមបាល់ទាត់ជម្រើសជាតិថៃ យក៣ពិន្ទុពីជំនួបទល់នឹងក្រុមភ្ញៀវម៉ាឡេស៊ី នៅឯកីឡដ្ឋានជាតិ Rajamangala ទីក្រុងបាងកក ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A នៃពានរង្វាន់ជើងឯកអាស៊ាន AFF Championship ឆ្នាំ ២០២៤ ក្រោយយកឈ្នះដោយលទ្ធផល ១-០ ក្នុងការប្រកួតដ៏តានតឹង កាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ។

ជំនួបដ៏តានតឹងរវាងក្រុមទាំងពីរមានការប៉ះទង្គិចគ្នាច្រើន រហូតអាជ្ញាកណ្តាលចាយកាតលឿងដល់៧សន្លឹក កីឡាករថៃ៤សន្លឹក និងម៉ាឡេស៊ី៣សន្លឹក។ ជ័យជម្នះម្ចាស់ផ្ទះក្នុងនាមក្រុមការពារតំណែងជើងឯក សម្រេចបានដោយខ្សែប្រយុទ្ធ Patrik Gustavsson នៅនាទី៥៧ ដើមវគ្គទី២ ក្រោយការបង្កើតកំហុសរបស់អ្នកចាំទីម៉ាឡេស៊ី Haziq Nadzli ទាត់បាល់មិនផុតជើងកីឡាករថៃម្នាក់ទៀត នៅតំបន់គ្រោះថ្នាក់របស់ខ្លួន។

តាមរយៈជ័យជម្នះនេះ ថៃឡើងឈរកំពូលតារាងពូល A តាមពីក្រោយដោយសិង្ហបុរីយកឈ្នះទីម័រខាងកើតលទ្ធផល ៣-០ និងមាន៦ពិន្ទុស្មើគ្នា។ ម៉ាឡេស៊ីឈរនៅលេខ៣ មាន៤ពិន្ទុ ខណៈកម្ពុជាឈរលេខ៤ មានត្រឹម១ពិន្ទុជាមួយឱកាសឡើងទៅវគ្គបន្តតិចតួច។ ចំណែកទីម័រខាងកើតហាលអាវត្រឹមនេះ ក្រោយឆ្លងកាត់៣ប្រកួតចាញ់ទាំងអស់ និងនៅសល់១ប្រកួតក្នុងដៃទល់នឹងម្ចាស់កម្ពុជា។

កត់សម្គាល់ក្រោយចប់ការប្រកួតរវាងម្ចាស់ផ្ទះថៃ និងម៉ាឡេស៊ី សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ Main Stand បានឱ្យដឹងថាមានការប៉ះទង្គិចគ្នាបន្តិចបន្តួចរវាងអ្នកគាំទ្រក្រុមទាំងពីរ ដោយកើតឡើងរយៈពេលប្រមាណ៣០នាទី ហើយអ្នកគាំទ្រម៉ាឡេស៊ីម្នាក់ត្រូវបានរាយការណ៍ថា រងរបួសផងដែរ។ ប៉ូលិសបានធ្វើអន្តរាគមន៍ភា្លមៗ បញ្ឈប់ការប៉ះទង្គិចគ្នា ដើម្បីធានាសុវត្ថិភាព ហើយឡានក្រុងត្រូវបានរៀបចំភ្លាមៗផងដែរ ដើម្បីដឹកហ្វូងអ្នកគាំទ្រម៉ាឡេស៊ីចេញពីកីឡដ្ឋាន។

ការបន្ទាប់ក្នុងពូល A ធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ដោយកម្ពុជាបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិល រាជធានីភ្នំពេញ ទទួលក្រុមទីម័រខាងកើត នៅវេលាម៉ោង ០៥:៤៥នាទីល្ងាច។ ចំណែកសិង្ហបុរី ក៏នឹងបើកទ្វារពហុកីឡដ្ឋានជាតិតម្លៃ១.៣១ពាន់លានដុល្លាររបស់ខ្លួន ស្ថិតនៅតំបន់កាឡាំង ដើម្បីស្វាគមន៍ក្រុមថៃ នៅវេលាម៉ោង ០៧:៣០នាទីយប់។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកអាស៊ានពីមុនត្រូវបានហៅថា AFF Championship ឬ AFF Cup បច្ចុប្បន្នជា ASEAN Mitsubishi Electric Cup ផ្អែកលើម្ចាស់ឧបត្ថម្ភ គឺជាការប្រកួតរៀបចំដោយសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) សម្រាប់ក្រុមបុរស។ បង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៦ បច្ចុប្បន្ន ថៃឈ្នះជើងឯកច្រើនជាងគេពោល៧សម័យកាល, សិង្ហបុរី ឈ្នះ៤សម័យកាល, វៀតណាមឈ្នះ២សម័យកាល និងម៉ាឡេស៊ីឈ្នះ១សម័យកាល៕ រូបភាព ៖ Changsuek, Main Stand និង ASEAN United FC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ