ខេត្តកំពង់ចាម ៖ ពិតជាគួរឱ្យអាណិត ដោយបុរសចំណាស់ម្នាក់ឈ្មោះស៊ឺម ផូ អាយុ៦៧ឆ្នាំ រស់នៅភូមិព្រែកលាវ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ដោយប្រកបរបរសំលៀងកាំបិតជិះកង់ចម្ងាយរាប់រយគីឡូម៉ែត្រ ដើម្បីរកថវិកាផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានការខ្វះខាត ។ ជាមួយនោះ បុរសនេះតែងតែយកទីអារាមធ្វើជាផ្ទះ សម្រាប់ស្នាក់អាស្រ័យនៅពេលយប់ទៀតផង ។
នៅក្នុងដៃកំពុងតែឱនសំលៀងកាំបិតបុរសចំណាស់រូបនេះ បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី១០ធ្នូ ឆ្នាំ២០២៤ថា ដោយសារកត្តាជីវភាពគ្រួសារមានការខ្វះខាត ហើយគាត់ថែមទាំងមានកូនបួននាក់ ក្នុងនោះប្រុសពីរ ស្រីពីរ ត្រូវងើបពីងងឹតដោយជិះកង់តាមផ្លូវថ្នល់ស្រុកស្វាយអន្ទរ ឆ្ពោះមកកាន់ក្រុងកំពង់ចាមខេត្តកំពង់ចាម ។ ហើយតែងតែជិះកង់ដើរសំលៀងកាំបិតចេញពីកន្លែងមួយទៅកន្លែងមួយ គឺប្រឹងសន្សំថវិកាសម្រាប់ជួយផ្គត់ផ្គង់ដល់ក្រុមគ្រួសារទាំងលំបាក ។
បុរសចំណាស់រូបនេះបានបន្តថា យប់មិញថ្ងៃទី៩ ធ្នូ គាត់សម្រាកនៅវត្តទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំលុះដល់ព្រឹកថ្ងៃទី១០ធ្នូ បានជិះកង់ឆ្លងស្ពានគីហ្ស៊ុណា ចូលមកក្រុងកំពង់ចាម។ ដោយជិះតាមផ្លូវក្រោមស្ពានក៏ត្រូវបានប្រជាពលរដ្ឋហៅគាត់ឲ្យសំលៀងកាំបិត ក្នុងនោះប្រភេទកាំបិតធំ ២តម្លៃ៥០០០រៀល ដោយសារតែឃើញគាត់លំបាកគេអាណិតក៏ជូនមួយម៉ឺនរៀល ។ ពេលសំលៀងកាំបិតរួច គាត់ត្រូវជិះកង់ទៅកាន់កន្លែងផ្សេងផ្សេងៗទៀត ដោយមានមេក្រូមួយសម្រាប់បំពងសំឡេងដាក់នៅផ្នែកកន្ត្រក់ខាងមុខកង់ ។
បុរសចំណាស់រូបនេះនិយាយបណ្ដើរបានដកដង្ហើមរាងធំបន្តិច ហើយក៏លាន់មាត់ថា «ខ្ញុំដើរសំលៀងកាំបិតអោយគេក្នុងមួយថ្ងៃផាត់លើការពិសារបាយអាចនៅសល់ថវិការក្នុងរង្វង់១០០០០រៀល ទៅ១៥០០០រៀល ជួនពេលខ្លះបានត្រឹមតែសម្រាប់ពិសារបាយប៉ុណ្ណោះក៏មានដែរ» ។រាល់ថ្ងៃប្រឹងសន្សំថវិកាដោយរយៈពេល២សប្តាហ៍ទើបត្រឡប់ទៅលេងផ្ទះម្ដង ដោយប្រឹងជិះកង់តាំងពីព្រឹកទម្រាំដល់ផ្ទះស្ទើរយប់ទៅហើយ ។ ជួនពេលខ្លះទៀត បានប្រហែល៥ទៅ៦ថ្ងៃប្រពន្ធ បានទូរស័ព្ទឱ្យផ្ញើលុយសម្រាប់ដោះស្រាយជីវភាពគ្រួសារ ។ ស្ថិតក្នុងទឹកមុខរាងស្រពោន បុរសចំណាស់នេះបានលើកឡើងថា គាត់មានកូន៤នាក់ ក្នុងនោះប្រុសពីរស្រីពីរ គឺមានប្រពន្ធប្ដីអស់ហើយ។ តែជីវភាពពួកគាត់គឺសុទ្ធតែមានការខ្វះខាត។
ដូច្នេះ រាល់ថ្ងៃគាត់ទោះបីស្ថិតក្នុងវ័យចាស់បែបនេះទៅហើយ ក៏ប្រឹងប្រែងរកថវិកាតាមមុខរបរសុចរិតគឺសំលៀងកាំបិតអោយគេ ។ ពីមុនគាត់មានដីជាងមួយហិកតា សម្រាប់បង្កបង្កើនផលដាំដុះដំណាំស្រូវ តែដោយសារជីវភាពខ្វះខាតបញ្ចាំគេគ្មានថវិការលោះក៏ដីនោះដាច់បានទៅគេ ។
បុរសចំណាស់ឈ្មោះស៊ឹម ផូ បានបញ្ជាក់ថា ពេលខ្លះ ដោយសារតែគាត់វ័យចាស់ប្រឹងជិះកង់ចម្ងាយចូលដល់ខ្ទង់រយគីឡូម៉ែត្រពីព្រៃវែងមកដល់ក្រុងកំពង់ចាម ជួនពេលយប់សម្រាកមិនសូវបានធ្វើទុក្ខរោយកំភួនជើង ។ នៅពេលខាងមុខ បើសិនគាត់ចាស់ជិះកង់មិនកើតមុខរបរនេះនឹងត្រូវផ្អាកដូច្នេះមានតែពឹងលើកូនៗឲ្យចិញ្ចឹមគាត់វិញម្ដង ។ ថ្វីដ្បិតគាត់មានជីវភាពខ្វះខាតមិនលើកដៃសុំទានគេទេ គឺមានតែមុខរបរសំលៀងកាំបិតនេះហើយ ដែលអាចរកលុយបានបន្តិចបន្តួចគ្រាន់ដោះស្រាយជីវភាពគ្រួសារ។
មានពេលខ្លះគាត់ត្រូវសម្រាកនៅវត្តដីដុះក្រុងកំពង់ចាម និងវត្តនគរបាជ័យក្នុងស្រុកកំពង់សៀម លុះពេលព្រឹកជិះកង់ចូលមកក្រុងកំពង់ចាម ដើម្បីសំលៀងកាំបិតអោយគេ ។ ពេលពិសារបាយម្ដងដោយទិញគេនៅផ្សារធំក្រុងកំពង់ចាមមួយពេលអស់៣០០០រៀល ជួនអ្នកលក់អាណិតឲ្យពិសារដោយឥតគិតថ្លៃ។
ចែករំលែកព័តមាននេះ