ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​ថា​រុស្ស៊ី​បញ្ជូន​កង​ទ័ព​កូរ៉េ​ខាង​ជើង​បន្ថែ​ម​ទៀត​ទៅ​តំបន់​ខឺស

21 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី អះ​អាង​ថា​រដ្ឋាភិបាល​រុស្ស៊ី​ចាប់​ផ្ដើម​ទទួល​យក​កង​ទ័ព​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​ដើម្បី​ដាក់​ពង្រាយ​នៅ​លើ​ទឹក​ដី​​រុស្ស៊ី​ និង​ដើម្បី​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ពូទីន​ដើម្បី​ធ្វើ​យ៉ាង​ណា​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​តំបន់​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​។ គិត​ទៅ រុស្ស៊ី…

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិន​ស្គី អះ​អាង​ថា​រដ្ឋាភិបាល​រុស្ស៊ី​ចាប់​ផ្ដើម​ទទួល​យក​កង​ទ័ព​កូរ៉េ​ខាង​ជើង​បន្ថែម​ទៀត​ដើម្បី​ដាក់​ពង្រាយ​នៅ​លើ​ទឹក​ដី​​រុស្ស៊ី​ និង​ដើម្បី​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ពូទីន​ដើម្បី​ធ្វើ​យ៉ាង​ណា​វាយ​បណ្ដេញ​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​អស់​ពី​តំបន់​ខឺស​មុន​ពេល​លោក​ត្រាំ​ស្បថ​ចូល​កាន់​តំណែង​នា​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៥​។

គិត​ទៅ រុស្ស៊ី និង​កូរ៉េ​ខាង​ជើង​នៅ​មាន​ពេល​ប្រហែល​ជាង​មួយ​ខែ​ទៀត​ដែរ​។​ ​តំបន់​ខឺស​ត្រូវ​កង​ទ័ព​អ៊ុយ​ក្រែន​វាយ​ឆ្មក់​ចូល​កាល​ពី​ខែ​សីហា​ និង​ចូ​ល​កាន់​កាប់​​​ទឹក​ដី​នៅ​ទី​នោះ​ជា​ច្រើន​គីឡូ​ម៉ែត្រ​ការ៉េ​។ ទោះ​បី​រុស្ស៊ី​វាយ​បណ្ដេញ​អ៊ុយ​ក្រែន​​​ឱ្យ​ថយ​ក្រោយ​វិញ ប៉ុន្តែ​មិន​ទាន់​ចាក​ចេញ​ផុត​ពី​ទី​នោះ​នៅ​ឡើយ​ទេ​។ អ៊ុយ​ក្រែន​ធ្វើ​ដូច្នេះ​ដើម្បី​វាយ​ហែក​កម្លាំង​របស់​រុស្ស៊ី​ និង​ដើម្បី​កុំ​ឱ្យ​រុស្ស៊ី​វាយ​ប្រហារ​ខ្លាំង​ពេក​ទៅ​លើ​អ៊ុយ​ក្រែន​ខាង​កើត​។

មុន​ដំបូង អ៊ុយ​ក្រែន​រំពឹង​ថា​រុស្ស៊ី​អាច​នឹង​ដក​កម្លាំង​១​ផ្នែក​ចេញ​ពី​ភាគ​ខាង​កើត​ដើម្បី​ទៅ​ជួយ​រំដោះ​តំបន់​ខឺស​។ ប៉ុន្តែ​ជាក់​ស្ដែង​​​ រុស្ស៊ី​​រក្សា​កម្លាំង​ទ័ព​នៅ​ទី​នោះ​ដដែល​ ហើយ​សុខ​ចិត្ត​ងាក​ទៅ​ពឹង​កម្លាំង​ទ័ព​របស់​កូរ៉េ​ខាង​ជើង​។​ លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​ថ្ងៃ​នេះ ​​លោក​ទទួល​បាន​របាយ​ការណ៍​បឋម​ថា​រុស្ស៊ី​ចាប់​ផ្ដើម​ប្រើ​ប្រាស់​កង​ទ័ព​កូរ៉េ​ខាង​ជើង​ជា​បណ្ដើ​រៗ​​​នៅ​លើ​សមរភូមិ​។

លោក​ថា​កង​ទ័ព​កូរ៉េ​ខាង​ជើង​ដែល​ប្រឡូក​នៅ​ក្នុង​សមរ​ភូមិ​មាន​ចំនួន​ច្រើន​គួរ​សម​។​ រុស្ស៊ី​ដាក់​បញ្ចូល​ពួក​គេ​ទៅ​ក្នុង​កង​ឯក​ភាព​ចម្រុះ​ និង​បញ្ជូន​ពួកគេ​ទៅ​​សមរភូមិ​ខឺស​។ មេ​ដឹក​នាំ​អ៊ុយ​ក្រែន​រូប​នេះ​ចាត់​ទុក​​វត្ត​មាន​របស់​កង​ទ័ព​កូរ៉េ​ខាង​ជើង​ទាំង​នេះ​​​ជា​ការ​ពង្រីក​សង្គ្រាម​នេះ​ឱ្យផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​។ នៅ​សល់​ជាង​២​ខែ​ទៀត​ សង្គ្រាម​នេះ​នឹង​ឈាន​ដល់​គម្រប់​បី​ឆ្នាំ​ហើយ​​។​

លោក​ថ្លែង​បន្ត​ទៀត​ថា​អ៊ុយ​ក្រែន​នឹង​ចាត់​វិធាន​ការ​​តាម​គ្រប់​មធ្យោ​បាយ​ដើម្បី​ការ​ពារ​ខ្លួន​​។​ ដូច្នេះ​មិន​សំខាន់ថា​កង​ទ័ព​រុស្ស៊ី ឬ​កូរ៉េ​ខាង​ជើង​ទេ​ ឱ្យ​តែ​ត្រូវ​គីឡូ​គ្នា​​អ៊ុយ​ក្រែន​ដាក់​ហើយ។​​ មិន​អាច​យោគ​យល់​គ្នា​​នៅ​ក្នុង​បញ្ហា​សង្គ្រាម​​នេះ​ទេ​។​ កាល​ពី​មុន​នេះ អ៊ុយ​ក្រែន និង​កូរ៉េ​ខាង​ត្បូង​​​ប៉ាន់​ស្មាន​​ថាចំនួន​​កង​ទ័ព​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​ប្រទេស​រុស្ស៊ី​មាន​ជាង​មួយ​ម៉ឺន​នាក់​។​

យោង​តាម​លោក​ហ្សេឡិនស្គី លោ​កពូទីន​គ្មាន​បំណង​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​។ លោក​ថា​លោ​កពូទីន​កំពុង​រិះ​រក​មធ្យោបាយ​​ពង្រីក​សង្គ្រាម​ និង​អូស​បន្លាយ​សង្គ្រាម​​ឱ្យ​បន្ត​ឆាប​ឆេះ​កាន់​តែ​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត​។ ការ​ថ្លែង​ដូច្នេះ​​ក៏​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​លោក​ត្រាំ​ទើប​តែ​និយាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដែរ​។ លោ​កត្រាំ​ថា​​ភាគី​អ៊ុយ​ក្រែន​ឱ្យ​សញ្ញា​ថា​ខ្លួន​ចង់​ចូល​អង្គុយ​នៅ​តុ​ចរ​ចា​។ ចំណែក​ខាង​ភាគី​រុស្ស៊ី​នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់​។

ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ លោ​កហ្សេឡិន​ស្គី​សូម​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​សម្ព័ន្ធ​មិត្ត​បស្ចិម​ប្រទេស​សូម​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ការ​ពារ​ខ្លួន​របស់​អ៊ុយ​ក្រែន​។​ លោក​ថា​លោក​គ្រោង​យក​បញ្ហា​នេះ​ទៅ​ជជែក​​គ្នា​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​នៅ​អឺរ៉ុប​នៅ​សប្ដាហ៍​ក្រោយ​។​ នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ លោក​គ្រោង​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​អង់​គ្លេស, បារាំង​, អាល្លឺម៉ង់,​ អ៊ី​តា​លី, ប៉ូឡូញ, អង្គ​ការ​ណាតូ និង​សហ​ភាព​អឺរ៉ុប​នៅ​ទី​ក្រុង​ប៊្រុច​សែល​ ប្រទេស​បែល​ហ្សិក​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ