រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា និងភារៈធារីស្តីទីនៃស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបាន ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ ការប្តេជ្គានៅក្នុងជំនួបពិភាក្សាការងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតអាមេរិក ប្រចាំកម្ពុជា នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ភាគីទាំងពីរ បានប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការ រួមខ្លួនរបសកម្ពុជាក្នុងការ ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលសហរដ្ឋអាមេរិកថ្មី ដើម្បីពង្រឹងទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងសម្តែងការពេញចិត្តចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានការចូលរួមកម្រិតខ្ពស់ រួមមានដំណើរទស្សនកិច្ចថ្មីៗមក កម្ពុជារបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងលោកស្រី Samantha Power នាយិកា នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Walker បានសាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងយោធានិងយោធា និងការបន្តកិច្ចសន្ទនាគោលនយោបាយការពារជាតិសហរដ្ឋអាមេរិក កម្ពុជា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការកម្ពុជា ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យដែលជាផលប្រយោជន៍ទៅវិញទៅមក ពាណិជ្ជកម្ម និងទេសចរណ៍ ដែលមានវឌ្ឍនភាពយ៉ាងល្អ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពឱ្យមាន សកម្មភាពរួមមួយចំនួន ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាមេរិក នៅ ឆ្នាំក្រោយ។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់អាជ្ញាធរសហរដ្ឋអាមេរិក ក្នុងការបញ្ជូនវត្ថុបុរាណខ្មែរជាង១៥០ ត្រឡប់មកប្រទេសកម្ពុជា និងសង្ឃឹមថា វត្ថុជាច្រើនទៀតនឹងត្រូវបានកំណត់ទីតាំង និងបញ្ជូនត្រឡប់ មកកម្ពុជាវិញ។
លើវិស័យអប់រំ និងការផ្សារភ្ជាប់ប្រជាជន-ប្រជាជន លោកឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកស្រី Walker បានឯកភាពគ្នាលើសារៈសំខាន់នៃការបន្តអាហារូបករណ៍ និងការផ្លាស់ប្តូរ ដែលអាចឱ្យនិស្សិតកម្ពុជាជាង ១,០០០ នាក់ បានទៅសិក្សា និងបណ្តុះបណ្តាល នៅសហរដ្ឋអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នានោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញនូវការបន្តគាំទ្រ និងកិច្ចសហ ប្រតិបត្តិការពេញលេញរបស់កម្ពុជាសម្រាប់របេសកកម្មមនុស្សធម៌រួមគ្នាក្នុងការរុករកអដ្ឋិធាតុទាហាន អាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាម។
លើការដោះមីន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះ ជំនួយចំនួន១២លានដុល្លារ ដែលផ្តល់តាមរយៈទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០២៤ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងដោះមីនរបស់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ការបន្តកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យនេះ នឹងពន្លឿនការសម្រេចគោលដៅរបស់កម្ពុជាជាប្រទេស គ្មានមីន។ កិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់កម្ពុជា ក្នុងនាមជាប្រទេស សម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក (២០២៤-២០២៧) ដើម្បីបង្កើន កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ