រាជធានីភ្នំពេញ ៖ ជនសង្ស័យ ចំនួន៤នាក់ ក្នុងនោះមានម្នាក់ ពាក់ព័ន្ធប៉ុនប៉ងឃា.តកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) នៅក្នុងដង្កោ និង៣នាក់ទៀត ប្រើកាំបិតប៉័ងតោ កា.ប់ប្លន់យកម៉ូតូ ត្រូវបានស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ធ្វើសន្និសិទកាសែត បង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ ។
នៅក្នុងសន្និសិទកាសែតនេះ មានការអញ្ជើញចូលរួមដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ, នគរបាលព្រហ្មទណ្ឌកំរិតស្រាល, នគបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់, នគរបាលខណ្ឌព្រែកព្នៅ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដែលជាម្ចាស់ករណី ។
ជនសង្ស័យដែលបង្ហាញមុខ រួមមាន ៖
១. ឈ្មោះ អ៊ុត ឆេងហ៊ត ភេទប្រុស ឆ្នាំកំណើត១៩៨៨ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាជនដៃដល ប៉ុនប៉ងឃា.តកម្ម ។
២. ឈ្មោះ ធា គ្រី ហៅម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់) ។
៣. ឈ្មោះ ជា កឹង ហៅពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង ភូមិជំរៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ជនដៃដល់)
និង៣. ឈ្មោះ ហាក់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទទួលផលចោរកម្ម) ។ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូ ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងនគបាលអធិការដ្ឋានខណ្ឌដង្កោ និងអធិការដ្ឋាននគបាលខណ្ឌព្រែកព្នៅ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ។
លោកឧត្តមសេនីយ៍ ប៊ុន សត្យា បានហើយដឹងទៀតថា ជនសង្ស័យ ចំនួន ០៤នាក់ ពាក់ព័ន្ធប្រព្រឹត្តិបទល្មើស ចំនួន០២ករណី
ករណីទី១ ៖ ប៉ុនប៉ងឃា.តកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) ប្រព្រឹត្តនៅចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥នាទី ។
ជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត ត្រូវបានកម្លាំងនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យ កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង ។
ពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃា.តកម្មនេះ គឺបណ្ដាមកពីគំនុំ ដែលជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សារដោយលួចលាក់ ជាមួយស្ត្រីម្នាក់ឈ្មោះ ហ៊ុន រចនា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ដែលពេលនោះ ស្ត្រីឈ្មោះ ហ៊ុន រចនា មានប្តី និងមានកូនចំនួន០៤នាក់ កំពុងរស់នៅជាមួយគ្នា។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីតឹកតុក ឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដើរលេងជាមួយឈ្មោះ ហ៊ុន រចនា មកផុសក្នុងគណនីតឹកតុករបស់គាត់ និងយករូបថតនេះ ផ្ញើមកគណនីតឹកតុករបស់ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយឈ្មោះ ហ៊ុន រចនា ទៀតបើមិនចង់ងា.ប់ និងមិនចង់មានរឿង ហើយចាប់ពីពេលនោះ មកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរសព្ទទៅជេរប្រមាថជនសង្ស័យ ដោយពាក្យអសុរស និងឈ្លោះជេរគ្នាទៅវិញទៅមកតាមទូរសព្ទជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះ តែម្តង ។
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មុនពេលកើតហេតុ ជនសង្ស័យគិតឃើញថា ឈ្មោះ ហ៊ុន រចនា តែងតែមកទទួលកូនរបស់គាត់ចេញពីរៀន នៅសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជនរងគ្រោះ នឹងមកជួបជាមួយឈ្មោះ ហ៊ុន រចនា នៅមុខសាលារៀនដែរ ។
ជនសង្ស័យ ក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ PTT ដែលនៅជាប់សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះ និងបានយកពូថៅ ចេញពីក្នុងកាបូបស្ពាយ មកធ្វើសកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយជនសង្ស័យបានកាន់ពូថៅ រត់មកយកម៉ូតូ ដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយបោះពូថៅចោលនៅលើសួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។
លោកឧត្តមសេនីយ៍ ប៊ុន សត្យា បានអោយដឹងទៀតថា ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ.ង្សា (យកកាំបិតប៉័ងតោ កាប់ជនរងគ្រោះដាច់ដាច់រយះកំភួនដៃឆ្វេង រងរបួសដេរ ចំនួន០៧ផ្ទេរ ប្លន់យកម៉ូតូម៉ាកស៊ុយបហ្ស៊ីយគីនិច ពណ៌ទឹកក្រូច សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ព្រះវិហារ 1O-3419 ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ២០១១ ភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ។ បន្ទាប់ពីមានករណីប្លន់ នគរបាលខណ្ឌព្រែកព្នៅ ក៏បានធ្វើការស្រាវជ្រាវ ហើយហ៊ានទៅឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងដករហូតវត្ថុតាងរួមមាន ម៉ូតូធ្វើសកម្មភាព ១គ្រឿង និងកាំបិតប៉័ងតោ ១ដើម ។
លោកឧត្តមសេនីយ៍ បានឲ្យដឹងទៀតថា កន្លងមកបន្ទាប់ពីកើតហេតុនោះ សមត្ថកិច្ចមិនទុកចោលនោះទេ តែងតែធ្វើការស្រាវជ្រាវ ហើយឈានទៅបង្ក្រាបបានជនសង្ស័យបានជាបន្តបន្ទាប់ ដូចជាករណីប៉ុនប៉ងឃា.តកម្មខាងលើនេះ ជាដើម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរយៈពេលជាងមួយខែហើយ ទើបឈានទៅសហការជាមួយនគរបាលខេត្តស្វាយរៀង និងក្រុងបាវិត ឃាត់ខ្លួនបានជនសង្ស័យ ដែលបានគេចទៅសម្ងំលាក់ខ្លួន ៕
ចែករំលែកព័តមាននេះ