ដរាបណាមេរោគអេដស៍នៅតែបន្តឆ្លងការប្រុងប្រយ័ត្ន គឺត្រូវតែបន្ត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ទាំងមូល ទោះបីជាអត្រាឆ្លងបានបង្ហាញពីការធ្លាក់ចុះក៏ដោយ ។ កុំធ្វេសប្រហែលល្អជាង ទោះបីជាជំងឺនេះលែងសូវមានការរើសអើង និងគ្រោះថ្នាក់ខ្លាំងគួរឲ្យខ្លាចដូចកាលពីសម័យទស្សវត្សរ៍នៃឆ្នាំ១៩៩០…
ដរាបណាមេរោគអេដស៍នៅតែបន្តឆ្លងការប្រុងប្រយ័ត្ន គឺត្រូវតែបន្ត ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ទាំងមូល ទោះបីជាអត្រាឆ្លងបានបង្ហាញពីការធ្លាក់ចុះក៏ដោយ ។ កុំធ្វេសប្រហែលល្អជាង ទោះបីជាជំងឺនេះលែងសូវមានការរើសអើង និងគ្រោះថ្នាក់ខ្លាំងគួរឲ្យខ្លាចដូចកាលពីសម័យទស្សវត្សរ៍នៃឆ្នាំ១៩៩០ និង ឆ្នាំ២០០០ ក៏ដោយចុះ ។
ថ្មីៗនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងជំងឺកាមរោគ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ដើម្បីសម្រេចបានគោលដៅព្យាបាលមេរោគអេដស៍ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ខាងមុខតាមគោលដៅកំណត់ដោយអង្គការ UNAIDS ។
មកដល់ពេលនេះ មនុស្សភាគច្រើនដឹងថា ជំងឺអេដស៍ឆ្លងដោយសារតែប៉ះពាល់ឈាម ឬក៏ទឹកមូត្រទាំងបុរស និងនារីដែលផ្ទុកមេរោគអេដស៍ នៅពេលដែលស្បែកយើងដាច់រលាត់ ។ មកដល់ពេលនេះ មេរោគនេះវាអាចចម្លងខ្លាំងបំផុត គឺតាមរយៈការរួ.មភេទ ដែលមិនមានសុវត្ថិភាព ពោល គឺរួ.មភេទមិនប្រើប្រាស់ស្រោមអនាម័យ ។ ក្រៅពីនោះវាអាចឆ្លងតាមការបញ្ចូលឈាមដែលមិនបានពិនិត្យច្បាស់លាស់ ការប្រើប្រាស់ម្ជុលរួមគ្នាជាដើម ។ មេរោគនេះពីមុនសាហាវ និងទារុណបំផុត ។ នរណាក៏ខ្លាចរអានឹងព្រឺសម្បុរដែរនៅពេលបានឃើញអ្នកជំងឺ ។
មេរោគនេះមិនសម្លា.ប់មនុស្សដោយផ្ទាល់ទេ ប៉ុន្តែវាបំផ្លាញប្រព័ន្ធប្រឆាំងមេរោគរបស់មនុស្ស ។ ដូច្នេះហើយនៅពេលដែលមនុស្សផ្ទុកមេរោគអេដស៍នេះឆ្លងជំងឺឱកាសនិយមណាមួយវាធ្វើឲ្យស្ថានភាពអ្នកជំងឺឃើញទារុណបំផុតមុននឹងស្លា.ប់ ។ នៅលើពិភពលោកនេះ អង្គការសុខភាពពិភពលោកបានអះអាងថា ជំងឺនេះបានសម្លា.ប់មនុស្សអស់ជាង៤២លាននាក់ ហើយមកដល់ពេលនេះ មានអ្នកផ្ទុកប្រមាណជាជាង៨៨ លាននាក់នៅលើពិភពលោក ។ អ្នកដែលផ្ទុកមេរោគនេះនៅពេលស្ងប់ថ្ងៃ គឺអាចមានសំណាងជាងអ្នកដែលផ្ទុកសម័យមុនពីព្រោះមានថ្នាំពន្យាមានប្រសិទ្ធភាពខ្ពស់ ហើយអាចទប់ស្កាត់ការស្លា.ប់បានយ៉ាងច្រើន ជាពិសេសការរើងអើងក៏មិនសូវខ្លាំងដែរ ។
នៅកម្ពុជានៅពេលនេះមានអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ប្រមាណ៧៦.០០០ នាក់ ក្នុងនោះជាង៦៩.០០០ នាក់បានទទួលថ្នាំពន្យា ។ អត្រាឆ្លងមេរោគអេដស៍ដែលគេបានកត់ត្រា គឺនៅក្នុងកម្រិតត្រឹមតែ១.២០០ នាក់ទេ នៅក្នុងឆ្នាំ២០២៣ ពោល គឺថយចុះ១៤ភាគរយធៀបនឹងឆ្នាំ២០២២ ។ ប៉ុន្តែអ្វីដែលគួរតែប្រុងប្រយ័ត្នផងដែរនោះ គឺអាចមានមនុស្សប្រមាណជា៧០០០នាក់ដែលមិនបានដឹងថា រូបគេផ្ទុកមេរោគនេះហើយមិនទទួលថ្នាំពន្យា ។
នៅក្នុងស្ថានភាពនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍បានឲ្យដឹងថា កម្ពុជាបានកំពុងតែខិតខំយ៉ាងសកម្មនៅក្នុងការទប់ស្កាត់ការឆ្លងការរីករាលដាលនៃជំងឺនេះ ហើយកំពុងតែនៅលើផ្លូវជោគជ័យ ។ តាមការកំណត់របស់អង្គការ UNAIDS លើគោលដៅ ៩៥-៩៥-៩៥ នេះ គឺកម្ពុជាសម្រេចបាន គោលដៅ៨៩-៩៨-៩៨ ដូច្នេះហើយកំពុងតែខិតខំខ្លាំងគឺទប់ស្កាត់ការចម្លងនេះឯង ។ នេះ គឺជាអ្វីដែលកម្ពុជាបានខិតខំធ្វើ ប៉ុន្តែការខិតខំតែរដ្ឋាភិបាល និង ស្ថាប័នពាក់ព័ន្ធ គឺពិតជាពិបាកបើខ្វះការចូលរួមពីសាធារណៈជនទូទៅ ។
ថ្មីៗនេះនៅលើបណ្តាញសង្គមការមានការផ្សព្វផ្សាយថា មេរោគអេដស៍ផ្ទុះឡើងវិញ ដោយសារតែអ្នកទេសចរបរទេសខ្លះបានស្វះស្វែងរកសេវាផ្លូវភេទដែលខ្វះសុវត្ថិភាព ពោល គឺមានន័យថា មិនប្រើប្រាស់ស្រោមអនាម័យ ។ ប៉ុន្តែក្រោយមកក៏មានការចែករំលែកថា វា គឺជាព័ត៌មានមិនពិត ។ ទោះបីជារឿងនេះមិនពិត ឬពិតក៏ដោយ ក៏វា គឺជាចំណុចមួយដែលរំលឹកយើងទាំងអស់គ្នាកុំបំភ្លេចមេរោគនេះ ហើយដាច់ខាតកុំធ្វេសប្រហែស ។ យើងដឹងវិធីដែលមេរោគនេះឆ្លងខ្លាំងបំផុត ។ ដូច្នេះ សូមលើកកម្ពស់ និងរឹតបន្តឹងលើចំណុចនេះ ។
ការបង្ការ និងការពារជំងឺនេះ គឺទាមទារស្នេហ៍ស្មោះត្រង់ប្តីមួយប្រពន្ធមួយ ហើយនៅក្នុងករណីមានដៃគូក្រៅគួរតែប្រើប្រាស់ស្រោមអនាម័យ ។ ការប្រើប្រាស់ស្រោមអនាម័យនេះមិនត្រឹមតែអាចការពារមេរោគអេដស៍ប៉ុណ្ណោះទេ វាអាចការពារជំងឺកាមរោគ ការពារការមានផ្ទៃពោះដែលមិនចង់បាន ។
សរុបទៅ មកដល់ពេលនេះ អេដស៍នៅតែមាននៅលើពិភពលោក ហើយកម្ពុជាក៏នៅតែមាន ។ ដូច្នេះការប្រុងប្រយ័ត្ននៅតែត្រូវការ ទោះបីជាអត្រាឆ្លងធ្លាក់ចុះក៏ពិតមែន ។ ប៉ុន្តែបើយើងប្រហែសអ្នកផ្សេងក៏ប្រហែស នោះការឆ្លងនឹងអាចកម្រើកឡើងវិញ ។ សូមកុំបោះបង់ការប្រុងប្រយ័ត្ននឹងមេរោគនេះ ។ យើងអាចភ្លេចមេរោគអេដស៍ តែមេរោគអេដស៍មិនដែលភ្លេចយើងទេ ៕
ចែករំលែកព័តមាននេះ