ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​លើក​លែង​ទោស​ទណ្ឌិ​ត​ជាង​៤​ម៉ឺន​នាក់​នៅ​ពេល​ឆាប់​ៗ​នេះ

19 ម៉ោង មុន

ទី​ក្រុង​ហ្សាកាតា៖ នា​ពេល​ឆាប់​ៗ​​​នេះ ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​ លោក​ប្រាបូ​វ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​នឹង​លើក​លែង​ទោស​​​ទណ្ឌិត​រាប់​ម៉ឺន​នាក់​។ ពួកគេ​ជា​សកម្ម​នយោ​បា​យ​ដែល​ត្រូវ​កាត់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍​ និង​ក្រុម​អ្នក​​តវ៉ា​​​នៅ​ខេត្ត​ប៉ាពួ…

ទី​ក្រុង​ហ្សាកាតា៖ នា​ពេល​ឆាប់​ៗ​​​នេះ ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​ លោក​ប្រាបូ​វ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​នឹង​លើក​លែង​ទោស​​​ទណ្ឌិត​រាប់​ម៉ឺន​នាក់​។ ពួកគេ​ជា​សកម្ម​នយោ​បា​យ​ដែល​ត្រូវ​កាត់​ទោស​ពី​បទ​បរិហារ​កេរ្តិ៍​ និង​ក្រុម​អ្នក​​តវ៉ា​​​នៅ​ខេត្ត​ប៉ាពួ (Papua) ដែល​រិះ​គន់​រដ្ឋា​ភិ​បា​ល​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិ​ធម៌​​។

លោក​ថ្លែង​ថា​ទណ្ឌិត​៤៤០០០​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​ទាំង​ស្រុង ឬ​បន្ធូរ​បន្ថយ​ទោស​ដោយ​យោង​ទៅ​តាម​គោល​ការណ៍​មនុស្ស​ធម៌​ និង​​​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ខ្លាំង​ពេក​នៅ​ក្នុង​ពន្ធ​នា​គារ​។ ចំនួន​ទណ្ឌិត​ដែល​ត្រូវ​បន្ធូរ​បន្ថយ​ ឬ​លើក​លែង​ទោស​លើក​នេះ​ស្មើ​​នឹង​៣០%​នៃ​អ្នក​ជាប់​ឃុំ​សរុប​​ទូទាំង​ប្រទេស។​​

នៅ​ក្នុង​ចំណោម​ទណ្ឌិត​ដែល​ទទួល​បាន​លើក​លែង​ ឬ​បន្ធូរ​បន្ថយ​ទោស​នោះ​ក៏​មាន​អ្នក​ជាប់​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍, ពី​បទ​ប្រើ​ប្រាស់​ភាសា​នាំ​ឱ្យ​មាន​កំហឹង​ និង​​អ្នក​ដែល​និយាយ​បរិហារ​កេរ្តិ៍​លោក​ប្រាបូ​វ៉ូ​​ផ្ទាល់​តែ​ម្ដង​​​។ ទណ្ឌិត​ប្រហែល​១៨​នាក់​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ឬ​សកម្ម​ជន​នយោបាយ​ដែល​ជាប់​ពន្ធ​នា​គារ​ពីបទ​និយាយ​រិះ​គន់​អាជ្ញា​ធរ ឬ​ហែ​បាតុ​កម្ម​តវ៉ា​នៅខេត្ត​ប៉ាពួ​។​

រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិ​ធម៌​ឥណ្ឌូណេស៊ី​ថ្លែង​ថា​នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ផ្សះ​ផ្សា​ចំណង​មិត្ត​ភាព​ជា​មួយ​អ្នក​រស់​នៅ​ខេត្ត​ប៉ា​ពួ​។ លោក​ថ្លែង​ថា​រដ្ឋា​ភិបាល​មាន​បំណង​ល្អ​ដើម្បី​ធ្វើ​ឱ្យ​តំបន់​ប៉ាពួ​មាន​សន្តិ​ភាព​។ នៅ​ឥណ្ឌូណេស៊ី ខេត្ត​ប៉ាពួ​មាន​ចលនា​ផ្ដាច់​ខ្លួន​ដើម្បី​ឯក​រាជ្យ​។ ដូច្នេះ នរណា​និយាយ​អំពី​បញ្ហា​នយោបាយ​ ឬ​ការ​ផ្ដាច់​ខ្លួន​អាច​​ប្រឈម​នឹង​​ទោស​​ធ្ងន់​​។

​ទណ្ឌិត​ដែល​ទទួ​លបាន​ការ​លើក​លែង​ទោស​ទាំង​ស្រុង​​មាន​ដូច​ជា​អ្នក​ប្រើ​គ្រឿង​ញៀន​ដែល​​មិន​មែន​ជា​អ្នក​ជួញ​ដូរ​ដោយ​ផ្ទាល់​​ទេ​ ហើយ​ដែល​ជា​អ្នក​​​​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ប្រចាំ​កាយ​ដូច​ជា​ជំងឺ​អេដស៍​ជា​ដើម​។​ ឥឡូ​វ​នេះ​ រដ្ឋាភិបាល​កំពុង​រៀប​ចំ​បង្ហើយ​នូ​វ​ផែន​ការ​លើក​លែង​ទោស ឬបន្ធូរ​បន្ថយ​ទោស​នោះ​។ បន្ទាប់​មក​នឹង​យក​ផែន​ការ​​ទៅ​ពិភាក្សា​ជា​មួយ​រដ្ឋ​សភា​ជា​បន្ត​ទៀត​។

លោក​ប្រាបូវ៉ូ​ចង់​ទុក​ឱកាស​ឱ្យ​ទណ្ឌិត​​ទាំង​នោះ​អាច​​​​​ស្ដារ​សម្ប​ទា​​ ឬ​អភិ​វឌ្ឍ​ខ្លួន​ឡើង​វិញ។ ជា​ពិសេស មនុស្ស​វ័យ​ក្មេង​​​ដែល​នៅ​មាន​អនាគត​វែង​ឆ្ងាយ​ត​ទៅ​ទៀត​ពួក​គេ​អាច​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​របស់​រដ្ឋា​ភិ​បាល​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​​​ឯក​រាជ្យ​-​ម្ចាស់​ការ​ខាង​ស្បៀង​អាហារ​​។ ឬ​មិន​ដូច្នេះ​ទេ ពួក​គេ​​អាច​ចុះ​ឈ្មោះ​ចូល​ធ្វើ​ទាហាន​តែ​ម្ដង​​ដើម្បី​មាន​ឱកាស​បម្រើ​ជាតិ​មាតុ​ភូមិ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ